ខ្ញុំចូលចិត្តពិធីបុណ្យណូអែលណាស់។ ពិធីបុណ្យណូអែល ជាការអបអរកំណើតនៃព្រះគ្រីស្ទ  ដែលមានការតុបតែងដ៏ស្រស់ស្អាត និងមានភាពអស្ចារ្យ ក្នុងរដូវកាល ដែលជា “ពេលដ៏អស្ចារ្យបំផុត” សម្រាប់ខ្ញុំ ជារៀងរាល់ឆ្នាំ។  ទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិក មានការផ្លាស់ប្តូរកាន់តែច្រើន នៅក្នុងរដូវកាលនៃបុណ្យណូអែល។ ពីមួយឆ្នាំ ទៅមួយឆ្នាំ គេបានបញ្ចេញ “ផលិតផលសម្រាប់ពិធីបុណ្យណូអែល” កាន់តែឆាប់រហ័សជាងឆ្នាំមុនៗ ហើយមានការផ្សព្វផ្សាយខ្លះ បានចាប់ផ្តើមតាំងពីដើមខែស្លឹកឈើជ្រុះ។

កាលពីមុន គេធ្លាប់តែប្រារព្ធពិធីបុណ្យណូអែល តែនៅខែធ្នូទេ តែសព្វថ្ងៃនេះ យើងឃើញថា នៅអាមេរិក ស្ថានីយវិទ្យុខ្លះបានចាក់ភ្លេងបុណ្យណូអែល តាំងពីដើមខែវិច្ឆិការ។ ហាងលក់ទំនិញបានចាប់ផ្តើម ផ្សាយពាណិជ្ជកម្មលក់ទំនិញ ក្នុងតម្លៃពិសេស សម្រាប់ពិធីបុណ្យណូអែល តាំងពីខែតុលា ហើយគេក៏ចាប់ផ្តើមលក់ស្ករគ្រាប់បុណ្យណូអែល នៅចុងខែកញ្ញា។ បើយើងមិនប្រយ័ត្នទេ ភាពជន់ជោរនៃសកម្មភាពទាំងអស់នេះ អាចធ្វើឲ្យយើងបាត់អំណរ នៅក្នុងពីធីបុណ្យណូអែល ហើយថែមទាំងធ្វើឲ្យយើងភ្លេចថា ពិធីបុណ្យណូអែល ជារដូវកាលនៃការដឹងគុណ និងកោតខ្លាចព្រះ។

ពេលដែលវិញ្ញាណរបស់ខ្ញុំមានការរំខានយ៉ាងដូចនេះ ខ្ញុំបានព្យាយាមរំឭកខ្លួនឯង អំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល ព្រមទាំងនឹកចាំថា ព្រះយេស៊ូវជានរណា  ហើយហេតុអ្វីទ្រង់យាងមកចាប់កំណើតជាមនុស្ស។ ខ្ញុំបាននឹកចាំ អំពីសេចក្តីស្រឡាញ់ និងព្រះគុណនៃព្រះដែលបានអត់ទោសបាប ដែលបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមកសង្រ្គោះយើង។ ខ្ញុំនឹកចាំថា នៅទីបំផុត មានតែអំណោយមួយប៉ុណ្ណោះ ដែលពិតជាសំខាន់ចំពោះយើង ទ្រង់ជា “អំណោយដែលរកថ្លែងមិនបាន” របស់ព្រះ(២កូរិនថូស ៩:១៥)។ ខ្ញុំនឹកចាំថា សេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ  គឺជាអំណោយ  ហើយក៏ជាអ្នកឲ្យអំណោយ ដែលព្រះបានវេចខ្ចប់ ក្នុងកញ្ចប់អំណោយតែមួយ។

ព្រះយេស៊ូវជាអំណោយសម្រាប់រយៈពេលពេញមួយឆ្នាំ ហើយគ្មានអ្វីដែលអស្ចារ្យដូចព្រះអង្គឡើយ។ “ចូរយើងចូល មកសរសើរដំកើងព្រះអង្គ!”-Bill Crowder