ល្បែងអុក ឬចត្រង្គ គឺជាល្បែងយុទ្ធសាស្រ្តតាំងពីសម័យបុរាណ។ អ្នកលេងទាំងពីរនាក់ចាប់ផ្តើមលេង ដោយមានគ្រាប់អុក១៦គ្រាប់ម្នាក់ នៅលើក្តាអុក ដោយមានគោលដៅតាមព័ទ្ធចាប់ស្តេចរបស់គូប្រកួតខ្លួនឲ្យបាន។ នៅសម័យក្រោយមក គេក៏បានបង្កើតជាទម្រង់ផ្សេងៗនៃល្បែងអុក ដែលក្នុងនោះ មានល្បែងអុកមួយប្រភេទ ដែលឲ្យមនុស្សធ្វើជាគ្រាប់អុក។ លោកឆាល ម៉ាទែល(Charles Martel) ដែលជាចៅហ្វាយខេត្តអូស្រាសៀ បាននាំគេលេងអុកប្រភេទនេះមុខគេ នៅឆ្នាំ៧៣៥នៃគ្រីស្ទសគរាជ។ គាត់បានឲ្យមនុស្សម្នាក់ៗដែលធ្វើជាកូនអុក ស្លៀកពាក់ឯកសណ្ឋាន  ដើម្បីបញ្ជាក់ថា  ខ្លួនជាគ្រាប់អុកអ្វី  នៅលើក្តាអុក។ គាត់បានលេងអុក ដោយឲ្យមនុស្សឈរតម្រៀបគ្នា ជាកូនអុកនៅលើក្តាអុកយក្ស ហើយឲ្យដើរពីក្រឡាមួយទៅក្រឡាមួយទៀត តាមបញ្ជា និងតាមចិត្តរបស់អ្នកលេងអុក។

ក្នុងជីវិតពិត តើមានមនុស្សដែលត្រូវគេប្រើដូចកូនអុក ដើម្បីសម្រេចបំណង ឬគោលដៅរបស់គេឬទេ? មានពេលខ្លះ យើងងាយនឹងមានការងប់ងល់នឹងគោលដៅរបស់យើងណាស់ បានជាយើងចង់ប្រើអ្នកដទៃ ដូចជាកូនអុក ដើម្បីសម្រេចបំណងយើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្រៀនយើង ឲ្យមានទស្សនៈផ្សេងពីនេះ ចំពោះអ្នកដែលនៅជុំវិញយើង។ យើងត្រូវយល់ថា មនុស្សជាស្នារព្រះហស្តដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៦)។ ព្រះអង្គស្រឡាញ់មនុស្សទាំងអស់(យ៉ូហាន ៣:១៦) ហើយយើងក៏ត្រូវស្រឡាញ់ពួកគេផងដែរ។

គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ”(១យ៉ូហាន ៤:៧)។ ដោយសារព្រះទ្រង់ស្រឡាញ់យើងជាមុន នោះយើងត្រូវឆ្លើយតបចំពោះព្រះអង្គវិញ ដោយស្រឡាញ់ព្រះអង្គ និងស្រឡាញ់មនុស្សដែលព្រះអង្គបានបង្កើត ឲ្យមានរូបភាពដូចព្រះអង្គ។-Bill Crowder