នៅបន្ទាត់ទីមួយនៃបទគោរពទង់ជាតិរបស់ប្រទេសហ្គាណា គេច្រៀងថា “សូមព្រះអម្ចាស់ ប្រទានពរមាតុភូមិយើង”។ នៅក្នុងចម្រៀងជាតិរបស់ប្រទេសដទៃទៀត នៅទ្វីបអាហ្រ្វិក មានឃ្លាដែលគេច្រៀងថា “ឱប្រទេស យូហ្គាន់ដា សូមព្រះថែរក្សាអ្នក” នៅប្រទេសអាហ្រ្វិកខាងត្បូង គេច្រៀងថា “ឱព្រះអម្ចាស់ សូមប្រទានពរប្រជាជាតិយើងខ្ញុំ” ហើយនៅប្រទេសនីហ្សេរីយ៉ាវិញ គេច្រៀងថា “ឱព្រះអាទិករ សូមនាំផ្លូវយើងខ្ញុំ ទៅរកគោលដៅដ៏ថ្លៃថ្លា”។ នៅអាមេរិក ចម្រៀងជាតិគឺជាសេចក្តីអធិស្ឋាន ដែលបិតាជាតិអាមេរិក បានតាក់តែង ដើម្បីសូមឲ្យព្រះទ្រង់ ប្រទានពរដល់ទឹកដី និងប្រជាជនរបស់ខ្លួន។ បទចម្រៀចជាតិរបស់ប្រទេសជាច្រើន នៅអាហ្រ្វិក និងនៅតំបន់ដទៃទៀត បានចង្អុលបង្ហាញប្រាប់គេថា ព្រះទ្រង់ជាព្រះអាទិករ និងអ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនោះ នៅបន្ទាត់ដទៃទៀត នៃចម្រៀងជាតិរបស់ប្រទេសទាំងនោះ ក៏មានការអំពាវនាវឲ្យមានការផ្សះផ្សា ការផ្លាស់ប្តូរ និងក្តីសង្ឃឹម សម្រាប់ប្រជាជន ដែលជាញឹកញាប់មានការបែកបាក់គ្នា ដោយសារមានដើមកំណើត និន្នាការនយោបាយ និងសង្គមខុសគ្នា។
ប៉ុន្តែ សព្វថ្ងៃ មានអ្នកដឹកនាំ និងប្រជាពលរដ្ឋ នៅតាមប្រទេសជាច្រើន បានភ្លេចព្រះ ហើយមិនបានរស់នៅ ឲ្យស្របតាមចម្រៀងជាតិរបស់ខ្លួន ជាពិសេសនៅពេលដែលការរស់នៅ មានភាពសុខស្រួល។ ប៉ុន្តែ ហេតុអ្វីបានជាទាល់តែមានសង្គ្រាម ជម្ងឺ ភារវៈកម្ម ឬមានការបោះឆ្នោតដែលមានអំពើហឹង្សា ទើបយើងភ្ញាក់ខ្លួន ហើយស្វែងរកព្រះ? លោកម៉ូសេបានដាស់តឿនពួកអ៊ីស្រាអែលនៅសម័យបុរាណ កុំឲ្យភ្លេចព្រះ ហើយមិនត្រូវឈប់ដើរតាមផ្លូវទ្រង់ ពេលដែលជីវិតមានភាពសុខសប្បាយនោះឡើយ(ចោទិយកថា ៨:១១)។ បទគម្ពីរសាស្តា ១២:១ បានលើកទឹកចិត្តយើងឲ្យ “នឹកចាំ អំពីព្រះដែលបានបង្កើតយើងមក … មុនពេលដែលថ្ងៃអាក្រក់មកដល់”។
ការចូលទៅជិតទ្រង់ ពេលដែលយើងមានកម្លាំង និងមានសុខភាពល្អ នាំឲ្យយើងចេះពឹងផ្អែកលើទ្រង់ ដើម្បីទទួលការផ្គត់ផ្គង់ និងក្តីសង្ឃឹម ពេលដែលមានទុក្ខលំបាកនៅក្នុងជីវិត។-Lawrence Darmani