ទគម្ពីរទំនុកដំកើង ជំពូក១៥០ មិនគ្រាន់តែបានបង្ហាញចេញ នូវការសរសើរដំកើង តាមរបៀបដ៏ប្រសើរប៉ុណ្ណោះទេ តែក៏បានបង្រៀនយើង  អំពីការសរសើរដំកើងព្រះអម្ចាស់ផងដែរ។ បទគម្ពីរនេះបានប្រាប់យើង អំពីទីកន្លែងដែលយើងត្រូវសរសើរដំកើង មូលហេតុដែលត្រូវសរសើរដំកើង របៀបដែលត្រូវសរសើរដំកើង និងអ្នកដែលយើងត្រូវសរសើរដំកើង។

យើងត្រូវសរសើរដំកើងព្រះ នៅទីណា? គឺនៅក្នុង “ទីបរិសុទ្ធ”របស់ទ្រង់ និង “នៅចន្លោះអាកាស”(ខ.១)។ ទោះយើងនៅកន្លែងណាក៏ដោយ ក៏យើងនៅតែអាចសរសើរដំកើងព្រះ ដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។

ហេតុអ្វីបានជាយើងត្រូវសរសើរដំកើងព្រះ? ទីមួយ ដោយសារការអ្វីដែលព្រះអង្គបានធ្វើ ដោយ “ការឥទ្ធិឫទ្ធិរបស់ទ្រង់”។ ទីពីរ គឺដោយសារលក្ខណៈសម្បត្តិរបស់ព្រះ។ ជាក់ស្តែង អ្នកនិពន្ធទំនុកដំកើងបានសរសើរដំកើងព្រះ  ដែលមាន  “សណ្ឋានដ៏ធំប្រសើរ”(ខ.២)។ ព្រះអាទិករដ៏មានគ្រប់ចេស្តា ជាអ្នកទ្រទ្រង់ចក្រវាលទាំងមូល ឲ្យបន្តមានវត្តមាន។

តើយើងគួរសរសើរដំកើងដោយរបៀបណា? គឺដោយបន្លឺសម្លេង ដោយភាពស្រគត់ស្រគុំ ដោយភាពទន់ភ្លន់ ដោយភាពក្លៀវក្លា ដោយភាពស៊ីសង្វាក់ ដោយចិត្តក្លាហាន ដោយមិនបានត្រៀមទុកជាមុន ដោយគ្មានការភ័យខ្លាច។ និយាយរួម យើងអាចសរសើរដំកើងព្រះ តាមរបៀបជាច្រើន និងនៅគ្រប់កាលៈទេសៈ(ខ.៣-៥)។

តើនរណាគួរសរសើរដំកើងព្រះ? គឺ “ជីវិតទាំងឡាយដែលមានដង្ហើម”(ខ.៦)។ មនុស្សទាំងក្មេងចាស់ ទាំងអ្នកក្រ និងអ្នកមាន ទាំងអ្នកទន់ខ្សោយ និងអ្នកខ្លាំង។ អ្វីៗទាំងអស់ដែលមានជីវិត គួរសរសើរដំកើងព្រះអង្គ។ ព្រះទ្រង់មានបំណងព្រះទ័យឲ្យជីវិតទាំងអស់ ដែលព្រះអង្គបានប្រទានដង្ហើមជីវិត ឲ្យបានប្រើដង្ហើមនោះ ដើម្បីទទួលស្គាល់អំណាចចេស្តា និងភាពធំប្រសើររបស់ព្រះអង្គ។

ការសរសើរដំកើង គឺជាការបង្ហាញចេញដោយភាពក្លៀវក្លា និងការដឹងគុណ ចំពោះព្រះ ដែលបានសោយរាជ្យ ដោយសិរីល្អជារៀងរហូត។-Julie Ackerman Link