នៅរដូវស្លឹកឈើជ្រុះ   ទីក្រុងដែលខ្ញុំរស់នៅ  បានក្លាយជាកន្លែងពិពណ៌ស្នាដៃសិល្បៈ   អស់រយៈពេល៣សប្តាហ៍។ មានសិល្បៈករជិត២ពាន់នាក់ មកពីទូទាំងពិភពលោក បានមកចូលរួមការតាំងបង្ហាញស្នាដៃរបស់ខ្លួន នៅតាមហាងពិពណ៌ សារៈមន្ទីរ សណ្ឋាគារ សួនច្បារ នៅតាមផ្លូវទីក្រុង កន្លែងចតរថយន្ត ភោជ្ជនីយដ្ឋាន និងព្រះវិហារ ហើយសូម្បីតែនៅតាមមាត់ទន្លេ ក៏មានការពិពណ៌ផងដែរ។

រូបគំនូរកញ្ចក់ ស្ថិតក្នុងចំណោមស្នាដៃសិល្បៈដែលខ្ញុំចូលចិត្តជាងគេ ដែលគេបានធ្វើពីបំណែកកញ្ចក់ពណ៌តូចៗផ្គុំជារូប។ រូបគំនូរកញ្ចក់ដែលបានទទួលជ័យលាភីក្នុងឆ្នាំ២០១១ មានទំហំ២,៥ម៉ែត្រ គុណនឹង៣,៩ ម៉ែត្រ ដែលជារូបគំនូរព្រះគ្រីស្ទជាប់ឆ្កាង  ជាស្នាដៃរបស់អ្នកស្រីមីអា  តាវ៉ុនណាតទី(Mia Tavonatti)។ ពេលខ្ញុំកំពុងឈរមើលរូបគំនូរនោះ ខ្ញុំក៏បានឮសិល្បៈកររូបនេះប្រាប់ថា គាត់បានមុតដៃជាច្រើនដង ពេលគាត់យកបំណែកកញ្ចក់ ផ្គុំចេញជារូបគំនូរមួយផ្ទាំងនេះ។

ខណៈពេលដែលខ្ញុំកំពុងគយគន់រូបភាពដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្ត នៃការជាប់ឆ្កាងរបស់ព្រះគ្រីស្ទ ខ្ញុំមិនគ្រាន់តែបានមើលឃើញរូបភាពនៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ តែថែមទាំងស្រមៃមើលឃើញរូបភាពនៃពួកជំនុំ ដែលជារូបកាយនៃព្រះគ្រីស្ទ។ នៅក្នុងបំណែកកញ្ចក់នីមួយៗ ប្រៀបបាននឹងគ្រីស្ទបរិស័ទម្នាក់ៗ ដែលព្រះគ្រីស្ទបានកែឆ្នៃឲ្យស្អាត ហើយផ្គុំចូលគ្នា ក្នុងរូបកាយព្រះអង្គ ដែលជាងរូបភាពធំមួយផ្ទាំង(អេភេសូរ ២:១៦,២១)។ សិល្បៈករម្នាក់នេះបានមុតដៃជាច្រើនដង ដោយសារបំណែកកញ្ចក់តូចៗ ដែលគាត់បានផ្គុំចូលគ្នា ដែលការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីការដែលព្រះយេស៊ូវបង្ហូរព្រះលោហិត ដើម្បីឲ្យការរួបរួមគ្នា អាចកើតមានក្នុងចំណោមគ្រីស្ទបរិស័ទ។ ជាងនេះទៅទៀត រូបគំនូរកញ្ចក់នេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ ដែលព្រះអង្គបានបង្ហាញចេញមក ក្នុងការសម្រេចនូវព្រះរាជកិច្ចរបស់ព្រះអង្គ  ទោះមានការឈឺចាប់  និងការលះបង់ក៏ដោយ។

យើងដែលជាអ្នកជឿព្រះគ្រីស្ទ ជាស្នាដៃសិល្បៈដែលព្រះទ្រង់បានបង្កើតមក ដើម្បីបង្ហាញភាពធំឧត្តម្ភនៃព្រះសង្រ្គោះ ដែលបានធ្វើឲ្យបំណែកបាក់បែកនៃជីវិតយើង ប្រែជាមានភាពស្រស់ស្អាត។-Julie Ackerman Link