កោះអន ឡា ហ្គោមេរ៉ាស្ថិតក្នុងចំណោមកោះដែលតូចជាងគេ ក្នុងប្រជុំកោះខាណារី ដែលឈ្មោះនៃប្រជុំកោះនេះ គឺដូចឈ្មោះរបស់សត្វចាប មានសម្លេងយំយ៉ាងពិរោះ។ កោះអន ឡា ហ្គោមេរ៉ាមានជ្រោះជ្រៅ ហើយចោទ បានជាពេលដែលក្មេងៗដែលជាសិស្សសាលា និងភ្ញៀវទេសចរណ៍ទាំងឡាយបានទៅលេងទីនោះ ពួកគេបានរៀនអំពីការទំនាក់ទំនងចម្ងាយឆ្ងាយពីគ្នាដល់ទៅ៣គីឡូម៉ែត្រ ដោយប្រើសម្លេងហួច។ មានអ្នកគង្វាលចៀមម្នាក់ បានប្រើសម្លេងហួច បែបភាសាបុរាណនេះ ដើម្បីហៅហ្វូងចៀមរបស់គាត់។ គាត់មានប្រសាសន៍ថា “ហ្វូងចៀមខ្ញុំដឹងថា នោះជាសម្លេងហួចរបស់ខ្ញុំ ពេលដែលពួកវាស្គាល់សម្លេងខ្ញុំ”។
ព្រះគម្ពីរក៏បានចែង អំពីការប្រើសម្លេងហួចផងដែរ ដែលក្នុងនោះ មានបទគម្ពីរដែលរៀបរាប់ថា ព្រះទ្រង់ជាអ្នកគង្វាលដែលប្រើសម្លេចហួច ដើម្បីហៅចៀមរបស់ទ្រង់។ បទគម្ពីរនេះបានឆ្លុះបញ្ចាំង អំពីពេលមួយ ដែលព្រះទ្រង់នឹងហួច ដើម្បីហៅរាស្រ្តរបស់ទ្រង់ដែលបានខ្ចាត់ខ្ចាយ ហើយកំពុងដើរវង្វេង ឲ្យវិលត្រឡប់មកឯព្រះអង្គវិញ(សាការី ១០:៨)។
ជាច្រើនឆ្នាំក្រោយមក ព្រះយេស៊ូវក៏បានមានបន្ទូលថា “ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:២៧)។ សត្វចៀមមិនចេះភាសានិយាយរបស់មនុស្សទេ ប៉ុន្តែ ពួកវាអាចស្គាល់សម្លេងរបស់អ្នកគង្វាល ដែលដឹកនាំពួកវា។
សម្លេងបន្លំ និងសម្លេងរំខាន ក្នុងលោកិយនេះ នៅតែព្យាយាមធ្វើឲ្យយើងបែកអារម្មណ៍ចេញពីសម្លេងដ៏ពិតរបស់ព្រះ(សាការី ១០:២)។ តែព្រះទ្រង់តែងតែមានវិធីដឹកនាំយើង ដោយមិនបាច់ប្រើព្រះបន្ទូលក៏បាន។ ព្រះអង្គអាចប្រើព្រឹត្តការណ៍ ដែលដាស់តឿន ឬលើកទឹកចិត្តយើង ដើម្បីរំឭកយើងថា ព្រះអង្គនៅតែដឹកនាំ ការពារ និងគង់នៅជាមួយជានិច្ច។-Mart Dehaan