លោកលី ក្វាន់ យូ(Lee Kuan Yew) ដែលជានាយករដ្ឋមន្ត្រីទីមួយ របស់ប្រទេសសឹង្ហបូរី ជាបុរសដែលគេបានទទួលស្គាល់ថា បានកសាងប្រទេសសឹង្ហបូរី ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់គាត់ ប្រទេសសឹង្ហបូរីបានក្លាយជាប្រទេសអ្នកមាន និងមានភាពសប្បូរសប្បាយ ហើយស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំងបំផុត ក្នុងទ្វីបអាស៊ី។ មានពេលមួយគេបានសួរគាត់ថា តើគាត់ធ្លាប់មានអារម្មណ៍ថា ចង់បោះបង់ការដឹកនាំរបស់គាត់ចោលដែរឬទេ ពេលដែលគាត់ប្រឈមមុខនឹងការរិះគន់ និងឧបស័គ្គជាច្រើន ក្នុងអំឡុងពេលនៃការដឹកនាំប្រទេសសឹង្ហបូរីជាច្រើនឆ្នាំ។ គាត់ក៏បានឆ្លើយប្រាប់គេថា គាត់បានធ្វើការប្តេជ្ញាចិត្តហើយ គឺមិនព្រមចុះចាញ់ឡើយ ដរាបដល់អស់ជីវិត។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកនេហេមា ដែលបានដឹកនាំការជួសជុលកំផែងក្រុងយេរូសាឡិម ដោយមិនព្រមបោះបង់ការប្តេជ្ញាចិត្តរបស់ខ្លួន។ គាត់បានប្រឈមមុខនឹងការវាយប្រហារដោយពាក្យសម្តី និងការគំរាមកំហែង ពីពួកខ្មាំងសត្រូវ នៅគ្រប់ទិសទី ហើយប្រជាជនគាត់ក៏បានប្រព្រឹត្ត ដោយអយុត្តិធម៌ចំពោះគាត់ផងដែរ(នេហេមា ៤-៥)។ ខ្មាំងសត្រូវរបស់គាត់ ថែមទាំងបាននិយាយបញ្ឆិតបញ្ឆៀងថា គាត់មានគម្រោងបះបោរ ចង់ឡើងធ្វើស្តេច(៦:៦-៧)។ គាត់ក៏បានស្វែងរកជំនួយមកពីព្រះ ហើយទន្ទឹមនឹងនោះគាត់ប្រើវិធីសាស្ត្រការពារខ្លួន។ ទោះជាមានឧបស័គ្គក៏ដោយ ក៏គាត់នៅតែបន្តការសាងសង់ រហូតដល់បានសម្រេចក្នុងរយៈពេល៥២ថ្ងៃ(៦:១៥)។ ប៉ុន្តែ កិច្ចការរបស់លោកនេហេមា មិនបានចប់តែប៉ុណ្ណឹងទេ។ គាត់បានលើកទឹកចិត្តពួកអ៊ីស្រាអែលឲ្យសិក្សាព្រះគម្ពីរ ថ្វាយបង្គំព្រះ ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះ។ បន្ទាប់ពីគាត់បំពេញការងារជាចៅហ្វាយស្រុកយូដា អស់រយៈពេល១២ឆ្នាំ(៥:១៤) គាត់ក៏បានវិលត្រឡប់មកវិញ ដើម្បីពិនិត្យមើលកំណែរទម្រង់ដែលគាត់បានឲ្យគេអនុវត្ត(១៣:៦)។

លោកនេហេមាមានការប្តេជ្ញាចិត្តដ៏ម៉ុតមាំអស់មួយជីវិត ក្នុងការដឹកនាំប្រជាជនគាត់។ ហើយម្នាក់ៗសុទ្ធតែជួបឧបស័គ្គនិងការពិបាកក្នុងការរស់នៅ។ ប៉ុន្តែ ដែលព្រះទ្រង់បានជួយលោកនេហេមាជាយ៉ាងណា នោះទ្រង់ក៏នឹងចម្រើនកម្លាំងដៃយើងឡើង(៦:៩) អស់មួយជីវិតយើង ដើម្បីបំពេញកិច្ចការថ្វាយទ្រង់យ៉ាងនោះដែរ។-C.P.Hia