កាលពីប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារខ្ញុំបានធ្វើដំណើរទៅលេងផ្ទះម្តាយរបស់ខ្ញុំ កាត់តាមរដ្ឋអូហៃយ៉ូ។ ពេលយើងទៅដល់ទីក្រុងកូឡំបឺស យើងក៏បានទទួលពត៌មានដាស់តឿន អំពីខ្យល់កួចថូនេដូ។ ភ្លាមៗនោះ អ្វីៗស្រាប់តែមានការប្រែប្រួល ហើយយើងភ័យខ្លាចកូនៗរបស់យើងមានគ្រោះថ្នាក់។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីស្ថានភាពរបស់គ្រួសារលោកយ៉ូសែប ពេលដែលគាត់ និងនាងម៉ារា ព្រមទាំងព្រះឱរសយេស៊ូវត្រូវធ្វើដំណើរភៀសខ្លួនទៅនគរអេស៊ីព្ទ។ ស្តេចហេរ៉ូឌ បានគំរាមកំហែងជីវិតពួកគេ ពេលដែលស្តេចអង្គនេះព្យាយាមតាមសម្លាប់បុត្រតូចរបស់ពួកគេ។ ចូរយើងនឹកស្រមៃថា ពួកគេមានការភ័យខ្លាចប៉ុណ្ណា ពេលដែលបានដឹងថា “ហេរ៉ូឌនឹងរកសម្លាប់បុត្រតូច”(ម៉ាថាយ ២:១៣)។

តាមធម្មតា ក្នុងពិធីបុណ្យណូអែល យើងច្រើនតែនឹកចាំ អំពីទិដ្ឋភាពដែលមានសត្វគោឱនក្បាល ហើយមានពួកគង្វាលលុតជង្គង់ជុំវិញព្រះឱរសយេស៊ូវ និងនាងម៉ារា ព្រមទាំងលោកយ៉ូសែប ដែលនោះជាទិដ្ឋភាពនៃភាពសុខសាន្ត។ ប៉ុន្តែ បន្ទាប់ពីយប់ដ៏សុខសាន្តនោះ  ក្រុមគ្រួសាររបស់ព្រះយេស៊ូវមិនមានសុវត្ថិភាពឡើយ  ខណៈពេលដែលពួកគេត្រូវគេចចេញពីការតាមសម្លាប់របស់ស្តេចហេរ៉ូឌ។ ពួកគេបានភៀសខ្លួនទៅនគរអេស៊ីព្ទ   រហូតដល់ពេលដែលទេវតាបានប្រាប់ថា  ពួកគេអាចត្រឡប់មកវិញដោយសុវត្ថិភាព ទើបពួកគេបានវិលត្រឡប់មកផ្ទះ នៅភូមិណាសារ៉ែតវិញ(ខ.២០-២៣)។

ដូចនេះ តើយើងគួរតែមានចិត្តស្ញប់ស្ញែងយ៉ាងណា ចំពោះការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមានអំណាចចេស្តា និងពេញដោយសិរីល្អនៅនគរស្ថានសួគ៌ ជាមួយព្រះវរបិតា តែបានលះចោលភាពធំឧត្តម្ភនោះ ដើម្បីយាងមកប្រសូត្រក្នុងភាពក្រីក្រ ប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ហើយសុគតនៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា។ ការចាកចេញពីទឹកដីអេស៊ីព្ទ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ តែអ្វីដែលអស្ចារ្យនោះ  គឺព្រះអង្គបានយាងចុះពីនគរស្ថានសួគ៌ មករកយើងរាល់គ្នា!-Dave Branon