ពេលលោកចច ចូន(Georg Jones) ដែលជាអ្នកចម្រៀងជនបទ របស់អាមេរិក បានលាចាកលោក ក្នុងអាយុ៨១ឆ្នាំ អ្នកគំាទ្ររបស់គាត់ បាននឹកចាំអំពីសម្លេងដ៏គួរឲ្យកត់សំគាល់របស់គាត់ និងអំពីជីវិតដ៏ពិបាក និងការតស៊ូរបស់គាត់។ បទចម្រៀងរបស់គាត់ជាច្រើនបទ បានឆ្លុះបញ្ចាំងអំពីភាពអស់សង្ឃឹម និងក្តីបំណងរបស់គាត់ ហើយទន្ទឹមនឹងនោះ របៀបដែលគាត់ច្រៀងបទចម្រៀងទំាងនោះ បានធ្វើឲ្យប៉ះពាល់ចិត្តអ្នកស្តាប់យ៉ាងខ្លាំង។ លោកក្រេក កូត(Greg Kot) ដែលជាអ្នករិះគន់បទចម្រៀងបាននិយាយ ក្នុងកាសែតឈីហ្កាហ្គោទ្រីបយូនថា “ព្រះបានបង្កើតសម្លេងគាត់មក សម្រាប់ពិពណ៌នា អំពីចិត្តដែលខ្ទេចខ្ទាំ”។

ព្រះគម្ពីរបរិទេវបានរៀបរាប់ អំពីការឈឺចាប់ដែលលោកយេរេមាមាន ចំពោះប្រជាជាតិយូដា ដែលមានចិត្តរឹងរូស មិនព្រមស្តាប់បង្គាប់ព្រះ។ គេច្រើនតែដាក់រហ័សនាមឲ្យគាត់ថា “ហោរាទឹកភ្នែក” ព្រោះគាត់បានធ្វើជាសាក្សីនៃការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ហើយឃើញប្រជាជនរបស់គាត់ ត្រូវគេចាប់ដឹកចេញទៅ ជាឈ្លើយសង្រ្គាម។ គាត់បានដើរវិលវល់ តាមដងផ្លូវនៃទីក្រុង ដោយសេចក្តីទុក្ខធ្ងន់ហួសប្រមាណ(បរិទេវ ១:១-៥)។

ទោះបីជាលោកយេរេមា កំពុងស្ថិតក្នុងពេលដែលខ្មៅងងឹតបំផុតនៃជីវិតយ៉ាងណាក៏ដោយ ក៏គាត់នៅតែមានប្រសាសន៍ថា “តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង។ គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២១-២៣)។

ទោះបីជាយើងកំពុងរងទុក្ខ ដោយសារការសម្រេចចិត្តរបស់ខ្លួនឯង ឬដោយសារការសម្រេចចិត្តរបស់អ្នកដទៃក្តី ភាពអស់សង្ឃឹមអាចគំរាមយើងថា វានឹងធ្វើឲ្យយើងដួលងើបលែងរួច។ ពេលដែលអ្វីៗហាក់ដូចជាបាត់បង់អស់ ចូរយើងឈោងទៅរកភាពស្មោះត្រង់របស់ព្រះអម្ចាស់។ គឺដូចដែលមានសេចក្តីចែងថា “ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់”(ខ.២៤)។-David McCasland