រឿងសេន ជារឿងប្រលោមលោក ដែលនិយាយ អំពីមិត្តភាពរវាងលោកចូ ស្តារេត(Joe Starrett) និងលោកសេន(Shane)។ លោកស្តារេត ជាកសិករ ដែលរស់នៅក្នុងតំបន់ខាងលិចនៃអាមេរិក ដែលប្រជាជនទើបចូលមកតាំងទីលំនៅ នៅសម័យមុន ហើយលោកស្តារេត ជាបុរសអាថ៌កំបាំង ដែលបានសំចត និងចូលសម្រាកក្នុងផ្ទះរបស់លោកស្តារេត។ ចំណងមិត្តភាពរបស់អ្នកទាំងពីរ ចាប់ផ្តើមកើតមាន ពេលដែលពួកគេរួមគ្នាគាស់គល់ឈើដ៏ធំសម្បើមមួយ នៅក្នុងដីស្រែរបស់លោកស្តារេត។ ទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពរឹងមាំ ពេលដែលលោកស្តារេតជួយសង្រ្គោះលោកសេន ក្នុងការវាយតប់គ្នា ហើយលោកសេនក៏បានជួយធ្វើស្រែលោកស្តារេត ឲ្យកាន់តែរីកចម្រើន ហើយក៏បានការពារដីស្រែរបស់គាត់ផង។ អ្នកទាំងពីរមានការគោរពគ្នាទៅវិញទៅមក និងមានភាពស្មោះត្រង់ចំពោះគ្នា គឺដូចដែលមានបទគម្ពីរបានចែងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ”(សាស្តា ៤:៩-១០)។

យ៉ូណាថាន និងដាវីឌក៏បានធ្វើជាគំរូ នៃគោលការណ៍នេះផងដែរ។ មិត្តភាពរបស់ពួកគេបានឆ្លងកាត់ការល្បងល តាមរយៈកាលៈទេសៈដ៏ពិបាកៗ គឺនៅពេលដែលដាវីឌមានការសង្ស័យថា ស្តេចសូលចង់សម្លាប់គាត់។ យ៉ូណាថានមិនជឿថា ស្តេចសូលចង់សម្លាប់ដាវីឌទេ តែដាវីឌជឿថា នោះជាការពិតមែន(១សាំយ៉ូអែល ២០:២-៣)។ ទីបំផុត អ្នកទាំងពីរក៏បានស្របគំនិតគ្នា ដោយឲ្យដាវីឌលាក់ខ្លួន នៅទីវាល ខណៈពេលដែលយ៉ូណាថានសួរបិតារបស់ខ្លួន អំពីរឿងនេះ។ ពេលដែលមិត្តសំឡាញ់ទាំងពីរដឹងពីព្រះទ័យរបស់ស្តេចសូលច្បាស់ហើយ ពួកគេក៏បានយំជាមួយគ្នា ហើយយ៉ូណាថាន ក៏បានជូនពរដាវីឌ មុនពេលគាត់រត់គេចខ្លួន(ខ.៤២)។

អ្នកមានមិត្តសំឡាញ់ដ៏ពិត ក្នុងព្រះយេស៊ូវ បើសិនជាអ្នកបានទទួលសេចក្តីសង្រ្គោះរបស់ព្រះអង្គ គឺមិត្តសំឡាញ់ដែលស្មោះត្រង់ជានិច្ច ហើយលើកអ្នកឡើង ពេលអ្នកជំពប់ដួល។ ព្រះអង្គបានបង្ហាញចេញនូវក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលមិត្តសំឡាញ់ អាចមានចំពោះគ្នា គឺសេចក្តីស្រឡាញ់ដែលបាននាំឲ្យព្រះអង្គ លះបង់ព្រះជន្មដើម្បីយើងរាល់គ្នា(យ៉ូហាន ១៥:១៣)។-Jennifer Benson Schuldt