កាលពីខែមិនា ឆ្នាំ២០១១ មានរលកយក្សស៊ូណាមិ បានវាយប្រហារមកលើប្រទេសជប៉ុន ឆក់យក់ជីវិតមនុស្ស ជិត១ម៉ឺន ៦ពាន់នាក់ ពេលដែលវាបំផ្លិចបំផ្លាញក្រុង និងភូមិទាំងឡាយ នៅតាមមាត់សមុទ្រ។ អ្នកស្រីក្រេតធែល អឺលីជ(Gretel Erlich) ដែលជាអ្នកនិពន្ធ និងកវីកំណាព្យបានធ្វើដំណើរមកកាន់ប្រទេសជប៉ុន ដើម្បីមើល និងកត់ត្រាអំពីវិនាសកម្មនោះ។ នាងបានធ្វើសេចក្តីរាយការណ៍ពត៌មាន អំពីអ្វីដែលនាងបានឃើញហើយ តែនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ បានជានាងនិពន្ធកំណាព្យមួយបទ អំពីរឿងនោះ។ ក្នុងការសម្ភាស ក្នុងការផ្សាយពត៌មានរបស់ទូរទស្សន៍ប៉ុស្ទភីប៊ីអេស គាត់បានមានប្រសាសន៍ថា “លោកវីលាម ស្តាហ្វ៊ត(William Stafford) ជាមិត្តចាស់របស់ខ្ញុំ និងជាកវីកំណាព្យ ដែលបានលាចាកលោកហើយ គាត់បានមានប្រសាសន៍ថា កំណាព្យជាភាពបន្ទាន់នៃវិញ្ញាណ”។
យ៉ាងណាមិញ យើងសង្កេតឃើញថា ព្រះគម្ពីរទាំងមូលបានប្រើបទកំណាព្យជាច្រើន ដើម្បីបង្ហាញអំពីអារម្មណ៍ដ៏ជ្រាលជ្រៅ ដែលរាប់ចាប់ពីការសរសើរដំកើងដ៏មានអំណរ រហូតដល់ការបាត់បង់ដ៏ឈឺចាប់។ ពេលស្តេចសូល និងព្រះបុត្រាទ្រង់សុគត ក្នុងសង្រ្គាម ដាវីឌមានសេចក្តីទុក្ខជាពន់ពេក(២សាំយ៉ូអែល ១:១-១២)។ ស្តេចដាវីឌបានបង្ហាញពីជម្រៅនៃវិញ្ញាណរបស់ទ្រង់ ក្នុងបទកំណាព្យ ដែលទ្រង់បានដាក់ចំណងជើងថា “បទចម្រៀងនៃធ្នូសង្រ្គាម” គឺដូចដែលមានសេចក្តីចែងថា “សូល និងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ … ឱះឱពួកខ្លាំងពូកែបានដួលស្លាប់នៅកណ្តាលចំបាំងហើយ យ៉ូណាថានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង … ឱយ៉ូណាថាន បងអើយ ខ្ញុំមានសេចក្តីទុក្ខចំពោះបង ដោយព្រោះបងជាទីពេញចិត្តដល់ខ្ញុំណាស់ ហើយដែលបងស្រឡាញ់ដល់ខ្ញុំ នោះជាទីអស្ចារ្យ ក៏លើសជាងសេចក្តីស្រឡាញ់របស់ស្រីៗផង”(ខ.២៣-២៦)។
ពេលដែលយើងមាន “ភាពបន្ទាន់នៃវិញ្ញាណ” ទោះមានអំណរ ឬកើតទុក្ខក្តី ចូរយើងអធិស្ឋានទូលថ្វាយដល់ព្រះអម្ចាស់ ដ្បិតការអធិស្ឋានប្រៀបបាននឹងកំណាព្យ ថ្វាយដល់ព្រះអម្ចាស់។ យើងប្រហែលនិយាយរដិបរដុប ពេលយើងអធិស្ឋានរៀបរាប់អំពីអារម្មណ៍របស់យើង ថ្វាយព្រះអង្គ ប៉ុន្តែ ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ស្តាប់ឮពាក្យដែលយើងអធិស្ឋាន ហើយជ្រាបថា យើងពិតជាបានបង្ហាញនូវអ្វីដែលមានក្នុងចិត្តយើងមែន។-David McCasland