មានពេលមួយ ខ្ញុំបានឲ្យគេជួសជុលផ្ទះចាស់មួយខ្នង ដែលខ្ញុំបានទទួលជាកេរមរតក។ ជាងសំណង់បានប្រាប់ដំណឹងអាក្រក់ថា ពេលដែលគ្នាគាត់ចាប់ផ្តើមកែបន្ទប់ដាក់ឡានមួយចំហៀង ធ្វើជាការិយាល័យឲ្យខ្ញុំ ពួកគាត់បានរកឃើញថា ជញ្ញាំងរបស់បន្ទប់នោះ ស្ទើរតែគ្មានគ្រឹះនៅពីក្រោម។ ពួកគាត់ត្រូវរុះជញ្ជាំងទាំងនោះចោល រួចសង់គ្រឹះថ្មីមួយ ដើម្បីសង់ជញ្ជាំងឡើងវិញ។ ខ្ញុំក៏បានគិតអំពីលុយដែលត្រូវចំណាយបន្ថែម តែក្នុងចិត្តម្នាក់ឯង ហើយក៏បានប្រាប់គាត់ឲ្យ គ្រាន់តែជួសជុលជញ្ជាំងនោះបានហើយ។ តែគាត់នៅតែមិនយល់ស្របនឹងមតិរបស់ខ្ញុំ ហើយប្រាប់ថា គាត់ត្រូវជីកគ្រឹះ ឲ្យមានជម្រៅដែលត្រឹមត្រូវ ពុំនោះទេ មន្ត្រីត្រួតពិនិត្យសំណង់ នឹងមិនព្រមឲ្យយើងធ្វើការសាងសង់ឡើយ ព្រោះការសង់គ្រឹះឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់។

គ្រឹះដ៏រឹងមាំ នាំឲ្យមានភាពស្ថិតស្ថេរគង់វង្ស។ ព្រះយេស៊ូវទ្រង់ជ្រាបថា ទោះបីជាគេមិនអាចមើលឃើញគ្រឹះដែលកប់នៅក្រោមដីក៏ដោយ ក៏គ្រឹះពិតជាសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាពរបស់ផ្ទះ(ម៉ាថាយ ៧:២៤-២៥) ជាពិសេស នៅពេលដែលមានព្យុះភ្លៀង។   ព្រះអង្គក៏ជ្រាបអំពីចិត្តរបស់អ្នកស្តាប់ព្រះបន្ទូលព្រះអង្គផងដែរ។   ពួកគេងាយនឹងទទួលរងការល្បួង ឲ្យរកវិធីងាយៗ ដោយប្រើផ្លូវកាត់  ឬធ្វើអ្វីតែពាក់កណ្តាល ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ម្យ៉ាងទៀត ការសាងសង់គ្រឹះខ្លះអាចចំណាចពេលតិចជាង និងមានភាពងាយស្រួលជាង។ ប៉ុន្តែ ដើម្បីការសង់ជីវិតរបស់យើង នៅលើគ្រឹះដែលត្រឹមត្រូវ យើងចាំបាច់ត្រូវមានការខិតខំ ដោយសង់នៅលើសេចក្តីពិតរបស់ព្រះ ដែលជាថ្មដាដ៏រឹងមាំ ដែលសមនឹងឲ្យយើងកសាងជីវិតពីលើ។ ពេលព្យុះនៃជីវិតបក់បោកមក ផ្ទះដែលសង់នៅលើព្រះអង្គ ហើយមានព្រះអង្គជាជំហរ អាចឈរយ៉ាងមាំមួន។-Marion Stroud