ខ្ញុំបានធ្វើជាអ្នកចាត់ចែង ក្នុងពិធីមង្គលការជាច្រើន។ ជាញឹកញាប់ ខ្ញុំបានរៀបចំពិធីមង្គលការឲ្យពួកគេ តាមក្តីស្រម៉ៃរបស់កូនក្រមុំ ដូចនេះ ពិធីមង្គលការនីមួយៗ ដែលខ្ញុំបានរៀបចំ មានលក្ខណៈពិសេសខុសៗគ្នា។ តែមានលក្ខណៈដូចគ្នា ត្រង់ចំណុច ដែលកូនក្រមុំនីមួយៗ សុទ្ធតែបានតុបតែងសក់ និងមុខយ៉ាងស្រស់ស្អាតណាស់ ធ្វើឲ្យពួកគេក្លាយជាមនុស្សមានសម្រស់ទាក់ទាញជាងគេ ក្នុងកម្មវិធីទាំងមូល។
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលព្រះទ្រង់បានពិពណ៌នាថា គ្រីស្ទបរិស័ទជាកូនក្រមុំរបស់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលអំពីពួកជំនុំថា “ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច”(វិវរណៈ ១៩:៧)។
សម្រាប់អ្នកដែលមានការបាក់ទឹកចិត្ត ដោយសារស្ថានភាពនៃពួកជំនុំ សូមពិចារណាអំពីព្រះបន្ទូលទ្រង់ នៅក្នុងបទគម្ពីរនេះចុះ។ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងនាមជាកូនរបស់គ្រូគង្វាល។ ខ្ញុំក៏បានក្លាយជាគ្រូគង្វាល របស់ព្រះវិហារបីកន្លែង ហើយក៏បានធ្វើដំណើរ ទៅអធិប្បាយ នៅតាមបណ្តាព្រះវិហារជាច្រើន នៅទូទាំងពិភពលោក។ ខ្ញុំបានផ្តល់ការប្រឹក្សាយោបល់ ដល់គ្រូគង្វាល ក៏ដូចជាសមាជិកពួកជំនុំ អំពីបញ្ហាតូចធំ ក្នុងពួកជំនុំ ដែលនាំឲ្យមានក្តីកង្វល់។ ទោះបីជាពួកជំនុំ ច្រើនតែមានលក្ខណៈដែលមិនគួរឲ្យស្រឡាញ់ក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះពួកជំនុំ មិនដែលប្រែប្រួលឡើយ។
ភាគច្រើន បានជាខ្ញុំស្រឡាញ់ពួកជំនុំ ព្រោះពួកជំនុំគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ និងជាកូនក្រមុំរបស់ទ្រង់។ ដោយសារពួកជំនុំមានតម្លៃបំផុត ចំពោះព្រះគ្រីស្ទ នោះពួកជំនុំក៏មានតម្លៃចំពោះខ្ញុំផងដែរ។ ទោះយើងមិនល្អគ្រប់លក្ខណ៍ក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះកូនក្រមុំរបស់ទ្រង់ នៅតែជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យជានិច្ច។-Joe Stowell