អ្នកស្រីមីននី(Minnie) និងលោកចច លេស៊ី(George Lacy) មានសំណួរខ្លះដែលត្រូវឆ្លើយ ដែលមានដូចជា : “តើព្រះយេស៊ូវមានភាពគ្រប់គ្រាន់ សម្រាប់យើងទេ? តើទំនាក់ទំនងជាមួយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិតយើងឬទេ? តើព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ល្មមនឹងជួយឲ្យយើង មានចិត្តចង់បន្តរស់នៅឬទេ? តើព្រះអង្គខ្វល់ពីយើងទេ?”
ខណៈពេលដែលអ្នកទាំងពីរកំពុងបម្រើព្រះ ជាបេសកជន ក្នុងឆ្នំា១៩០៤ កូនស្រីពៅរបស់ពួកគេក៏បានមានជម្ងឺ។ បន្ទាប់មក កូនរបស់ពួកគេទាំង៥នាក់ក៏បានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី ដោយសារជម្ងឺគ្រុនក្តៅស្កាលេត ហើយគ្មានកូនណាម្នាក់នៅមានជីវិត បានឃើញឆ្នាំថ្មីទេ។ លោកចន លេសីក៏បានសរសេរសំបុត្រផ្ញើទៅកាន់គណៈកម្មការបេសកកម្ម អំពីភាពឯកកោដ៏ធ្ងន់ធ្ងរ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រនោះថា “ជួនកាល យើងមានអារម្មណ៍ថា ទុក្ខព្រួយនេះហាក់ដូចជាលើសពីសមត្ថភាព ដែលយើងអាចទ្រាំទ្ររួច។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង ហើយបានប្រទានជំនួយផ្លូវចិត្តដ៏អស្ចារ្យ”។ ក្នុងពេលដ៏ខ្មៅងងឹតបំផុតនោះ ពួកគេបានដឹងថា ព្រះយេស៊ូវតែងតែគង់នៅក្បែរ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ពួកគេ។
មានមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាក ដែលធ្វើឲ្យពួកគេសួរខ្លួនឯងថា តើពួក គេអាចបន្តទៅមុខទៀតឬអត់។ បើសិនជាយើងធ្លាក់ខ្លួនឈឺ បើការងាររបស់យើងត្រូវបាត់បង់ បើយើងបាត់បង់មនុស្សដែលជិតស្និទ្ធនឹងយើងបំផុត តើយើងនឹងនៅតែគិតថា ទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់មានភាពគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបន្តមមុលទៅមុខទៀតឬទេ?
អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពីព្រះវត្តមាន និងភាពស្មោះត្រង់របស់ព្រះ(ទំនុកដំកើង ៣០)។ ពេលដែលគាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង គាត់បានស្រែកឡើងថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើជាអ្នកជំនួយដល់ទូលបង្គំផង!”(ទំនុកដំកើង ៣០:១០)។ ពេលនោះ ព្រះទ្រង់ក៏បានប្រទាននូវការប្រោសឲ្យជា និងការកម្សាន្តចិត្ត ដល់គាត់(ខ.២-៣)។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងមិនដែលខ្វះអ្វីដែលយើងត្រូវការ សម្រាប់អត់ទ្រាំនឹងការពិបាកឡើយ។ ព្រះអម្ចាស់នឹងនៅតែគង់នៅក្បែរជានិច្ច។-Randy Kilgore