កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់ ដែលបានភ្ជាប់ពាក្យ ជិតដល់ពេលរៀបការ។ ខ្ញុំក៏បានសួរគាត់ថា “តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកពិតជាស្រឡាញ់នាងមែន?” នេះមិនមែនជាសំណួរដែលស្រួលឆ្លើយឡើយ តែវាបានជួយឲ្យគាត់ពិនិត្យមើលចិត្តខ្លួនឯង សម្រាប់មង្គលការ ដែលកំពុងរំគិលមកដល់។ បន្ទាប់ពីបានគិតមួយសន្ទុះហើយ គាត់ក៏បានឆ្លើយតបថា “ខ្ញុំដឹងថា ខ្ញុំពិតជាស្រឡាញ់នាងមែន ព្រោះខ្ញុំចង់ចំណាយពេលមួយជីវិត ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត”។ យើងក៏បានពិភាក្សាគ្នា អំពីអត្ថន័យនៃការស្វែងរកសុភមង្គល ឲ្យមនុស្សម្នាក់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងយកខ្លួនឯងជាទីមួយ។ សេចក្តីស្រឡាញ់ដ៏ពិត ត្រូវមានការលះបង់ខ្ពស់។
សេចក្តីបង្រៀននេះ មានភាពសមស្របតាមព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ មានសេចក្តីស្រឡាញ់ជាច្រើនប្រភេទ ដែលត្រូវបានសរសេរ ដោយប្រើពាក្យខុសៗគ្នា ក្នុងភាសាក្រិក ប៉ុន្តែ អាហ្កាពេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលប្រសើរជាងគេ ដែលបង្ហាញចេញ និងបណ្តាលឡើង ដោយការលះបង់ផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌មានចំពោះយើង គឺជាសេចក្តីស្រឡាញ់ដ៏ពិត ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ព្រះអង្គបានឲ្យតម្លៃយើងខ្ពស់បំផុត។ គឺដូចដែលសាវ័កប៉ុលបានលើកឡើងថា “តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។
ការលះបង់ជាភស្តុតាង ដ៏ពិតនៃសេចក្តីស្រឡាញ់ ដូចនេះគ្មានអំណោយអ្វី ដែលមានតម្លៃជាងព្រះយេស៊ូវឡើយ។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។-Bill Crowder