តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Mart DeHaan

ភាពអស្ចារ្យដែលមើលមិនឃើញ

ពេល​ដែល​អ្នក​ស្រី ហ្គ៊ូដរិជ(Goodrich) មាន​វ័យ​កាន់​តែ​ចាស់ គាត់​ក៏​បាន​នឹក​គិត​ដល់​អនុស្សាវរីយ៍ នៃ​ជីវិត​ដែល​មាន​ពេញ​ដោយ​បញ្ហា​ប្រឈម និង​ពេញ​ដោយ​ព្រះ​គុណ។  គាត់​អង្គុយ​នៅ​មាត់​បង្អួច មើល​ទៅ​ទឹក​នៅ​ជ្រោយ​ហ្គ្រែន ទ្រេវើស នៅ​រដ្ឋ​មីឈីហ្គិន ហើយ​ក៏​បាន​ដក​សៀវភៅ​កត់​ត្រា​ចេញ​មក។ គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​កៅ​អី​ដែល​ខ្ញុំ​ចូល​ចិត្ត ​ជើង​ដាក់​នៅ​លើ​ទម្រ ហើយ​ចិត្ត​ខ្ញុំ​នៅ​ក្នុង​អាកាស។ ពន្លឺ​ថ្ងៃ​ចែង​ចាំង​ទឹក​រលក ដែល​នៅ​ខាង​ក្រោម ដោយ​កំពុង​បក់​បោក​ឥត​ឈប់ ទៅ​រក​កន្លែង​ដែល​ខ្ញុំ​មិន​ដឹង។ ប៉ុន្តែ ឱ​ព្រះ​វរបិតា​នៅ​ស្ថាន​ដ៏​ខ្ពស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ប្រទាន​អំណោយ​ដែល​ច្រើន​រាប់​មិន​អស់ និង​សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ។ ហេតុ​អ្វី​ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ ទោះ​ទូល​បង្គំ​មើល​ព្រះ​អង្គ​មិន​ឃើញ​ក៏​ដោយ?”

សាវ័ក​ពេត្រុស​យល់​អំពី​មូល​ហេតុ ដែល​យើង​មាន​ចម្ងល់​ដូច​នេះ។ គាត់​បាន​ឃើញ​ព្រះ​យេស៊ូវ ដោយ​ផ្ទាល់​ភ្នែក តែ​អ្នក​ដែល​បាន​អាន​សំបុត្រ​គាត់ មិន​បាន​ឃើញ​ព្រះ​អង្គ​ទេ។ ហេតុ​នេះ​ហើយ​គាត់​បាន​សរសេរ​ថា “​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន”(១ពេត្រុស ១:៨)។ យើង​ស្រឡាញ់​ព្រះ​យេស៊ូវ មិន​មែន​ដោយសារ​យើង​បាន​ទទួល​បង្គាប់​ឲ្យ​ស្រឡាញ់​នោះ​ទេ តែ​ដោយសារ​ជំនួយ​ពី​ព្រះ​វិញ្ញាណ​(ខ.១១) នោះ​យើង​ចាប់​ផ្តើម​យល់ អំពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង។

ព្រះ​អង្គ​មិន​គ្រាន់​តែ​មាន​បន្ទូល​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​ដូច​យើង​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន​បង្ហាញ​ភាព​អស្ចារ្យ​នៃ​ព្រះ​វត្ត​មាន និង​ព្រះ​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ ដល់​យើង​រាល់​គ្នា ក្នុង​ដំណាក់​កាល​នីមួយ​ៗ​នៃ​ជីវិត​របស់​យើង ដោយ​សម្រេច​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​គ្រីស្ទ ដែល​យើង​អាច​ពិសោធន៍​ផ្ទាល់​ៗ​ខ្លួន​។​—Mart DeHaan

បំផ្លាញផ្ទះនោះចោល

នៅ​ទីក្រុង​ផុតធាក រដ្ឋ​មីឈឺហ្គិន មាន​ក្រុម​ហ៊ុន​វាយ​កំទេច​ផ្ទះ​មួយ បាន​យក​គ្រឿង​ចក្រ​ទៅ​វាយ​កំទេច​ផ្ទះ​មួយ​ខ្នង ​ដោយ​ការ​យល់​ច្រឡំ។ អ្នក​ស្រាវជ្រាវ​ជឿ​ថា ម្ចាស់​ផ្ទះ​ដែល​គេ​គ្រោង​នឹង​វាយ​កំទេច​នោះ បាន​យក​ផ្លាក​លេខ​ផ្ទះ​គាត់ ទៅ​ដំ​ដែក​គោលភ្ជាប់​នឹង​ផ្ទះ​របស់​អ្នក​ជិត​ខាង ដើម្បី​ជៀស​វាង​កុំ​ឲ្យ​គេ​វាយ​បំផ្លាញ​ផ្ទះ​គាត់។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ធ្វើ​ផ្ទុយ​ពី​ម្ចាស់​ផ្ទះ​នោះ។ ព្រះ​អង្គ​បាន​យាង​មក​បំពេញ​បេសក​កម្ម​របស់​ព្រះ​អង្គ ដោយ​អនុញ្ញាត​ឲ្យ​គេ “បំផ្លាញ​ដំណាក់​(​ឬ​ផ្ទះ​)របស់​ព្រះ​អង្គ” ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​អ្នក​ដទៃ។ នៅ​សម័យ​នោះ គេ​ម្នាក់​ៗ បូក​រួម​ទាំង​ពួក​សាវ័ក​ផង មាន​ការ​ភ័ន្ត​ភាំង​ណាស់ ហើយ​ពួក​គេ​ប្រហែលជា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​តប​ទៅ​ពួក​អ្នក​ដឹក​នាំ​សាសនា​ថា “ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ”(យ៉ូហាន ២:១៩)។ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ ក៏​បាន​តប​វិញ​ភ្លាម​ថា “គេ​សង់​ព្រះវិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ?”(ខ.២១)។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជ្រាប​ថា ព្រះ​អង្គ​កំពុង​តែ​មាន​បន្ទូល​សំដៅ​ទៅ​លើ​ព្រះ​វិហារ ដែលជា​ព្រះ​កាយ​ព្រះ​អង្គ(ខ.២១) តែ​ពួក​គេ​មិន​យល់​ទេ។

ពួក​គេ​មិន​ដឹង​ថា ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ទទួល​គ្រប់​ទាំង​អំពើ​បាប​របស់​យើង​រាល់​គ្នា ផ្ទុក​នៅ​លើ​អង្គ​ទ្រង់។ ព្រះ​អង្គ​បានប្រោស​លោះ​យើង​ហើយ។​

ព្រះ​ជា​ម្ចាស់​តែង​តែ​ស្គាល់​ចិត្ត​យើង ច្បាស់​ជាង​យើង​ស្គាល់​ចិត្ត​ខ្លួន​ឯង។ ដូច​នេះ ព្រះ​អង្គ​មិន​បើក​បង្ហាញ​ផែន​ការ​របស់​ព្រះ​អង្គមួយ​រយ​ភាគ​រយ​តែ​ម្តង ដល់​អ្នក​ដែល​បាន​ឃើញ​ការ​អស្ចារ្យ ហើយ​ជឿ​ព្រះ​អង្គ​នោះ​ទេ(ខ.២៣-២៥)។ រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​បន្តិច​ម្តង​ៗ ក្នុង​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ។​-Mart DeHaan

សំណើចក្នុងទុក្ខព្រួយ

ពេល​ដែល​ខ្សែ​ភាព​យន្ត​គំនូរ​ជីវ​ចល រឿង​សត្វ​ក្តាន់​ប៊ែមប៊ី របស់​ផលិត​កម្ម​វល ឌីសនី​បាន​ចាប់​ផ្តើម​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត ឪពុក​ម្តាយ​ទំាង​ឡាយ ក៏​បាន​រំឭក​អនុស្សាវរីយ៍​កាល​នៅ​ក្មេង ជា​មួយ​កូន​ប្រុស​ស្រី​របស់​ខ្លួន។ ក្នុង​ចំណោម​ឪពុក​ម្តាយ​ទាំង​នោះ មាន​ស្រ្តី​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់ ដែល​ស្វាមី​របស់​នាង ជា​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ​ ដែល​មាន​បន្ទប់​ដាក់​តាំង​ក្បាល​សត្វក្តាន់​ដែល​គេ​បរ​បាញ់​បាន។ ខណៈ​ពេល​ដែល​នាង​អង្គុយ​ទស្សនា​រឿង​នោះ ជាមួយ​កូន​តូច​របស់​នាង​ នាង​ក៏​បាន​ពិសោធន៍​នឹងពេល​ដ៏​តាន​នឹង ជា​មួយ​កូន​ៗ​របស់​នាង ពេល​ដែល​ឃើញ​មេ​របស់​សត្វ​ក្តាន់​ប៊ែម​ប៊ី ត្រូវ​ព្រាន​ព្រៃ​បាញ់​សម្លាប់។ ​ពេល​នោះ​កូនប្រុស​ដ៏​តូច​របស់​នាង​បាន​ស្រែក​ឮ​ៗ​ពេញ​រោង​ភាព​យន្ត​ថា “បាញ់​បាន​ល្អ​ណាស់”  ។ រហូត​មក​ដល់​ថ្ងៃ​នេះ ពេល​ណា​មាន​ការ​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ នាង​បាន​និយាយ​រំឭក អំពី​ភាព​អៀន​ខ្មាស់​របស់​នាង ដោយ​សារ​កូន​នាង​ស្រែក​យ៉ាង​ដូច​នេះ នៅក្នុង​រោង​កុន។

ពេល​ខ្លះ យើង​អស់​សំណើច ដោយ​សារ​ពាក្យ​សម្តី​​គួរ​ឲ្យ​ខ្មាស់​អៀន ដែល​កូន​ៗ​របស់​យើង​និយាយ។ ប៉ុន្តែ តើ​យើង​ត្រូវនិយាយ​ថា​ដូច​ម្តេច ពេល​ដែល​ប្រជា​ជន ​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១៣៦ បាន​ធ្វើ​នូវ​រឿង​ដែល​ស្រដៀងក្មេង​ទាំង​នោះ​ដែរ? ប្រជា​ជន​អ៊ីស្រាអែល ​ជា​រាស្រ្ត​ដែល​ព្រះ​ទ្រង់​បាន​រើស និង​សង្រ្គោះ បាន​ត្រេក​អរ​ចំពោះ​សេចក្តី​ស្រឡាញ់ ដ៏​ស្ថិត​ស្ថេរ​ចំពោះ​ស្នារ​ព្រះ​ហស្ត​ទំាំង​អស់ ក៏​ដូច​ជា​សម្រាប់​ពួក​គេ។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​បាន​សរសើរ​ព្រះ សម្រាប់​ការ​សម្លាប់​កូន​ច្បង​របស់​សាសន៍​អេស៊ីព្ទ(ខ.១០ និងមើលនិក្ខមនំ ១២:២៩-៣០ ផងដែរ)។

តើ​ការ​ត្រេក​អរ ចំពោះ​ការ​ស្លាប់​របស់​កូន បង​ប្រុស ឬ​ឪពុក​របស់​អ្នក​ដទៃ ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​ចាំ​បាច់​ត្រូវ​អាន​រឿង​ក្នុង​ព្រះ​គម្ពីរ ឲ្យ​ចប់​ចុង​ចប់​ដើម។ លោកិយ​ពិបាក​យល់​អំពី​រឿង​នេះ ប៉ុន្តែ…

ហេតុអ្វីខ្ញុំជួបទុក្ខលំបាក

សៀវភៅ​កំណត់​ត្រា​ប្លែក​ៗ បាន​លើក​ឡើង​ថា ជា​មធ្យម មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់ បាន​ជួប​គ្រោះ​ថ្នាក់​រន្ទះ​បាញ់។ សៀវភៅ​នេះក៏​បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​២៥០០០​នាក់ មានបញ្ហា​សុខ​ភាព​ម្យ៉ាង ដែល​គេ​ហៅ​ថា “រោគ​សញ្ញា​ខូច​ចិត្ត” ដែល​បណ្តាល​មក​ពី​ភាព​តក់​ស្លត់ ឬ​ការ​បាត់​បង់​ដ៏​លើសលប់​។ ទំព័រ​នីមួយ​ៗ​ក្នុង​សៀវ​ភៅ​នេះ មាន​ការ​កត់​ត្រា​រឿង​ប្លែក​ៗ​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា តើយើង​គួរ​ធ្វើ​ដូច​ម្តេច បើ​សិន​ជា​យើង​កំពុង​តែ​ជួប​បញ្ហា​ណា​មួយ ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នោះ?

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​យ៉ូប ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា ដែល​មនុស្ស​ភាគ​ច្រើន​មិន​អាច​ឆ្លង​កាត់​រួច​។ ព្រះជា​ម្ចាស់​បាន​មាន​បន្ទូល​អំពី​គាត់​ថា “​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោតខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ផង”(យ៉ូប ១:៨)។ ប៉ុន្តែ​ ព្រះអង្គ​បាន​ជ្រើស​រើស​លោក​យ៉ូប ឲ្យ​ទទួល​រង​ការ​បាត់​​បង់​ជា​បន្ត​បន្ទាប់ ដែល​មនុស្ស​ភាគ​ច្រើន​មិន​ដែល​ជួប​ប្រទះ។ លោក​យ៉ូប​មាន​ហេតុ​ផល ដែល​ត្រូវ​សួរ​ថា ហេតុ​អ្វី​គាត់​ត្រូវ​ជួប​ទុក្ខ​លំបាក? ពេល​ដែល​យើង​បាន​អាន​ជំពូក​នីមួយ​ៗ​នៃ​កណ្ឌគម្ពីរ​យ៉ូប យើង​នឹង​បាន​ដឹង​ថា ហេតុ​អ្វី​គាត់​ត្រូវ​ជួប​ទុក្ខ​លំបាក​យ៉ាង​នេះ។​

រឿង​របស់​លោក​យ៉ូប បាន​បង្រៀន​យើង អំពី​របៀប​ឆ្លើយ​តប ចំពោះ​ភាព​អាថ៌​កំបាំង​នៃ​ការ​ឈឺ​ចាប់ និង​ការ​អាក្រក់ ​ដែល​យើង​មិន​អាច​យល់​បាន។ រឿង​នេះ​បាន​ពិពណ៌​នា អំពី​ការ​រង​ទុក្ខ និង​គំរូ​ដ៏​ល្អ​បំផុត​នៃ​សេចក្តី​ល្អ និង​សេចក្តីមេត្តា​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​ពេល​ដែល​មាន​ការ​ភ័ន្ត​ភាំង​(ជំពូក ២៥)។ តាម​រយៈ​ការ​ពិពណ៌នា​នេះ យើង​អាច​យល់អំពី​ច្បាប់​នៃ​ការ​សាប​ព្រោះ និង​ការ​ទទួល​ផល​(៤:៧-៨)។ សេចក្តី​ផ្តើម​នៃ​រឿង​នេះ​និយាយ​អំពី​ភាព​វឹក​វរ ដែលសាតាំង​បាន​បង្ក​(ជំពូក១) ហើយ​ចុង​បញ្ចប់​នៃ​រឿង​នេះ​(៤២:៧-១៧) បាន​កត់​ទុក​នូវ​ព្រះ​បន្ទូល​ព្រះ ដែល​នឹងអនុញ្ញាត​ឲ្យ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​ទទួល​បាប​របស់​យើង…

យឺត ដោយមានហេតុផល

ប៉ុស្ទិ៍​ទូរទស្សន៍​ប៊ីប៊ីសី បាន​ចាក់​ផ្សាយ​កម្ម​វិធី​ឯក​សារ​សត្វ​មួយ ក្រោម​ចំណង​ជើង​ថា​ជីវិត​របស់​ថានិក​សត្វ ដែល​ក្នុងនោះ លោក​ដេវីឌ អាថេនប៉ូរូក(David Attenborough) ដែល​ជា​ពិធីករ បាន​ឡើង​ដើម​ឈើ​មួយ​ដើម ដើម្បី​ទស្សនា​សត្វ​អាញី​មួយ​ប្រភេទ តាម​របៀប​ដែល​គួរ​ឲ្យ​អស់​សំណើច។ គាត់​បាន​នៅ​ចំពោះ​មុខ​សត្វ​នោះ ដែល​ផ្លាស់​ទី​យឺត​ជាង​គេ នៅ​ក្នុង​ពិភព​លោក ហើយ​ជើង​នី​មួយ​ៗ​មាន​ម្រាម​តែ​បី​ប៉ុណ្ណោះ។ ពេល​នោះ គាត់ក៏​ជំរាប​សួរ​វា ដោយ​និយាយ​ថា “ប៊ូ!” ដោយ​សារ​វា​មិន​ឆ្លើយ​តប​អ្វី​សោះ គាត់​ក៏​បាន​ពន្យល់​ថា​ អ្នក​ក៏​នឹង​ផ្លាស់​ទី​យឺត​ៗ​ផង​ដែរ បើ​សិន​ជាអ្នក​ជា​សត្វ​អាញី​ដែល​មាន​ម្រាម​បី ដែល​រស់​នៅ ដោយ​ស៊ី​ស្លឹក​ឈើ​ជា​អាហា​រូប​ត្ថម្ភ ដែល​ពិបាក​រំលាយ និង​មិន​សូវ​មាន​ជីវ​ជាតិ។​

នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ប្រជា​ជន​អ៊ីស្រាអែល លោក​នេហេមា​បាន​រំឭក​យើង អំពី​គំរូ​មួយ​ទៀត និង​បាន​ពន្យល់​អំពីភាព​យឺត​មួយ​បែប​ទៀត​(៩:៩-២១) តែ​វា​មិន​គួរ​ឲ្យ​អស់​សំណើច​នោះ​ឡើយ។ យោង​តាម​លោក​នេហេមា ព្រះ​ជា​ម្ចាស់​ជា​គំរូ​ដ៏​ល្អ​បំផុត នៅ​ក្នុង​ការ​គ្រប់​គ្រង​កំហឹង ដ្បិត​ព្រះ​អង្គ​តែង​តែ​យឺត​នឹង​ខឹង។ លោក​នេហេមា​បាន​រំឭក អំពី​របៀប​ដែល​ព្រះ​ទ្រង់​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ ដោយ​បង្គាប់​ពួក​គេ ឲ្យ​កាន់​តាម​ក្រឹត្យ​វិន័យ​ដែល​នាំ​មក​នូវ​ជីវិត ដោយ​ទ្រ​ទ្រង់​ជីវិត​ពួក​គេ ក្នុង​ដំណើរ​ចេញ​ពី​ទឹក​ដី​អេស៊ីព្ទ ហើយ​ប្រទាន​ទឹក​ដី​សន្យា​ឲ្យ​ពួក​គេ​រស់​នៅ​(ខ.៩-១៥)។ ទោះ​ពួក​អ៊ីស្រាអែល​តែង​តែ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​អង្គ​ក៏​ដោយ​(ខ.១៦) ក៏​ព្រះ​អង្គ​នៅ​តែ​មិន​ឈប់​ស្រឡាញ់​ពួក​គេ។ ត្រង់​ចំណុច​នេះ លោក​នេហេមា​បាន​បក​ស្រាយ​ថា ព្រះ​អាទិករ​របស់​យើង “ទ្រង់​ជា​ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏សន្តោស ហើយ​មេត្តា​ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ” (ខ.១៧)។ តើ​មាន​ហេតុ​ផល​អ្វី​ទៀត ដែល​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អត់​ធ្មត់​យ៉ាង​នេះ ពេល​ដែល​រាស្រ្ត​របស់​ព្រះ​អង្គ​រអ៊ូរទាំ ខ្វះ​ជំនឿ និង​មិន​ទុក​ចិត្ត​ព្រះ​អង្គ​អស់​៤០​ឆ្នាំ? (ខ.២១)។ គឺ​ដោយ​សារ​ព្រះ​ជាម្ចាស់​មាន…

ភ្លើងដែលបរិសុទ្ធ

បន្ទាប់​ពី​មាន​ភាព​រាំង​ស្ងួត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ភ្លើង​ឆេះ​ព្រៃ​បាន​កើត​ឡើង​ នៅ​រដ្ឋ​កាលីហ្វូញ៉ា​ខាង​ត្បូង ហើយបាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​គិត​ថា ព្រះ​បាន​បណ្តាល​ឲ្យ​គ្រោះ​មហន្ត​រាយ​នេះ​កើត​ឡើង។ ទស្សនៈ​ដ៏​រំខាន​នេះ កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ ពេល​ដែល​ប្រភព​ពត៌​មាន​ខ្លះ បាន​ចាប់​ផ្តើម​ហៅ​ភ្លើង​ឆេះ​ព្រៃ​ថា ភ្លើង​បរិសុទ្ធ។ អ្នក​ដែល​មិន​សូវ​ស្គាល់​តំបន់​នោះ មិន​បាន​ដឹង​ទេ​ថា តាម​ពិត​គេ​បាន​ប្រើ​ពាក្យ​នេះ សំដៅ​ទៅ​លើ​តំបន់​មួយ ដែល​មាន​ឈ្មោះ​ថា ជ្រលង​ភ្នំ​ជីម​ដ៏​បរិសុទ្ធ។  ប៉ុន្តែ ជីម​ដ៏​បរិសុទ្ធ ជា​ឈ្មោះ​របស់​នរណា? យោង​តាម​ប្រវត្តិ​សាស្រ្ត​ប្រចាំ​តំបន់​នេះ បាន​ឲ្យ​ដឹង​ថា គាត់​គឺ​ជា​អ្នក​ចិញ្ចឹម​ឃ្មុំនៅ​សតវត្សរ៍​ទី​១៩។ គាត់​មាន​ការ​ទាស់​ប្រឆាំង​នឹង​ជំនឿ​សាសនា​ខ្លាំង​ណាស់ ហើយ​ក៏​ចូល​ចិត្តរអ៊ូរទាំ​ច្រើន​ផង បាន​ជា​អ្នក​ជិត​ខាង​គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “ជីម​ដ៏​បរិសុទ្ធ” ក្នុង​ន័យ​ចម្អក​ឲ្យ​គាត់។

ក្នុង​ព្រះ​គម្ពីរ​លូកា ជំពូក​៣ យើង​ឃើញ​ថា លោក​យ៉ូហាន បាទីស្ទ​បាន​លើក​ឡើង អំពី​ពីធី​បុណ្យ​ជ្រមុជ​ដោយ “ព្រះវិញ្ញាណ​បរិសុទ្ធ និង​ភ្លើង”។ ត្រង់​ចំណុច​នេះ គាត់​ក៏​មាន​មូល​ហេតុ​របស់​គាត់​ផង​ដែរ(លូកា ៣:១៦)។ គាត់​ប្រហែលជា​នឹក​ចាំ អំពី​បទ​ទំនាយ​របស់​ហោរា​ម៉ាឡាគី ដែល​បាន​ចែង អំពី​ព្រះ​មែស៊ី និង​ភ្លើង​ឆេះ​បន្សុទ្ធ(៣:១-៣ ៤:១)។ ប៉ុន្តែ ទាល់​តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​យាង​ចុះ​មក ដូច​ជា​ខ្យល់ និង​ភ្លើង មក​លើ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ហើយ ទើប​បទទំនាយ​របស់​លោក​ម៉ាឡាគី និង​លោក​យ៉ូហាន​បាន​សម្រេច​(កិច្ចការ ២:១-៤)។

ភ្លើង​នៅ​ក្នុង​បទ​ទំនាយ របស់​លោក​យ៉ូហាន មិន​មែន​ជា​អ្វី​ដែល​គេ​បាន​រំពឹង​គិត​នោះ​ទេ។  ភ្លើង​នោះ​ចេញ​មក​ពី​ព្រះ​ជាម្ចាស់ ហើយ​នាំ​ឲ្យ​គេ​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ប្រកាស់ អំពី​ព្រះ​មែស៊ី និង​ភ្លើង​ដ៏​បរិសុទ្ធ។…

យើងជាតួអង្គមួយណា?

អ្នក​និពន្ធ​ឈ្មោះ ហេនរី នូវែន(Henri Nouwen) បាន​រំឭក អំពី​ដំណើរ​កម្សាន្ត​របស់​គាត់ នៅ​សារៈ​មន្ទីរ​មួយ នៅ​ទីក្រុង​សេន ភីធ័រស្បឺក ប្រទេស​រូស្ស៊ី ដែល​នៅ​ទីនោះ គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង ​នៅ​ក្នុង​ការ​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​ផ្ទាំង​គំនូរ​អំពី​កូន​ពៅ​វង្វេង ដែល​លោក​រេមប្រិន(Rembrandt)បាន​គូរ។ ខណៈ​ពេល​ដែល​ថ្ងៃ​កាន់​តែ​ជ្រេ ការ​ផ្លាស់​ប្តូរ​នៃ​ពន្លឺ​ធម្ម​ជាតិ ដែល​ចេញ​ពី​បង្អួច​ដែល​នៅ​ក្បែរ​នោះ បាន​នាំ​ឲ្យ​លោក​នូវែន​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ដោយ​ធ្វើ​ឲ្យ​គាត់​មើលឃើញ​ផ្ទាំង​គំនូរ​កាន់​តែ​ច្រើន ចេញ​ពី​ផ្ទាំង​គំនូរ​តែ​មួយ​នោះ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​នៃ​ពន្លឺ​ថ្ងៃ​នោះ។ ផ្ទាំង​គំនូរ​នីមួយ​ៗ​ហាក់​ដូច​ជា បង្ហាញ​នូវ​អត្ថ​ន័យ​នៃ​សេចក្តី​ស្រឡាញ់​របស់​បុរស​ជា​ឪពុក តាម​របៀប​ផ្សេង​ៗ​ពី​គ្នា គឺ​ក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​កូន​ប្រុស​ដែល​បាន​វង្វេង​ចេញ​នោះ។

លោក​នូវែន​ក៏​បាន​ពិពណ៌នា​ថា នៅ​ម៉ោង​ប្រហែល​៤​រសៀល គាត់​បាន​ឃើញ​រូប​មនុស្ស​បី​នាក់ ហាក់​ដូច​ជា​កំពុង “បោះ​ជំហាន​ទៅ​មុខ” នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ។ ក្នុង​ចំណោម​អ្នក​ទាំង​បី​នោះ ម្នាក់​ជា​កូន​ប្រុស​ច្បង ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​ឪពុក​គាត់ ដែល​ព្រម​ស្វាគមន៍​កូន​ពៅ​វង្វេង​ត្រឡប់​មក​ផ្ទះ​វិញ។ តើ​កូន​ពៅ​នោះ​មិន​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ជា​ច្រើន បណ្តាល​ឲ្យ​ពួក​គេ​មាន​ការ​ឈឺចាប់ និង​ការ​ខ្មាស់​អៀន​យ៉ាង​ខ្លាំង​ទេ​ឬ?(លូកា ១៥:២៨-៣០)។

តួរ​អង្គ​ពីរ​នាក់​ទៀត បាន​ធ្វើ​ឲ្យ​លោក​នូវែន​នឹក​ចាំ អំពី​ពួក​អ្នក​ដឹក​នាំ​សាសនា ដែល​មាន​វត្ត​មាន នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មានបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច អំពី​កូន​ពៅ​វង្វេង​នេះ។ ពួក​គេជា​អ្នក​ដែល​និយាយ​រិះ​គន់​ព្រះ​យេស៊ូវ ដោយសារ​ទ្រង់​រាប់​រក​មនុស្ស​មាន​បាប(ខ.១-២)។

លោក​នូវែន​បាន​មើល​ឃើញ​ខ្លួន​គាត់ នៅ​ក្នុង​តួរ​អង្គ​ទាំង​បី​នោះ គឺ​នៅ​ក្នុង​ជីវិត​របស់​កូន​ពៅ​ដែល​បង្ហិន​បង្ហោច​ និង​នៅ​ក្នុង​បង​ប្រុស និង​អ្នក​ដឹក​នាំ​សាសនា​ដែល​ចូល​ចិត្ត​ថ្កោល​ទោស​គេ ហើយ​នៅ​ក្នុង​តួរ​អង្គ​បុរស​ជា​ឪពុក ដែល​មាន​ចិត្ត​ស្រឡាញ់ និង​មេត្តាចំពោះ​មនុស្ស​គ្រប់​គ្នា។

ចុះ​ចំណែក​យើង​រាល់​គ្នា​វិញ?​ តើ​យើង​អាច​មើល​ឃើញ​ខ្លួន​យើង នៅ​ក្នុង​ផ្ទាំង​គំនូរ​របស់​លោក​រេមប្រិន​ឬ​ទេ? រឿង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យើង…

ដំណឹងល្អបំផុត

មាន​ពេល​មួយ​ខ្ញុំ​ឃើញ​គេ​ផ្សាយពាណិជ្ជ​កម្ម ដោយ​និយាយ​ថា “នេះ​ជា​ស្រោម​ជើង​ដែល​មាន​ផា​សុខភាព​បំផុត នៅ​ក្នុងប្រវត្តិ​សាស្រ្ត​របស់​ជើង”។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ នាំ​ឲ្យ​ខ្ញុំ​មាន​ទឹក​មុខ​ញញឹម។ បន្ទាប់​មក អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​ក៏បាន​អះ​អាង​ថា នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ជើង​របស់​បុរស​ស្រ្តី​ទាំង​ឡាយ ហើយ​ក៏​បាន​បន្ថែម​ទៀត​ថា ដោយសារ​ជន​អនាថា​នៅ​ប្រទេស​ត្រជាក់ ត្រូវ​ការ​ស្រោម​ជើង​ខ្លាំង​ជាង​សម្លៀក​បំពាក់ ដូច្នេះពេល​ដែល​គេ​ជាវ​ស្រោម​ជើង​មួយគូរ ក្រុម​ហ៊ុន​របស់​គាត់​នឹង​បរិច្ចាក​ស្រោម​ជើង​មួយ​គូរ​ដល់​អ្នក​ទាល់​ក្រ។

សូម​យើង​នឹក​ស្រមៃ​អំពី​ស្នាម​ញញឹម​ដែល​កើត​មាន ពេល​ដែល​ព្រះ​យេស៊ូវ​ប្រោស​ជើង​បុរស​ម្នាក់​ឲ្យ​ជា បន្ទាប់​ពី​គាត់​បាន​ពិការ​មិន​អាច​ដើរ​បាន​អស់​រយៈ​ពេល​៣៨​ឆ្នំា​(យ៉ូហាន ៥:២-៨)។ ឥឡូវ​នេះ សូម​យើង​ងាក​មក​ស្រមៃ​អំពី​ទឹក​មុខ​របស់​អ្នក​ដឹក​នាំ​សាសនា នៅ​សម័យ​នោះ ដែល​មិន​មាន​ការ​រំភើប​ចិត្ត ចំពោះ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រោស​ជើង ឬ​ចិត្ត​របស់​មនុស្ស ដែល​ត្រូវ​ការ​ជំនួយ​អស់​ជា​ច្រើន​ឆ្នាំ។ ពួក​គេ​បាន​ចោទ​បុរស​នោះ និង​ព្រះ​យេស៊ូវ​ថា បាន​បំពាន​ច្បាប់សាសនា ដែល​បាន​ហាម​មិន​ឲ្យ​ធ្វើ​ការ នៅ​ថ្ងៃ​ឈប់​សម្រាក​(ខ.៩-១០,១៦-១៧)។ ពួក​គេ​មើល​ឃើញ​តែ​ច្បាប់​សាសនា ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ទត​ឃើញ​មនុស្ស ដែល​ត្រូវ​ការ​សេចក្តី​មេត្តា។

នៅ​ពេល​នោះ បុរស​នោះ​មិន​ទាំង​បាន​ដឹង​ថា នរណា​បាន​ឲ្យ​គាត់​មាន​ជើង​ថ្មី​នោះ​ទេ។ ក្រោយ​មក គាត់​ក៏​អាច​និយាយ​ថា ព្រះ​យេស៊ូវ​បាន​ប្រោស​គាត់​ឲ្យ​ជា​(ខ.១៣-១៥)​។ ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បាន​អនុញ្ញាត​ឲ្យ​គេ​ដំ​ជើង​ទ្រង់​នឹង​ដែកគោល ជាប់​នឹង​ឈើ​ឆ្កាង ដើម្បី​ប្រទាន​ដំណឹង​ដែល​ល្អ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​រូប​កាយ ចិត្ត និង​គំនិត​ដែល​ខ្ទេច​ខ្ទាំ ដល់​យើង​រាល់​គ្នា។ —MART DEHAAN

នាមលើអស់ទាំងនាម

លោក​អាន់តូនីញ៉ូ ស្ត្រាឌីវ៉ារី(Antonio Stradivari​ ឆ្នាំ១៦៤៤ ដល់ ១៧៣៧) មាន​បុគ្គល​ដ៏​ល្បី​ល្បាញ នៅ​ក្នុង​ពិភព​តន្រ្តី។ ឧបករណ៍​តន្រ្តី​របស់​គាត់ ដែល​មាន​វីយូឡុង សេឡូ និងវ៉ាអូឡា ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ដោយ​សារ​ពួក​វា​ជា​ស្នាដៃ​ដ៏​ល្អ​ឯក ដែល​ជាង​បាន​ផលិត ហើយ​បញ្ចេញ​សម្លេង​ច្បាស់​ល្អ ដែល​សក្តិ​សម​នឹង​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​របស់​ពួក​វា។ ឧទាហរណ៍ ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ មាន​វីយូឡុង​មួយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា “Messiah-Salabue Stradivarius”។ ក្រោយ​ពេល​ដែលអ្នក​កូត​វីយូឡុង​ម្នាក់ ឈ្មោះ យ៉ូសែប យ៉ៅជីម(Joseph Joachim ឆ្នាំ១៨៣១ ដល់​១៩០៧) បាន​កូត​វីយូឡុង​នេះ​ហើយ គាត់​ក៏​បាន​សរសេរ​ថា “សម្លេង​វីយូឡុង​នេះ ពិត​ជា​ពិសេស​ណាស់។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​វា ម្តង​ហើយ​ម្តង​ទៀត ដោយ​ការ​រួមផ្សំ​នៃ​ភាព​ផ្អែម​ល្ហែម និង​ភាព​ប្រណិត​របស់​វា”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម្បី​តែ​ឈ្មោះ និង​សម្លេង​នៃ​វីយូឡុង​ដ៏​ល្បីល្បាញ​មួយ​នេះ ក៏​នៅ​តែ​មិន​សក្តិ​សម នឹង​ឲ្យ​យើង​ប្រៀប​ធៀប​វា ជា​មួយ​នឹង​ស្នា​ព្រះហស្ត​របស់​ព្រះ ដែល​អស្ចារ្យ​ជាង​នេះ​ទៀត។ ចាប់​តាំង​ពី​សម័យ​លោក​ម៉ូសេ រហូត​ដល់​សម័យ​ព្រះយេស៊ូវ ព្រះ​លើ​អស់​ទាំង​ព្រះ បាន​បើក​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់ ដែល​ល្អ​លើស​អស់​ទាំង​នាម។ ដើម្បី​ជា​ប្រយោជន៍​យើង​រាល់​គ្នា ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ប្រាជ្ញា និង​ស្នា​ព្រះ​ហស្ត​ទ្រង់ ត្រូវ​បាន​គេ​ទទួល​ស្គាល់ ឲ្យ​តម្លៃ និង​អប​អរ​សាទរ ដោយ​សម្លេង​តន្រ្តី​ដ៏​ពិរោះ​រណ្តំ​(និក្ខមនំ ៦:១ ១៥:១-២)។

ជាង​នេះ​ទៅ​ទៀត ទ្រង់​បាន​ឆ្លើយ​តប…

ការមើលឃើញពន្លឺ

នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ឡូស អែជែលេស មាន​បុរស​អនាថា​ម្នាក់ ដែល​កំពុង​តែ​មាន​បញ្ហា​ញៀន​ថ្នាំ បាន​បោះ​ជំហានចូល​ទៅ​ក្នុង​ចំណោម​ក្រុម​ការងារ​បេសកម្ម​កណ្តាល​អាធ្រាត ហើយ​ក៏​បាន​សុំ​ឲ្យ​គេ​ជួយ​គាត់។ ចាប់​តាំង​ពី​ពេល​នោះមក លោក​ប្រាយអិន(Brian) ដែល​ជា​ជន​អនាថា​នោះ ក៏​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ ឆ្ពោះ​ទៅ​រក​ការ​ជាសៈ​ស្បើយ។

ក្នុង​រយៈ​ពេល​នោះ លោក​ប្រាយអិន​ក៏​បាន​ដឹង​ថា ខ្លួន​ស្រឡាញ់​តន្រ្តី។ ទី​បំផុត គាត់​ក៏​បាន​ចូល​រួម​ជា​មួយ​ក្រុម​តន្រ្តី​តាម​ចិញ្ចើម​ថ្នល់ ដែល​ជា​ក្រុម​តន្រ្តី​ករ​អាជីព ដែល​មាន​ចិត្ត​ស្រឡាញ់​ជន​អនាថា។ ពួក​គេ​ក៏​បាន​ឲ្យ​លោក​ប្រាយអិនលេង​ភ្លេង​ទោល តែ​ម្នាក់​ឯង នូវ​បទ​ទំនុក​ដំកើង​របស់​លោក​ហេនដេល ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ដែលបទ​នេះ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា បទ “មនុស្ស​ដែល​ដើរ​ក្នុង​ភាព​ងងឹត”។ ក្នុង​បទ​គម្ពីរ​ដែល​ហោរា​អេសាយ​បាន​និពន្ធ ក្នុងអំឡុង​សម័យ​ដ៏​ខ្មៅ​ងងឹត នៃ​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល គាត់​បាន​ច្រៀង​ថា “ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ”(អេសាយ ៩:២)។ អ្នក​ឯក​ទេស​ខាង​រិះគន់​តន្រ្តី បាន​សរសេរ​ក្នុង​ទស្សនា​វត្តី The New Yorker ថា “លោកប្រាយអិន​បាន​ធ្វើ​ឲ្យ​ទំនុក​ច្រៀង​មាន​ន័យ​យ៉ាង​ខ្លាំង គឺ​ហាក់​ដូច​ជា​បាន​ដក​ស្រង់​ចេញ​ពី​ជីវិត​របស់​គាត់​ផ្ទាល់”។

កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​នេះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​ត្រាស​ហៅ​លោក​ម៉ាថាយ ឲ្យ​ចាក​ចេញ​ពី​ជីវិត​នៃ​ការ​កេង​ប្រវ័ញ្ច​ជន​រួម​ជាតិ​គាត់ ហើយ​ឲ្យ​ដើរ​តាម​ទ្រង់​វិញ។ គាត់​បាន​ពិពណ៌​នា​ថា ព្រះយេស៊ូវ​បានសម្រេច​បទ​ទំនាយ​របស់​ហោរា​អេសាយ ដោយ​នាំ​សេចក្តី​សង្រ្គោះ​របស់​ទ្រង់ ទៅ​ដល់​ខាង​នាយ​ទន្លេ​យ័រ​ដាន់ ហើយ​បន្ត​ទៅ​ដល់​ស្រុក​កាលីឡេ​នៃ​សាសន៍​ដទៃ​(ម៉ាថាយ ៤:១៣-១៥)។

តើ​នរណា​នឹង​ជឿ​ថា អ្នក​យក​ពន្ធ​ឲ្យ​ស្តេច​សេសា ដែល​ធ្វើ​បាប​ប្រជាជន​ខ្លួន​ឯង(ម៉ាថាយ ៩:៩) ឬ​អ្នក​ញៀន​ថ្នំា​តាម​ចិញ្ចើម​ថ្នល់ ឬ​ក៏​មនុស្ស​ដូច​យើង​រាល់​គ្នា…