មានពេលមួយ លោកហោវើត លេវីត(Howard Levitt) បានបាត់បង់ឡានហ្វារ៉ារីរបស់គាត់ ដែលមានតម្លៃ២០ម៉ឺនដុល្លា នៅក្នុងទឹកជំនន់ដែលជន់លិចផ្លូវធំនៅក្រុងតូរុនតូ។ ពីដំបូងគាត់បានបើកបរ កាត់តាមផ្លូវលិចទឹក ដែលហាក់ដូចជារាក់ទេ តែមិនយូរប៉ុន្មាន គាត់ក៏បានដឹងថា ទឹកបានជន់ឡើងយ៉ាងលឿន ហើយជ្រៅជាងការស្មានរបស់គាត់ទៅទៀត។ ពេលទឹកឡើងលិចកង់ឡានគាត់ ម៉ាស៊ីនឡានរបស់គាត់ ដែលមានកំឡាំង៤៥០សេះ ក៏បានរលត់។ តែអរព្រះគុណព្រះអង្គ គាត់អាចគេចចេញពីឡាន ហើយរត់ឡើងទួលដោយសុវត្ថិភាព។
ឡានស្ព័ររបស់លោកហោវើត ដែលបានលិចទឹកនោះ បានរំឭកខ្ញុំ អំពីការដែលស្តេចសាឡូម៉ូនបានមានបន្ទូលថា “ទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ”(សាស្តា ៥:១៤)។ គ្រោះធម្មជាតិ ចោរ និងគ្រោះថ្នាក់ អាចឆក់យករបស់ទ្រព្យរបស់យើង។ ទោះបីជាយើងព្យាយាមការពារទ្រព្យសម្បត្តិយើងក៏ដោយ ក៏យើងមិនអាចស្ពាយយកទៅស្ថានសួគ៌បានដែរ(ខ.១៥)។ សេ្តចសាឡូម៉ូនបានចោទជាសំណួរថា “ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ នោះតើមានប្រយោជន៍អ្វីដល់ខ្លួន?”(ខ.១៦)។ វាជាការឥតប្រយោជន៍ទេ ដែលយើងខំធ្វើការ ដើម្បីរកតែរបស់ទ្រព្យ ដែលនឹងបាត់បង់នៅទីបញ្ចប់នោះ។
តែមានរបស់ម្យ៉ាង ដែលមិនចេះពុកផុយ ហើយយើងអាច “យកទៅជាមួយយើង”បាន។ របស់នោះ គឺជាទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌ ដែលយើងអាចសន្សំទុកបាន។ ចូរយើងដេញតាមភាពសប្បុរស(ម៉ាថាយ ១៩:២១) ការបន្ទាបខ្លួន(៥:៣) និងការអត់ធ្មត់ខាងវិញ្ញាណ(លូកា ៦:២២-២៣) ដែលនឹងនាំឲ្យយើងទទួលរង្វាន់ ជាទ្រព្យសម្បត្តិដ៏ស្ថិតស្ថេរ ដែលគ្មានអ្វីអាចបំផ្លាញឡើយ។ តើទ្រព្យសម្បត្តិ ដែលអ្នកកំពុងស្វែងរក នឹងមានភាពស្ថិតស្ថេរ នៅលើផែនដីឬទេ? ឬមួយ អ្នកកំពុងស្វែងរក “អស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ?”(កូល៉ុស ៣:១)។-Jennifer Benson Schuldt