មានពេលមួយ ខ្ញុំបានប្រាប់កូនស្រីតូចរបស់ខ្ញុំថា ផ្ទះយើង នឹងមានកូនង៉ាអាយុ៣ខែម្នាក់ មកលេង។ ពេលនោះ នាងមានការសប្បាយចិត្តណាស់។ នាងជាក្មេងដែលមានការរាក់ទាក់ ដូចនេះ នាងក៏បានឲ្យយោបលថា យើងគួរចែករំលែកអាហាររបស់យើង ជាមួយនឹងក្មេងតូចនោះ។ នាងគិតថា ក្មេងតូចនោះប្រហែលជានឹងចូលចិត្តញាំផ្លែកូ្រចដែលមានទឹកច្រើន នៅក្នុងចានគោមនៅលើតុ ក្នុងផ្ទះបាយរបស់យើង។ ខ្ញុំក៏បានពន្យល់នាងថា កូនង៉ែតអាចញាំបានតែទឹកដោះគោទេ តែពេលធំឡើង វាប្រហែលជាចូលចិត្តញាំផ្លែក្រូចដូចយើងដែរ។
យ៉ាងណាមិញ ព្រះគម្ពីរបានប្រើការបង្រៀនដែលស្រដៀងនឹងសាច់រឿងខាងលើ ដើម្បីរៀបរាប់ អំពីអាហារខាងវិញ្ញាណ ដែលគ្រីស្ទបរិស័ទត្រូវការ។ សេចក្តីពិតជាមូលដ្ឋាននៃព្រះគម្ពីរ គឺដូចជាទឹកដោះគោ ដែលជួយឲ្យអ្នកដែលទើបទទួលជឿព្រះ មានការលូតលាស់ និងចម្រើនឡើង(១ពេត្រុស ២:២-៣)។ ផ្ទុយទៅវិញ “ឯអាហាររឹង នោះសម្រាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ”(ហេព្រើ ៥:១៤)។ សម្រាប់គ្រីស្ទបរិស័ទដែលបានចំណាយពេលទទួលទាន និងយល់អំពីទឹកដោះខាងវិញ្ញាណ ដែលជាសេចក្តីពិតជាមូលដ្ឋាន ពួកគេអាចចាប់ផ្តើមស្វែងយល់ អំពីសេចក្តីបង្រៀនក្នុងព្រះគម្ពីរដទៃទៀត ព្រមទាំងចាប់ផ្តើមបង្រៀនអ្នកដទៃ អំពីសេចក្តីពិតទាំងនេះផងដែរ។ អ្នកដែលមានភាពពេញវ័យខាងវិញ្ញាណ ទទួលបាននូវរង្វាន់ ដែលមានដូចជា ការដឹងខុសត្រូវ(ខ.១៤) ប្រាជ្ញាដែលគោរពប្រតិបត្តិព្រះ(១កូរិនថូស ២:៦) និងសមត្ថភាពចែកចាយសេចក្តីពិតរបស់ព្រះ ដល់អ្នកដទៃ(ហេព្រើ ៥:១២)។
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងលូតលាស់ខាងវិញ្ញាណ គឺមិនខុសពីឪពុកម្តាយដែលមានសេចក្តីស្រឡាញ់ចំពោះកូន។ ព្រះអង្គជ្រាបថា ការទទួលទានទឹកដោះខាងវិញ្ញាណតែម្យ៉ាង គឺមិនគ្រប់គ្រាន់ទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងបន្តទៅមុខទៀត ដើម្បីឲ្យយើងអាចអរសប្បាយនឹងរស់ជាតិ នៃអាហាររឹងខាងវិញ្ញាណ។-Jennifer Benson Schuldt