តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Lawrence Darmani

ការសរសើរដំកើងសេចក្តីល្អរបស់ព្រះ

មាន​គ្នា​យើង​ម្នាក់ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ បាន​ឲ្យ​យោបល​ថា យើង​គួរ​តែ​នាំ​គ្នា​និពន្ធ​បទ​ច្រៀង​ទំនុក​ដំកើង ដោយ​ខ្លួន​ឯង។ ពី​ដំបូង គ្នា​យើង​ខ្លះបាន​ប្រកែក​ថា ពួក​គេ​មិន​មាន​អំណោយ​ទាន​និពន្ធ​បទ​ចម្រៀង​ទេ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត ម្នាក់​ៗ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​បែប​កំណាព្យ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​និយាយ​អំពី​របៀប​ដែល​ព្រះទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​ពួក​គេ។ យើង​បាន​ធ្វើ​ការ​និពន្ធ ចេញ​ពី​ទុក្ខ​លំបាក ការ​ការពារ និង​ផ្គត់​ផ្គង់​របស់​ព្រះ ព្រមទាំង​ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក ធ្វើ​ឲ្យ​បទ​ចម្រៀង​ទំនុក​ដំកើង​របស់​យើង មាន​ខ្លឹម​សារ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត។ បទ​ចម្រៀងទំនុក​ដំកើង​របស់​យើង បាន​បង្ហាញ​សេចក្តី​ពិត គឺ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប គឺ​មិន​ខុស​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៦​ឡើយ។

យើង​រាល់​គ្នា សុទ្ធ​តែ​មាន​រឿង ដើម្បី​រៀប​រាប់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ មិន​ថា​តែ​យើង​ពិពណ៌​នា​ តាម​រយៈ​ការ​និពន្ធ ឬ​ច្រៀង​បទ​ទំនុក​ដំកើង ឬ​ក៏​និយាយ​ប្រាប់​គេ​ក៏​ដោយ។ សម្រាប់​អ្នក​ខ្លះ បទ​ពិសោធន៍​របស់​ពួក​គេ​មាន​លក្ខណៈ​រំភើប​រីក​រាយ ឬ​មាន​ភាព​ធ្ងន់​ធ្ងរ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៦ ដែល​បាន​និយាយ​រំឭក​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ការ​ជាប់​ចំណង ហើយ​បង្រ្កាប​ខ្មាំង​សត្រូវ​របស់​ទ្រង់(ខ.១០-១៥)។ អ្នក​ខ្លះប្រហែល​ជា​គ្រាន់​តែ​ពិពណ៌នា អំពី​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ យ៉ាង​ដូច​នេះ​ថា “គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា … ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក … ​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន … គឺ​ព្រះអាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ … និង​ព្រះចន្ទ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺ នៅ​ពេល​យប់”(ខ.៥-៩)។

ការ​នឹក​ចាំ​ថា ព្រះ​ទ្រង់​ជា​នរណា…

កម្លាំង នៅក្នុងការឈឺចាប់

ពេល​ដែល​យុវ​ជន សេមមី(Sammy) អាយុ​១៨​ឆ្នាំ បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ ក្រុម​គ្រួសារ​គាត់​ក៏​បាន​កាត់​កាល់​គាត់​ចោល ដោយ​ប្រពៃណីយ​របស់​ពួក​គេ​បាន​ប្រកាន់​ខ្ជាប់​សាសនា​ផ្សេង។ ប៉ុន្តែ មាន​សហគមន៍​គ្រីស្ទ​បរិស័ទ​មួយ បាន​ទទួល​ស្វាគមន៍​គាត់ ដោយ​ផ្តល់​ឲ្យ​គាត់ នូវ​ការ​លើក​ទឹក​ចិត្ត និង​ធន​ធាន​ផ្នែក​ហរិញ្ញ​វត្ថុ សម្រាប់​ការ​អប់រំ​របស់​គាត់។ ក្រោយ​មក ពេល​ដែល​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ​របស់​គាត់ ត្រូវ​បាន​គេ​យក​មក​បោះពុម្ភ​ផ្សាយ នៅ​ក្នុង​ទស្សនា​វដ្តី​មួយ គាត់​ក៏​បាន​ជួប​ការ​បៀត​បៀន​កាន់​តែ​ខ្លាំង។

ប៉ុន្តែ សេមមី​មិន​បាន​ឈប់​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​គាត់​ឡើយ។ គាត់​បាន​ទៅ​លេង​ពួក​គេ ពេល​ណា​គាត់​មានឱកាស ហើយ​ក៏​បាន​និយាយ​ជា​មួយ​ឪពុក​របស់​គាត់ ទោះ​បង​ប្អួន​បង្កើត​របស់​គាត់ បាន​ព្យាយាម​រារាំង​គាត់ មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ្រួសារ​ក៏​ដោយ។ ពេល​ដែល​ឪពុក​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ សេមមី​ក៏​បាន​ទៅ​ជួយ​ថែរ​ជម្ងឺ​គាត់ ដោយ​មិន​ខ្វល់​ពី​ការ​ប្រមាថ​មើល​ងាយ​របស់​ក្រុម​គ្រួសារ​របស់​គាត់។ ក្រោយ​មក ទី​បន្ទាល់​នៃ​ការ​រស់​នៅ​ដោយ​ក្តីស្រឡាញ់​របស់​គាត់ ក៏​បាន​បន្ទន់​ឥរិយ៉ាបថ ដែល​ពួក​គេ​មាន​ចំពោះ​គាត់ ហើយ​អ្នក​ខ្លះ នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់ ក៏​មាន​ចិត្ត​ចង់​ស្តាប់​គាត់​និយាយ​អំពី​ព្រះ​យេស៊ូវ។

ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ អាច​នាំ​ឲ្យ​យើង​ជួប​ការ​លំបាក​ច្រើន។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ”(១ពេត្រុស ២:១៩)។ ពេល​យើង​ឆ្លង​កាត់​ការ​លំបាក ឬ​ទុក្ខ​វេទនា ដោយ​សារ​សេចក្តី​ជំនឿ​របស់​យើង គឺ​យើង​បាន​រងទុក្ខ​ ដោយ​សារ​ “ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់”(ខ.២១)។

សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​ដទៃ​បាន​ជេរ​ប្រមាថ​ព្រះយេស៊ូវ “នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហកកំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំជំរះ​ដោយ​សុចរិត​វិញ”(ខ.២៣)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​រង​ទុក្ខ…

ការមមុលទៅមុខ

ពេល​ដែល​ខ្ញុំ​កំពុង​ដើរ​កាត់​តាម​ផ្លូវ​ដើរ ជាប់​នឹង​ជញ្ជាំង​ខាង​ក្រៅ នៃ​អគារ​ការិយាល័យ​របស់​ខ្ញុំ ខ្ញុំ​មាន​ចិត្ត​រីក​រាយ ពេល​ដែល​ឃើញ​ដើម​ផ្កា​ដ៏​ស្រស់​បំព្រង កំពុង​លូត​លាស់ តាម​ក្រហែង​ថ្ម ទោះ​ជា​ស្ថាន​ភាព​របស់​វាមាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ រុក្ខ​ជាតិ​នេះ​បាន​រក​ឃើញ​កន្លែង​ឈរ​យ៉ាង​មាំ​មួន ដោយ​ចាក់​ឫស​ចូល​ទៅ​ក្នុង​ក្រហែង​ថ្ម​ស្ងួត ហើយ​ក៏​បាន​លូត​លាស់​យ៉ាង​ប្រសើរ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត​មាន​ប្រអប់​កង្ហា​ម៉ាស៊ីន​ត្រជាក់ មាន​ទីតាំង​ចំ​ពី​លើ​ដើម​ផ្កា​មួយ​នេះ ហើយ​បាន​ស្រក់​ទឹក​ពី​លើ​វា ពេញ​មួយ​ថ្ងៃ។ ទោះ​ស្ថាន​ភាព​នៅ​ជុំវិញ​វា មិន​មាន​លក្ខណៈ​អំណោយ​ផល​ក៏​ដោយ ក៏​វា​នៅ​តែ​បាន​ទទួល​ជំនួយ​ដែល​វា​ត្រូវ​ការ ពី​ទឹក​ដែល​ស្រក់​មក​ពី​លើ។

យ៉ាង​ណា​មិញ ជួន​កាល ការ​លូត​លាស់​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ អាច​មាន​ការ​ពិបាក ប៉ុន្តែ ពេល​ដែល​យើង​មាន​ការ​ទ្រាំអត់ ជា​មួយ​ព្រះ​គ្រីស្ទ នោះ​យើង​អាច​ជម្នះ​ឧបស័គ្គ​នា​នា។ កាលៈ​ទេសៈ​របស់​យើង​ប្រហែល​ជា​មិន​អំណោយ​ផល ​ហើយ​ការ​បាក់​ទឹក​ចិត្ត​ហាក់​ដូច​ជា​ឧប​ស័គ្គ។ ប៉ុន្តែ ពេល​ដែល​យើង​បន្ត​មមុល​ទៅ​មុខ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះអម្ចាស់ យើង​អាច​លូត​លាស់​យ៉ាង​ប្រសើរ ដូច​ដើម​ផ្កា​មួយ​នោះ​ដែរ។​ នេះ​ហើយ​ជា​បទ​ពិសោធន៍​ដែល​សាវ័ក​ប៉ុល​បាន​ឆ្លង​កាត់​នោះ។​ ទោះ​ជា​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​ណា ហើយ​គាត់​បាន​ជួប​ឧបស័គ្គ​អ្វី​ក៏​ដោយ​(២កូរិនថូស ១១:២៣-២៧) គាត់​មិន​ព្រម​ចុះ​ចាញ់​ឡើយ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១២,១៤)

សាវ័ក​ប៉ុល​ដឹង​ថា គាត់​អាច​ធ្វើ​ការ​គ្រប់​យ៉ាង ដោយ​សារ​ព្រះ​អម្ចាស់ ដែល​ចម្រើន​កម្លាំង​ឲ្យ​គាត់(៤:១៣) ហើយ​យើង​ក៏​អាច​ធ្វើ​ការ​គ្រប់​យ៉ាង​ផង​ដែរ ពេល​ដែល​យើង​បន្ត​មមុល​ទៅ​មុខ ដោយ​ជំនួយ​ពី​ព្រះ​មួយ​អង្គ ដែល​ប្រទាន​កម្លាំង​ឲ្យ​យើង។-LAWRENCE DARMANI

ការអញ្ជើញឲ្យមកសម្រាក

ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​មិត្ត​ភក្តិ​ម្នាក់ នៅ​បន្ទប់​សង្រ្គោះ​បន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ ខ្ញុំ​មាន​ការ​ប៉ះ​ពាល​ចិត្ត​យ៉ាង​ខ្លាំង ពេល​បាន​ឮ​សម្លេង​នៃ​ការ​ឈឺ​ចាប់​របស់​អ្នក​ជម្ងឺ​ដទៃ​ទៀត ​នៅ​ក្បែរ​នោះ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ និង​អ្នក​ជម្ងឺ​ទាំង​នោះ ហើយ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ជា​ថ្មី​ម្តង​ទៀត​ថា ជីវិត​របស់​មនុស្ស​នៅ​លើ​ផែន​ដី​នេះ ពិត​ជា​ខ្លី​យ៉ាង​ណា។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹកចាំ អំពី​បទ​ចម្រៀង​ជន​បទ​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ តាំង​ពី​យូរ​មក​ហើយ ដែល​ច្រៀង​ដោយ​លោក​ជីម រីវ(Jim Reeves) ដែល​និយាយ​អំពី លោកិយ​នេះ​ដែល​មិន​មែន​ជា​ផ្ទះរ​បស់​យើង​ទេ ព្រោះ “យើងគ្រាន់​តែ​ជា​អ្នក​ដំណើរ”។

លោកិយ​នេះ​មាន​ពេញ​ដោយ​ភាព​នឿយ​ហត់ ការ​ឈឺ​ចាប់ ការ​ស្រេក​ឃ្លាន បំណុល ភាព​ក្រីក្រ ជម្ងឺ និង​សេចក្តី​ស្លាប់។ ដោយ​សារ​យើង​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​លោកិយ​នេះ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​អញ្ជើញ​សម្រាប់​មនុស្ស​គ្រប់​សម័យ​កាល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ យើង​ត្រូវ​ការ​ការ​សម្រាក​នេះ។

ក្នុង​ចំណោម​ពិធី​បុណ្យ​សព​ដែល​ខ្ញុំ​បាន​ចូល​រួម ខ្ញុំ​ច្រើន​តែ​ឃើញ​គេ​ដក​ស្រង់​បទ​គម្ពីរ ដែល​និយាយ​អំពី​ការ​ថ្លែង​ទំនាយ​របស់​សាវ័ក​យ៉ូហាន អំពី “ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី”(វិវរណៈ ២១:១-៥) ព្រោះ​បទ​គម្ពីរ​នេះ សក្តិ​សម​សម្រាប់​ពីធី​បុណ្យ​សព​ណាស់។ ប៉ុន្តែ ខ្ញុំ​ជឿ​ថា បទ​គម្ពីរ​នេះ​បាន​ចែង​សម្រាប់​អ្នក​នៅ​រស់ ច្រើន​ជាង​សម្រាប់​មនុស្ស​ស្លាប់។ យើង​ត្រូវ​ស្តាប់​តាម​ការ​អញ្ជើញរបស់​ព្រះ​យេស៊ូវ ឲ្យ​ចូល​មក​សម្រាក​ក្នុង​ទ្រង់ នៅ​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នៅ​ឡើយ។ ទាល់​តែ​យើង​បាន​ស្តាប់​បង្គាប់​តាម​ទ្រង់ ទើប​យើង​មាន​សិទ្ធិ​ទទួល​ព្រះ​ពរ​តាម​ព្រះ​បន្ទូល​សន្យា ក្នុង​ព្រះ​គម្ពីរ​វិវរណៈ។ ព្រះ​ទ្រង់​នឹង​គង់​នៅ​ក្នុង​កណ្តាល​ចំណោម​យើង​រាល់​គ្នា(ខ.៣)។ ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​យើងរាល់​គ្នា(ខ.៤)។ “សេចក្តី​ស្លាប់ ឬ​ការ​សោក​សង្រេង​…

ពេលដែលមិនត្រូវអរសប្បាយ

ក្នុង​ប្រពៃណីយ​របស់​ជន​ជាតិ​អ័ខាន(Akan) នៅ​ប្រទេស​ហ្កាណា មាន​សុភាសិត​មួយ​ពោល​ថា “សត្វ​បង្កួយ​ខឹង​នឹង​ក្មេង​ប្រុស ដែល​បាន​ចោល​ថ្ម​ដាក់​វា តែ​វា​ខឹង​កាន់​តែ​ខ្លាំង ចំពោះ​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ឈរ​ឱប​ដៃ​មើល ហើយ​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​វា!” ការ​អរសប្បាយ​នឹង​ការ​ដួល​ចុះ​របស់​អ្នក​ដទៃ គឺ​មិន​ខុស​ពី​ការ​ចូល​រួម ជា​មួយ​អ្នក​ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ចុះ​នោះ​ឡើយ ឬ​ថែម​ទាំង​មិន​ខុស​ពី​ការ​ប្រាថ្នា​ចង់​ឲ្យ​គាត់​ជួប​ការ​អាក្រក់​កាន់​តែ​ច្រើន។

នោះ​ជា​អាកប្ប​កិរិយ៉ា​របស់​ពួកសាសន៍​អាំម៉ូន ដែល​បាន​សើច​ចម្អក​យ៉ាង​សប្បាយ​រីក​រាយ​ ពេល​ដែល​ព្រះ​វិហារ នៅ​ក្រុង​យេរូសាឡិម “​ត្រូវ​បង្អាប់ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល​ក្នុង​កាល ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ផង”(អេសេគាល ២៥:៣)។ ដោយ​សារ​ពួក​សាសន៍​អាំម៉ូន​បាន​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​ពួក​អ៊ីស្រា​អែល ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​ត្រូវ​ទទួល​លទ្ធ​ផល​ដ៏​អាក្រក់(ខ.៤-៧)។

តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​អ្នក​ជិត​ខាង​យើង ​ជួប​មហន្ត​រាយ ឬ​បញ្ហា​អ្វី​មួយ? បើ​សិន​ជា​គាត់​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ ដែល​រួស​រាយ​រាក់​ទាក់ នោះ​យើង​ប្រាកដ​ជា​អាណិត​គាត់ ហើយ​ទៅ​ជួយ​គាត់​មិន​ខាន។ ចុះ​បើ​សិន​ជា​គាត់​មិន​គួរ​ឲ្យ​រាប់​អាន ហើយ​ចូល​ចិត្ត​បង្ករ​រឿង? និស្ស័យ​របស់​យើងពី​កំណើត គឺ​ប្រហែល​ជា​មិន​ចង់​អើពើរ​ចំពោះ​គាត់ ឬ​ថែម​ទាំង​អរ​សប្បាយ​ស្ងាត់​ៗ ចំពោះ​ការ​ដួល​ចុះ​របស់​គាត់​ទៀត​ផង។

ព្រះ​គម្ពីរ​សុភាសិត​បាន​ដាត់​តឿន​យើង​ថា “កុំ​ឲ្យ​មាន​ចិត្ត​រីករាយ ក្នុង​កាល​ដែល​ខ្មាំងសត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ”(២៤:១៧)។ ​ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង ឲ្យ​“ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​យើង ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​យើង”(ម៉ាថាយ ៥:៤៤)។ កាល​ណា​យើង​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា ​យើង​កំពុង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ឲ្យ​លោកិយ​បាន​ស្គាល់ ហើយ​យើង​កំពុង​តែ​ត្រាប់​តាម សេចក្តី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​អម្ចាស់(៥:៤៨)។-Lawrence Darmani

បញ្ជីឈ្មោះដែលសំខាន់បំផុត

នៅ​បញ្ជរ​ត្រួត​ពិនិត្យ​របស់​អាកាស​ចរណ៍ កេនយ៉ា អ៊ែរវេយ ខ្ញុំ​បាន​បង្ហាញ​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​ផ្ទៀង​ផ្ទាត់។ ភ្នាក់​ងារ​អាកាស​ចរណ៍​ក៏​បាន​ឆែក​រក​មើល​ឈ្មោះ​ខ្ញុំ ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​របស់​ពួក​គេ ស្រាប់​តែ​​បាត់​មិន​ឃើញ​ឈ្មោះ​ខ្ញុំ​។ តើ​មក​ពី​ហេតុ​អ្វី?  គឺ​មក​ពី​មាន​ការ​កក់​សំបុត្រ​ច្រើន​​លើស​ចំនួន​កៅអី  ហើយ​ខ្វះ​ការ​បញ្ជាក់​ពី​អ្នក​ដំណើរ។ ពី​ដំបូង​ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ នៅ​ថ្ងៃ​នោះ។ តែ​ក្តី​សង្ឃឹម​នោះ​បាន​រលាយ​អស់។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បើក​បញ្ជី​ឈ្មោះ​មួយ​បែប​ទៀត ដែល​ព្រះ​គម្ពីរ​បាន​ហៅ​ថា  បញ្ជី​ជីវិត។ ក្នុង​បទ​គម្ពីរ លូកា ជំពូក១០ ព្រះ​យេស៊ូវ​បាន​ចាត់​ពួក​សិស្ស​ទ្រង់ ឲ្យ​ចេញ​ទៅ​បំពេញ​បេសក​កម្ម​ផ្សាយ​ដំណឹង​ល្អ។ ពេល​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​បាន​រាយ​ការណ៍​ថ្វាយ​ទ្រង់ ដោយ​អំណរ អំពី​ជោគ​ជ័យ​របស់​ពួក​គេ។ តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា “​កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថានសួគ៌​វិញ”(ខ.២០)។ យើង​គួរ​មាន​អំណរ មិន​គ្រាន់​តែ​ដោយ​សារ​យើង​មាន​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​សារ​យើង​ដឹង​ថា ឈ្មោះ​យើង​បាន​កត់​ទុក​ក្នុង​បញ្ជី​ឈ្មោះ​របស់​ព្រះ។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដឹង​ច្បាស់​ថា យើង​ពិត​ជា​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់​មែន? ព្រះ​បន្ទូល​ព្រះ​បាន​ប្រាប់​យើង​ថា “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត”(រ៉ូម ១០:៩)។

ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក ២១ លោក​យ៉ូហាន​បាន​ធ្វើ​ការ​ពិពណ៌​នា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​ទីក្រុង​បរិ​សុទ្ធ ដែល​រង់​ចាំ​អ្នក​ដែល​ជឿ​ព្រះ​គ្រីស្ទ។ បន្ទាប់​មក គាត់​ក៏​បាន​សរសេរ​ថា “ក៏​គ្មាន​អ្វី​ស្មោកគ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្តី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ”(ខ.២៧)។

បញ្ជី​ជីវិត​ជា​បញ្ជី​ឈ្មោះ​ដែល​សំខាន់​បំផុត…

ការបញ្ចាំងពន្លឺរបស់ព្រះរាជបុត្រានៃព្រះ

ដោយ​សារ​ក្រុងរីយូកាន នៅ​ប្រទេស​ន័រវេយ មាន​ទីតាំង​ក្នុង​តំបន់​ជួរ​ភ្នំ​ខ្ពស់​ៗ ស្ថិត​ក្នុង​រយៈ​បណ្តោយ​ខាង​ជើង​នៃ​ផែនដី នោះ​ប្រជា​ជន​នៅ​ទី​នោះ មិន​បាន​ទទួល​ពន្លឺ​ថ្ងៃ ដែល​ជា​ពន្លឺ​ធម្ម​ជាតិ ចាប់​ពី​ខែ​តុលា ដល់​ខែ​មិនា។ ដើម្បី​ជួយ​ឲ្យ​ក្រុង​នោះ​មាន​ពន្លឺ ប្រជា​ជន​នៅ​ទីនោះ ក៏​បាន​ដំឡើង​កញ្ចក់​ធំ​ៗ​ជា​ច្រើន នៅ​លើ​ចង្កេះ​ភ្នំ ដើម្បី​បញ្ចាំង​ពន្លឺ​ថ្ងៃ​ចូល​ទៅ​ក្នុង​ទីលាន​ប្រជុំ​ជន​របស់​ក្រុង​នោះ។ ពន្លឺ​ថ្ងៃ​អាច​បន្ត​បញ្ចាំង​ចូល​ក្រុង​នោះ​ទៅ​បាន ដោយ​សារ​កញ្ចក់​យក្ស​ទំាង​នោះ បាន​បង្វិល​ទៅ​តាម​ទិស​របស់​ថ្ងៃ​រះ និង​លិច។

ខ្ញុំ​ចូល​ចិត្ត​គិត​ថា ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កញ្ចក់​ទាំង​នោះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា សិស្ស​ទ្រង់​ជា​ “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ សាវ័ក​យ៉ូហាន ក៏​បាន​ពិពណ៌​នា​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​ជា​ពន្លឺ​ដ៏​ពិត “ដែល​ភ្លឺមក​ក្នុង​សេចក្តី​ងងឹត”(យ៉ូហាន ១:៥)។ ដូច​នេះ ព្រះ​យេស៊ូវ​ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បញ្ចាំង​ពន្លឺ​ទ្រង់ ចូល​ទៅ​ក្នុង​ភាព​ងងឹត ដែល​នៅ​ជុំវិញ​ខ្លួន​យើង។​ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ នេះ​ជា​ការ​ត្រាស​ហៅ សម្រាប់​ឲ្យ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ចំពោះ​មុខ​នៃ​សេចក្តី​សម្អប់ និង​បង្ហាញ​ការ​អត់​ធ្មត់ នៅ​ចំពោះ​មុខ​នៃ​បញ្ហា ហើយ​បង្ហាញ​សន្តិ​ភាព នៅ​ចំពោះ​មុខ​នៃ​ការ​ប៉ះទង្គិច។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា “ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ”(អេភេសូរ ៥:៨)។

ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ…

ការហ៊ាននិយាយអំពីព្រះនាមព្រះយេស៊ូវ

មាន​ពួក​ជំនុំ​មួយ​កន្លែង​​បាន​អញ្ជើញ​គ្រូ​គង្វាល​ម្នាក់ ឲ្យ​មក​អធិប្បាយ​ព្រះ​បន្ទូល ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​របស់​ពួក​គេ។ អ្នក​ដឹក​នាំ​ពួក​ជំនុំ​នោះ​បាន​ប្រាប់​គាត់​ថា “សូម​លោក​គ្រូ​និយាយ​តែអំពី​ព្រះ​បាន​ហើយ តែ​កុំ​ចេញ​ព្រះ​នាម​ព្រះ​យេស៊ូវ​អី”។ បុរស​នោះ​ក៏​បាន​សួរ​ថា “ហេតុ​អ្វី?” អ្នក​ដឹក​នាំ​រូប​នោះ​ក៏​បាន​ពន្យល់​ថា “សមាជិក​សំខាន់​ៗ​ខ្លះ ក្នុង​ពួក​ជំនុំ​យើង​មាន​អារម្មណ៍​មិន​ល្អ​ទេ  ពេល​ពួក​គេ​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ។ ដូច​នេះ សូម​លោក​គ្រូ គ្រាន់​តែ​និយាយ​អំពី​ព្រះ​ទៅ​បាន​ហើយ”។ លោក​គ្រូ​គង្វាល​រូប​នេះ​មិន​អាច​ធ្វើ​តាម​ការ​ណែ​នាំ​នេះ​បាន​ទេ បាន​ជា​បន្ទាប់​មក គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “បើ​មិ​ន​ឲ្យ​ខ្ញុំ​និយាយ​ចេញ​ព្រះ​នាម​ព្រះយេស៊ូវ​ទេ នោះ​ខ្ញុំ​ក៏គ្មាន​អ្វី​ត្រូវ​​អធិប្បាយ​ដែរ”។

កាល​ពី​សម័យ​ពួក​ជំនុំ​ដំបូង ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​បាន​ជួប​និង​បញ្ហា​ស្រដៀង​នឹង​រឿង​របស់​លោក​គ្រូ​គង្វាល​រូប​នោះ​ផង​ដែរ។ អ្នក​ដឹក​នាំ​សាសនា​ក្នុង​តំបន់​បាន​នាំ​គ្នា​ព្រមាន​ពួក​សាវ័ក​មិន​ឲ្យ​និយាយ​អំពី​ព្រះ​នាម​ព្រះយេស៊ូវ​ឡើយ(កិច្ចការ ៤:១៧)។ តែ​ពួក​សាវ័ក​បាន​បដិសេធន៍​ថា “​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ”(ខ.២០)។

ការ​អៈ​អាង​ថា ខ្លួន​បាន​ជឿ​ព្រះ តែ​មិន​បាន​ជឿ​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ​គ្រីស្ទ គឺ​ជា​ការ​និយាយ​កុហក់​ខ្លួន​ឯង​ហើយ។ ក្នុង​បទ​គម្ពីរ យ៉ូហាន ១០:៣០ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​ហើយ និង​ព្រះវរបិតា គឺ​តែ​១​ព្រះអង្គ​ទេ”។ បាន​សេចក្តី​ថា ទ្រង់​បាន​ប្រកាស​ថា ទ្រង់​ជា​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​អាច​មាន​បន្ទូល​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ”(យ៉ូហាន ១៤:១)។ សាវ័ក​ប៉ុល​ដឹង​ថា ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​ទាំង​ស្រុង និង​ស្មើ​នឹង​ព្រះ​វរបិតា​ផង ហើយ​ទ្រង់​និង​ព្រះ​វរ​បិតា​គឺ​ជា​ព្រះ​តែ​មួយ(ភីលីព ២:៦)។

យើង​មិន​ត្រូវ​ខ្លាច​និយាយ​ចេញ​ព្រះ​នាម​ព្រះ​យេស៊ូវ​ឡើយ ដ្បិត “​គ្មាន​សេចក្តី​សង្គ្រោះ ដោយ​សារ​អ្នក​ណា​ទៀត​សោះ…

នៅពីក្រោយឆាក

មាន​ពេល​មួយ ព្រះ​វិហារ​របស់​ខ្ញុំ បាន​ធ្វើ​កម្ម​វិធី​ឈោង​ចាប់​ទ្រង់​ទ្រាយ​ធំ  ក្នុង​គោល​ដៅ​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​បាន​ឮ​សុះ​សាយ​ក្នុង​ទីក្រុង។ ក្រុម​ការងារ​របស់​យើង​ដែល​បាន​រៀប​ចំ ​និង​ដឹក​នាំ​ព្រឹត្តិ​ការណ៍​ឈោង​ចាប់​នោះ​ រួម​មាន​ ក្រុម​តន្រ្តី​យុវជន​របស់​យើង ក្រុម​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត និង​អ្នក​ដឹក​នាំ​ព្រះ​វិហារ។ នៅ​ចុង​បញ្ចប់​នៃ​កម្ម​វិធី ពេល​ដែល​ពួក​គេ​ឡើង​មក​ឈរ​តម្រៀប​គ្នា ​ នៅ​លើ​ឆាក យើង​ក៏​បាន​ទះ​ដៃ​អប​អរ​សាទរ​ពួក​គេ ដោយ​ចិត្ត​រំភើប​រីក​រាយ និង​ថ្លែង​អំណរ​គុណ​ពួក​គេ សម្រាប់​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ក្រុម​ការងារ​នោះ មាន​បុរស​ម្នាក់​ ដែល​មិន​សូវ​មាន​គេ​កត់​សម្គាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្នក​នោះ​គឺ​ជា​​ប្រធាន​ក្រុម។ នៅ​ពេល​ខ្ញុំ​បាន​ឃើញ​គាត់​ ប្រហែល​ជា​ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អរ​គុណ និង​អប​អរ​សាទរ​គាត់ ​សម្រាប់​ការងារ​​របស់​គាត់ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា “យើង​មិន​សូវ​ឃើញ​អ្នក​​សោះ​ ក្នុង​អំឡុង​ពេល​កម្ម​វិធី កំពុង​ដំណើរ​ការ។”

គាត់​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ពី​ក្រោយ​ឆាក”។ គាត់​មិន​ខ្វល់​ពី​ការ​ស្វែង​រក​មុខ​មាត់ សម្រាប់​ខ្លួន​ឯង​ឡើយ ទោះ​គាត់​បាន​ខិត​ខំ​ធ្វើ​ការ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។ គាត់​ចង់​ឲ្យ​អ្នក​ផ្សេង​បាន​ទទួល​ការ​សរសើរ សម្រាប់​កិច្ចការ​ដែល​ពួក​គេ​បាន​ខិត​ខំ​ធ្វើ។

ភាព​ស្ងាត់​ស្ងៀម​របស់​គាត់ បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន។ ការ​នេះ​បាន​រំឭក​ខ្ញុំ​ថា ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ​អម្ចាស់ នោះ​ខ្ញុំ​មិន​ត្រូវ​ស្វែង​រក​មុខ​មាត់​ ឬ​ចង់​ឲ្យ​គេ​ទទួល​ស្គាល់​នោះ​ឡើយ។ ខ្ញុំ​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ទោះ​គេ​សរសើរ​ខ្ញុំ​ដោយ​បើក​ចំហរ ឬ​មិន​សរសើរ​ក៏​ដោយ។ ចិត្ត​ដែល​យក​ព្រះ​គ្រីស្ទ​ជា​ទី​មួយ អាច​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ច្រណែន​ខុស​ទំនង ឬ​ការ​ប្រកួត​ប្រជែង​​ដែល​គ្មាន​ប្រយោជន៍។

ព្រះយេស៊ូវ​ដែល​ “ខ្ពស់​លើស​ទាំង​អស់” (យ៉ូហាន ៣:៣១) “ទ្រង់​ត្រូវ​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​បន្ទាប​​ចុះវិញ” (ខ.៣០)។ នៅ​ពេល​យើង​មាន​អាកប្ប​កិរិយា​បែប​នេះ យើង​នឹង​ស្វែង​រក​ការ​រីកចម្រើន​…

ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌

ការ​តប្រព័ន្ធ​ខ្សែ​ភ្លើង​អន់​ពេក បាន​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខ្ញុំ ដែល​ទើប​តែ​សង់​ថ្មី​អស់​រលីង។ អណ្ដាត​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ខ្ញុំ​អស់ ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​គ្មាន​បន្សល់​ទុក​អ្វី​សោះ ក្រៅ​ពី​កំទេច​បាក់​បែក។ មាន​ពេល​មួយ​ទៀត ​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ព្រះ​វិហារ ត្រឡប់​មក​ផ្ទះ​វិញ  នៅ​ថ្ងៃ​អាទិត្យ  ស្រាប់​តែ​ឃើញផ្ទះ​រ​បស់​យើង ​ត្រូវ​ចោរ​គាស់​ចូល ហើយ​ក៏​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​​យើង​អស់​មួយ​ចំនួន។

នៅ​ក្នុង​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខាង​សាច់​ឈាម បាន​កើត​មាន​ឡើង​ជា​ធម្មតា​ទៅ​ហើយ ឧទាហរណ៍ ​យាន​យន្ត​ត្រូវ​គេ​លួច ឬ​ខូច​ខាត, កប៉ាល់​បាន​លិច, អគារ​ដួល​រំលំ, ផ្ទះ​សម្បែង​ត្រូវ​ទឹក​ជំនន់​លិច និង​របស់​ទ្រព្យ​ផ្ទាល់​ខ្លួន​ត្រូវ​ចោរ​លួច​ប្លន់​ជា​ដើម។ ហេតុ​នេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ទូន្មាន​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី(ម៉ាថាយ ៦:១៩)។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​ថា  មាន​បុរស​ម្នាក់​បាន​គណនា​ឃើញ​ថា​ ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ រួច​ក៏​បាន​សម្រេច​ចិត្ត​បង្គរ​ទុក​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ សម្រាប់​ខ្លួន​ឯង​ដេក​ស៊ី​សប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះ​បានប្រាប់​ខ្លួនឯងថា “ចូរសម្រាកឲ្យ​បានស្រួល ហើយស៊ីផឹក​សប្បាយ​ចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់​នោះឯង គាត់​បានបាត់​បង់​គ្រប់​យ៉ាង រួម​ទាំងជីវិត​របស់​គាត់​ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវ​​ក៏មានបន្ទូល​ថា “អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ” (ខ.២១)។

ទ្រព្យ​សម្បត្តិ​នៅ​លោកិយ​នេះ គឺ​សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ គ្មាន​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​រហូត​នោះ​ឡើយ គឺ​មាន​តែ​កិច្ចការ​អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ ដែល​នឹង​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ យើង​អាច​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​នៅ​នគរ​ស្ថាន​សួគ៌ តាម​មធ្យោ​បាយ​ជា​ច្រើន ដែល​មាន​ដូច​ជា ការ​លះ​បង់​ពេល​វេលា និង​ធន​ធាន ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ…