ជាច្រើនឆ្នាំកន្លងទៅ មានអ្នកនិពន្ធអនាមិកម្នាក់ បាននិពន្ធបទកំណាព្យខ្លីមួយបទ អំពីអត្ថប្រយោជន៍នៃការវាស់វែងពាក្យសម្តីរបស់យើង។ ក្នុងបទកំណាព្យនោះ គាត់បានសរសេរថា “តាមសត្វទីទុយកញ្ចាស់ដ៏ឆ្លាតវ័យមួយក្បាល ទំនៅលើដើមឈើធំមួយដើម។ កាលវាឃើញអ្វីៗនៅជុំវិញវាកាន់តែច្រើន វាក៏និយាយកាន់តែតិច។ ពេលវានិយាយកាន់តែតិច នោះវាក៏ស្តាប់ឮកាន់តែច្រើន។ ហេតុអ្វីបានជាយើងរាល់គ្នា មិនអាចនិយាយឲ្យកាន់តែតិច ដូចសត្វទីទុយកញ្ចាស់ដ៏ឆ្លាតវ័យនោះ?
ប្រាជ្ញាមានទំនាក់ទំនង ជាមួយនឹងការកំណត់ពាក្យសម្តីរបស់យើង។ គឺដូចដែលបទគម្ពីរសុភាសិត ១០:១៩ បានចែងថា “អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា”។
មនុស្សមានប្រាជ្ញាមានការប្រុងប្រយ័ត្ន ចំពោះការអ្វីដែលខ្លួននិយាយ និងដឹងថា ខ្លួនត្រូវនិយាយច្រើនប៉ុណ្ណា ក្នុងស្ថានភាពណាមួយ។ យើងត្រូវទប់ពាក្យសម្តីរបស់យើង ពេលដែលយើងមានកំហឹង។ សាវ័កយ៉ាកុបបានលើកទឹកចិត្តបងប្អូនរួមជំនឿរបស់គាត់ថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ”(យ៉ាកុប ១:១៩)។ ការគ្រប់គ្រងពាក្យសម្តីរបស់យើង ក៏អាចបង្ហាញនូវការកោតខ្លាចព្រះផងដែរ។ គឺដូចដែលសេ្តចសាឡូម៉ូនបានមានបន្ទូលថា “កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះទ្រង់គង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ ត្រូវឲ្យឯងមានសំដីតិចវិញ”(សាស្តា ៥:២)។ ពេលដែលអ្នកដទៃកំពុងកាន់ទុក្ខ យើងអាចនៅកំដរពួកគេ ដោយមិននិយាយអ្វីក៏បាន ដែលនោះក៏អាចជាការបង្ហាញចេញនូវការអាណឹតអាសូរចំពោះគេផងដែរ។ ជាក់ស្តែងពេលដែលលោកយ៉ូបកំពុងកាន់ទុក្ខ មិត្តភ័ក្តិរបស់គាត់ បានមកអង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅលោក១ម៉ាត់សោះ ដោយឃើញថា លោកមានសេចក្តីទុក្ខជាទម្ងន់ណាស់(យ៉ូប ២:១៣)។
ទោះបីជាមានពេលដែលយើងត្រូវរក្សាភាពស្ងៀមស្ងាត់ និងមានពេលដែលត្រូវនិយាយក៏ដោយ(សាស្តា ៣:៧) ក៏ការសម្រេចចិត្តនិយាយស្តីតិច នៅតែអនុញ្ញាតឲ្យយើងស្តាប់ឮបានកាន់តែច្រើន។-Jennifer Benson Schuldt