នៅក្រោយសម័យសង្រ្គាមស៊ីវិលអាមេរិក(ឆ្នាំ១៨៦១ ដល់ ១៨៦៥) លោកលូវ វ៉លលេស(Lew Wallace) ដែលជាឧត្តមសេនីយនៃរដ្ឋសហព័ន្ធ បានបម្រើការជាអភិបាលនៃទឹកដីញូមិចស៊ីកូ ដែលកាលនោះ ញូមិចស៊ីកូមិនទាន់ក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ដោយសារគាត់បានធ្វើការនៅទីនោះ គាត់ក៏បានមានទំនាក់ទំនងជាមួយមនុស្សល្បីៗជាច្រើន ក្នុងសង្គមខៅប៊យ បាញ់បោះសេរី ក្នុងតំបន់ខាងលិចនៃសហរដ្ឋអាមេរិក ដែលមានដូចជាលោក ប៊ីលី ដឺ ឃីត(Billy the Kid) និងលោកមេតំរួត ផាត ហ្ការេត(Pat Garrett) ជាដើម។ គឺនៅតំបន់នោះហើយ ដែលលោកវ៉លលេសបាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ប៊េន ហរ : រឿងនិទាន អំពីព្រះគ្រីស្ទ” ដែលអ្នកខ្លះបានហៅសៀវភៅនេះថា “សៀវភៅគ្រីស្ទបរិស័ទ ដែលមានឥទ្ធិពលបំផុត” ក្នុងសតវត្សរ៍ទី១៩។
លោកវលលេសបានធ្វើជាសាក្សី ដែលបានឃើញផលវិបាកដ៏អាក្រក់បំផុត ដែលអំពើបាបមានចំពោះមនុស្សជាតិ ពេលដែលគាត់បានឃើញអំពើហឹង្សាក្នុងសង្រ្គាមស៊ីវិល និងក្នុងសង្គមខោប៊យបាញ់បោះសេរី។ ក្នុងជីវិត និងសៀវភៅដែលលក់ដាច់បំផុតរបស់លោកវលលេស គាត់បានដឹងថា មានតែរឿងដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលមានអំណាចនាំឲ្យមនុស្សទទួលការប្រោះលោះ និងការផ្សះផ្សាឲ្យជានឹងព្រះវិញ។
សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ជីវិតយើងឈានដល់កម្រឹតដែលប្រសើរបំផុត នៅពេលដែលព្រះ “ប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់”(កូល៉ុស ១:១៣-១៤)។ សព្វថ្ងៃនេះ យើងមានអភ័យឯកសិទ្ធិ ធ្វើជាអ្នកនិទានរឿងនៃការប្រោសលោះដ៏អស្ចារ្យរបស់ព្រះ ឲ្យអ្នកដទៃបានដឹង។-Randy Kilgore