ក្រុមគ្រួសាររបស់ខ្ញុំ បានប្រារព្ធពិធីបុណ្យណូអែលជារៀងរាល់ឆ្នាំ នៅផ្ទះយើង ហើយនៅឆ្នាំខ្លះកម្មវិធីមានលក្ខណៈ ដូចឆ្នាំមុនៗ។ ដែលក្នុងនោះ ពេលដែលក្មេងៗកំពុងបើកអំណោយថ្ងៃបុណ្យណូអែល ម៉ាធី(Martie)ភរិយារបស់ខ្ញុំបានប្រាប់ពួកគេ ឲ្យរក្សាទុកក្រដាស់ខ្ចប់កាដូនោះ សម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយទៀត។ ម៉ាធីចូលចិត្តចែកអំណោយល្អៗ ប៉ុន្តែ នាងក៏ចូលចិត្តវេចខ្ចប់កាដូឲ្យបានស្អាត។ ការរុំ ឬវេចខ្ចប់ឲ្យបានស្អាត ក៏ជាផ្នែកមួយនៃរូបសម្រស់របស់អំណោយផងដែរ។

ការនេះបានធ្វើឲ្យខ្ញុំគិត អំពីការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ ធ្វើជាអំណោយ នៃការប្រោសលោះមនុស្សទាំងអស់ឲ្យរួចពីបាប ដែលក្នុងនោះ ព្រះអង្គក៏បានសម្រេចព្រះទ័យដណ្តប់ព្រះកាយព្រះអង្គ ធ្វើជាអំណោយផងដែរ។ ព្រះអង្គអាចដណ្តប់ព្រះកាយព្រះអង្គ ដោយគ្រឿងដែលបង្ហាញពីអំណាច ដែលគួរឲ្យភ្ញាក់ផ្អើល ដោយធ្វើឲ្យផ្ទៃមេឃភ្លឺចែងចាំង ដោយពន្លឺភ្លឺព្រោងព្រាតនៃព្រះវត្តមានព្រះអង្គ។    ផ្ទុយទៅវិញ   ព្រះអង្គបានសម្រេចព្រះទ័យដណ្តប់ព្រះកាយ “ឲ្យមានរូបជាមនុស្ស”(ភីលីព ២:៧) ដែលផ្ទុយពីរូបសម្រស់ដ៏រុងរឿង នៅក្នុងបទគម្ពីរលោកុប្បត្តិ ១:២៦។

ហេតុអ្វីបានជាការដណ្តប់ព្រះកាយ សំខាន់យ៉ាងនេះ? ពីព្រោះព្រះអង្គអាចរងទុក្ខវេទនាដូចជាយើងរាល់គ្នាដែរ ពេលដែលព្រះអង្គមានរូបជាមនុស្ស។ ព្រះអង្គបានឆ្លងកាត់ភាពឯកកោ និងការក្បត់របស់មិត្តសំឡាញ់។ ព្រះអង្គបានទទួលភាពអាម៉ាសជាសាធារណៈ ដោយគេយល់ច្រឡំ ហើយចោទបង្ខូចព្រះអង្គ។ និយាយឲ្យខ្លី ព្រះអង្គបានទទួលការឈឺចាប់របស់យើង។ ហេតុនេះហើយ បានជាអ្នកនិពន្ធព្រះគម្ពីរហេព្រើបានប្រាប់យើងថា យើងអាច “មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ហេព្រើ ៤:១៦)។

ពេលយើងគិតអំពីអំណោយនៃព្រះយេស៊ូវ ក្នុងរដូវកាលនៃបុណ្យណូអែលឆ្នាំនេះ សូមនឹកចាំ អំពីសម្បកកញ្ចប់ នៃអំណោយដែលព្រះប្រទានមកមនុស្សលោកផងដែរ!-Joe Stowell