កាលនៅពីក្មេង ឪពុករបស់ខ្ញុំត្រូវដាក់បាយឲ្យជ្រូកដែលកំពុងស្រេកឃ្លាន ក្នុងកសិដ្ឋាន ដែលខ្ញុំបានរស់តាំងពីតូចដល់ធំ។ គាត់ស្អប់កិច្ចការមួយនេះ ព្រោះពេលដែលគាត់ចូលក្នុងទ្រុងជ្រូកម្តងៗ សត្វជ្រូកតែងរត់មកបុក ធ្វើឲ្យគាត់ដួលជាច្រើនដង។ កិច្ចការនេះមិនអាចធ្វើទៅបានឡើយ បើសិនជាគាត់គ្មានជំនួយ ពីសត្វឆ្កែដ៏ស្មោះត្រង់ ឈ្មោះស៊ូហ្គ័រប៊ែរ(Sugarbear) ដែលជាពូជឆ្កែគង្វាលរបស់អាឡឺម៉ង់។ វាតែងដើរចុះឡើង នៅចន្លោះប៉ាខ្ញុំ និងសត្វជ្រូក ដើម្បីកុំឲ្យពួកគេវាចូលមកជិតគាត់ ទាល់តែគាត់បានដាក់បាយជ្រូកហើយ។

លោកហោរាយេរេមាមានការពិបាក នៅក្នុងការប្រកាសព្រះរាជសាររបស់ព្រះ ដល់រាស្រ្តអ៊ីស្រាអែល។ កិច្ចការនេះបានធ្វើឲ្យគាត់ទទួលរងការធ្វើបាបផ្លូវកាយ និងដោយពាក្យសម្តី ហើយត្រូវគេដាក់គុក និងនៅម្នាក់ឯង។  ទោះបីជាលោកយេរេមាត្រូវជម្នះការបាក់ទឹកចិត្តក៏ដោយ ក៏គាត់មានអ្នកជំនួយម្នាក់ ក្នុងពេលដែលគាត់មានបញ្ហាទាំងអស់។ ព្រះទ្រង់បានសន្យាគាត់ថា ព្រះអង្គគង់នៅជាមួយគាត់ ហើយរំដោះគាត់ឲ្យរួច(យេរេមា ១:១៩)។

ព្រះទ្រង់មិនបានបោះបង់លោកយេរេមាចោលឡើយ ហើយព្រះអង្គក៏មិនបោះបង់ចោលយើងដែរ។ យើងមានជំនួយពីព្រះអង្គជានិច្ច តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងអ្នកជឿម្នាក់ៗ(យ៉ូហាន ១៤:១៦-១៧)។ ព្រះដ៏ជាជំនួយទ្រង់ប្រទានឲ្យយើងមានក្តីសង្ឃឹម(រ៉ូម ១៥:១៣) ដឹកនាំយើងទៅរកសេចក្តីពិត(យ៉ូហាន ១៦:១៣) ហើយចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ ចូលក្នុងចិត្តយើង(រ៉ូម ៥:៥)។  យើងអាចទុកចិត្តថា  ព្រះនឹងជួយយើងដោយព្រះទ័យស្មោះត្រង់ ពេលយើងអត់ទ្រាំនឹងការលំបាក។ យើងអាចពោលដូចលោកយេរេមាថា “ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច”(យេរេមា ២០:១១)។-Jennifer Benson Schuldt