ពេលដែលយុវជនឈ្មោះ ចននី អ័ហ្កា(Johnny Agar) ដែលមានអាយុ១៩ឆ្នាំ បានចូលរួមរត់ប្រណាំចម្ងាយ៥គីឡូម៉ែត្រ មានមនុស្សជាច្រើនបានគាំទ្រគាត់ ដែលមានដូចជាក្រុមគ្រួសារ និងមិត្តភ័ក្តិគាត់ ដែលអបអរសាទរជ័យជម្នៈរបស់គាត់។

ចននីមានជម្ងឺពិការខួរក្បាលពីកំណើត ដែលបានបណ្តាលឲ្យគាត់ពិបាកធ្វើសកម្មភាពផ្សេងៗ។ ប៉ុន្តែ លោកចេហ្វ(Jeff) ដែលជាឪពុករបស់គាត់ បានចូលរួមរត់ប្រណាំងជាក្រុមជាមួយគាត់ ដើម្បីប្រកួតនៅក្នុងការរត់ប្រណាំជាច្រើន ដោយបុរសដែលជាឪពុករុញចននីដែលនៅលើរទេះរុញ។ ប៉ុន្តែ ថ្ងៃមួយ ចននីចង់រត់ឲ្យដល់ទីដោយខ្លួនឯង។ ពេលដែលពួកគេបានទៅដល់ពាក់កណ្តាលទីហើយ ឪពុករបស់គាត់ក៏បានដាក់គាត់ចុះពីរទេះ ជួយទប់ឲ្យគាត់ដើរទៅមុខ ហើយចាំជួយទប់គាត់ ពេលដែលគាត់បញ្ចប់ការរត់ប្រណាំងដោយជើងទាំងពីររបស់គាត់។ ការនេះបាននាំឲ្យមានកម្មវិធីអបអរសាទរដ៏ធំសម្រាប់គាត់ ដែលមានមិត្តភ័ក្តិ និងក្រុមគ្រួសារមកអបអរជ័យជម្នះរបស់គាត់។ ចននីបានថ្លែងទៅកាន់អ្នកយកពត៌មានថា “ការគាំទ្ររបស់ពួកគេ ធ្វើឲ្យខ្ញុំកាន់តែមានភាពងាយស្រួល នៅក្នុងការប្រកួត។ ការលើកទឹកចិត្តរបស់ពួកគេបានជម្រុញចិត្តខ្ញុំ”។

សម្រាប់យើងដែលជាគ្រីស្ទបរិស័ទ តើនេះមិនមែនជាការអ្វី ដែលយើងត្រូវធ្វើសម្រាប់គ្នាទៅវិញទៅមកទេឬ?  គឺដូចដែលបទគម្ពីរហេព្រើ ១០:២៤ បានរំឭកយើងថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”។ ពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមក តាមគំរូព្រះសង្រ្គោះនៃយើង(យ៉ូហាន ១៣:៣៤-៣៥) នោះសូមយើងស្រមៃ អំពីភាពខុសប្លែកដែលអាចកើតឡើង ពេលដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយយើងដឹងថា នៅពីក្រោយយើង គឺមានមិត្តភ័ក្តិមួយក្រុមដែលគាំទ្រ និងអបអរយើង។ បើយើងគិតឲ្យបានស៊ីជម្រៅ  អំពីសេចក្តីបង្រៀន ដែលបានប្រាប់យើងឲ្យ “កម្សាន្តចិត្ត និងស្អាងគ្នាទៅវិញទៅមក”(១ថែស្សាឡូនិច ៥:១១) នោះការរត់ប្រណាំងខាងវិញ្ញាណ នឹងកាន់តែមានភាពងាយស្រួលសម្រាប់យើង។-Dave Branon