ប្ជាជននៅប្រទេសអ៊ុយក្រែន បានរាប់បញ្ចូលធាតុផ្សំដ៏អស្ចារ្យជាច្រើន នៅក្នុងការប្រារព្ធពិធីបុណ្យណូអែល។ ជួនកាល ពួកគេបានយកចំប៊ើង មកតម្រៀបនៅលើតុអាហារពេលល្ងាច ដើម្បីរំឭកអំពីស្នូកសត្វ ដែលព្រះយេស៊ូវបានផ្ទុំ នៅភូមិបេថ្លេហិម។ ការប្រារព្ធធ្វើមួយទៀត បានរំឭកអំពីព្រឹត្តិការណ៍ជាច្រើន ដែលបានកើតឡើង នៅពេលយប់ដែលព្រះសង្រ្គោះបានយាងចុះមកយកកំណើតក្នុងលោកិយ។  បន្ទាប់ពីការអធិស្ឋានសម្រាប់ពិធីបុណ្យណូអែល ត្រូវបានធ្វើឡើងហើយ  បុរសជាឪពុកនៃគ្រួសារក៏បានពោលឡើងថា   “ព្រះគ្រីស្ទបានប្រសូត្រហើយ!” ហើយក្រុមគ្រួសារក៏បានឆ្លើយតបថា “ចូរយើងថ្វាយសិរីល្អដល់ព្រះអង្គ!”

ពាក្យពេចន៍ដែលគេបានពោលឡើងនេះ បាននាំឲ្យខ្ញុំនឹកចាំ អំពីទិដ្ឋភាពនៃទេវតា ដែលនៅលើមេឃ នៅភូមិបេថ្លេហិម នៅពេលយប់ដែលព្រះគ្រីស្ទបានប្រសូត្រ។ យប់នោះ ទេវតានៃព្រះអម្ចាស់បានប្រកាសថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា ២:១១)។ ពួកទេវតាក៏បានបន្ទរថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។

នេះជាពាក្យពេចន៍ដ៏មានន័យ សម្រាប់រដូវកាលដ៏អស្ចារ្យប្រចាំឆ្នាំនីមួយៗ។ ព្រះសង្រ្គោះបានយាងមកហើយ ដើម្បីនាំការអត់ទោសបាប និងក្តីសង្ឃឹម ហើយព្រះអង្គសក្តិសមនឹងទទួលការថ្វាយបង្គំ ពីយើងរាល់គ្នា។

សូមឲ្យអស់អ្នក ដែលបានស្គាល់ភាពអស្ចារ្យនៃជីវិតអស់កល្បជានិច្ច ចូលរួមជាមួយពួកទេវតា ដោយប្រកាសឡើងថា “សូមថ្វាយសិរីល្អដល់ព្រះដ៏ខ្ពស់បំផុត”។-Bill Crowder