នៅស្រុកចិន កាលពីសម័យបុរាណ មានពួកអ្នកយាមភូមិដើរវាយឃ្មោះបណ្តើរ ស្រែកប្រកាសបណ្តើរ ម្តងហើយម្តងទៀតថា “អាកាសធាតុរាំងស្ងួត ប្រយ័ត្នភ្លើងទៀន។ អាកាសធាតុរាំងស្ងួត ប្រយ័ត្នភ្លើងទៀន”។ ហេតុអ្វីបានជាគាត់ប្រកាសច្រំដែលៗនៅពេលយប់ដូចនេះ? គឺដើម្បីជួយដាស់តឿន ប្រជាជនឲ្យមានការប្រុងប្រយ័ត្ន កុំឲ្យមានភ្លើងឆេះផ្ទះ ដែលនាំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់។
ការប្រកាសដាស់តឿនម្តងហើយម្តងទៀត អាចធ្វើឲ្យរំខាន តែវាពិតជាមានតម្លៃណាស់។ ជាការពិតណាស់ សាវ័កប៉ុលដឹងថា ការដាស់តឿនច្រំដែលៗ មានសារៈសំខាន់ណាស់ បានជាគាត់ធ្វើការដាស់តឿនជាច្រើនដង ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងកាឡាទី។ ប៉ុន្តែ ការដាស់តឿនរបស់គាត់ មានតម្លៃលើសការដាស់តឿន របស់អ្នកយាមភូមិ នៅក្នុងស្រុកចិនសម័យបុរាណរាប់លានដង។ សាវ័កប៉ុលបានដាស់តឿនពួកគេ កុំឲ្យស្តាប់ ឬជឿនរណាម្នាក់ឡើយ សូម្បីតែពួកទេវតាដែលមកពីស្ថានសួគ៌ក៏ដោយ បើសិនជាពួកគេផ្សាយ “ដំណឹងល្អអ្វីផ្សេង” ដែលខុសពីដំណឹងល្អដែលគាត់ធ្លាប់បានផ្សាយ(១:៨)។ ក្នុងបទគម្ពីរបន្ទាប់ សាវ័កប៉ុលបានដាស់តឿនអំពីបញ្ហានេះ ម្តងហើយម្តងទៀត។ នោះជាការដាស់តឿន ដែលសមនឹងឲ្យគាត់និយាយម្តងហើយម្តងទៀត។ កាលនោះ ពួកជំនុំនៅក្រុងកាឡាទីបានចាប់ផ្តើមជឿថា សេចក្តីជំនឿរបស់ពួកគេ ត្រូវពឹងផ្អែកលើការប្រព្រឹត្តល្អ ជាជាងជឿលើដំណឹងល្អដ៏ពិត ដែលប្រកាសថា ព្រះគ្រីស្ទ ដែលបានធ្វើការប្រោសលោះពួកគេរួចហើយ។
ដំណឹងល្អនៃព្រះយេស៊ូវ ដែលនិយាយ អំពីការសុគត ការបញ្ចុះព្រះសព និងការមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសបាបឲ្យបណ្តាមនុស្សទាំងឡាយ ជារឿងដែលយើងមានអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវ ក្នុងការចែកចាយ។ ពេលយើងផ្សាយដំណឹងល្អ ចូរយើងកុំភ្លេចចែកចាយថា ព្រះយេស៊ូវដែលបានមានព្រះជន្មឡើងវិញ ជាដំណោះស្រាយតែមួយប៉ុណ្ណោះ សម្រាប់បញ្ហានៃអំពើបាប។-Dave Branon