មានពត៌មានមួយ បានផ្សាយចេញពីប្រទេសអូស្រា្តលីថា អ្នកស្រីប៉ាស្កាល់ ហូណូរេ(Pascale Honore) ជាស្ត្រីពិការជើង ដែលបានអង្គុយនៅលើកៅអីរុញអស់១៨ឆ្នាំ តែក្រោយមក គាត់ក៏បានជិះស្គីលើទឹករលក។ តើគាត់អាចជិះស្គីលើទឹករលកដោយរបៀបណា?
តាមពិត លោកថាយ ស្វន(Ty Swan) ដែលជាកីឡាករជិះស្គីលើទឹករលកវ័យក្មេង បានប្រើស្កុតរុំខ្លួនអ្នកស្រីប៉ាស្កាល់ ជាប់ពីក្រោយខ្នងគាត់។ ពេលលោកថាយអាចទប់លំនឹងបានល្អហើយ គាត់ក៏បានអុំបន្ទះក្តាចូលសមុទ្រ ទៅរកទឹករលកធំៗ ហើយអ្នកស្រីប៉ាស្កាល់ក៏បានទទួលបទពិសោធន៍នៃភាពរំភើបរីករាយ នៃការជិះស្គីលើទឹករលក។ ការនេះតម្រូវឲ្យអ្នកស្រីប៉ាស្កាល់ មានការទុកចិត្តលើលោកថាយខ្លាំងណាស់ ព្រោះមានបញ្ហាជាច្រើនអាចកើតឡើង។ តែទំនុកចិត្តដែលនាងមានចំពោះលោកថាយ គឺល្មមនឹងឲ្យគាត់អាចអរសប្បាយនឹងក្តីស្រមៃដែលក្លាយជាការពិត ទោះបីជាមានគ្រោះថ្នាក់ក៏ដោយ។
ការរស់នៅរបស់អ្នកដើរតាមព្រះគ្រីស្ទ មានលក្ខណៈដូចនេះផងដែរ។ យើងកំពុងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ ដែលមានពេញទៅដោយឧបស័គ្គដែលយើងមិនអាចដឹងមុន និងមានគ្រោះថ្នាក់ដែលមើលមិនឃើញ។ ប៉ុន្តែ យើងមានក្តីអំណរ ព្រោះយើងដឹងថា មានព្រះមួយអង្គ ដែលអាចពរយើង ឆ្លងកាត់រលាកនៃជីវិតដែលបោកបក់ខ្លាំង ហើយគំរាមកំហែងយើង។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែងការពារគេ ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់”(ទំនុកដំកើង ៥:១១)។
ក្នុងការរស់នៅ ដែលមានគ្រោះថ្នាក់ និងឧបស័គ្គជាច្រើន យើងអាចស្គាល់ក្តីអំណរ ដែលកើតចេញពីការទុកចិត្តលើព្រះ។ ព្រះអង្គមានកម្លាំង មិនគ្រាន់តែអាចជួយយើងប៉ុណ្ណោះឡើយ។-Bill Crowder