ពេលបុណ្យចូលឆ្នាំចិនចូលមកដល់ ជនជាតិចិនច្រើនតែជូនពរគ្នាទៅវិញទៅមកថា “សូមជូនពរឲ្យអ្វីៗបានសម្រេច ដូចបំណង”។ ទោះពាក្យជូនពរនេះពិរោះស្តាប់យ៉ាងណាក៏ដោយ ក៏អ្វីៗនឹងបានសម្រេចតាមបំណងព្រះទ័យព្រះ គឺមិនមែនតាមចិត្តរបស់យើងទេ។ ប្រសិនបើមានជម្រើស លោកយ៉ូសែបមិនចង់ធ្វើជាទាសករនៅស្រុកអេស៊ីព្ទទេ(លោកុប្បត្តិ ៣៩:១)។ ប៉ុន្តែ ទោះបីជាគាត់ត្រូវជាប់ចំណងក៏ដោយ ក៏គាត់នៅតែ “ចម្រើនឡើង” ព្រោះ “ព្រះអម្ចាស់គង់នៅជាមួយគាត់”(ខ.២)។  ព្រះអម្ចាស់ថែមទាំងបានប្រទានពរ ដល់ផ្ទះរបស់ចៅហ្វាយគាត់  តាមរយៈគាត់ផងដែរ(ខ.៥)។

បើគាត់មានជម្រើស គាត់ក៏មិនចង់ជាប់គុកក្នុងនគរអេសីព្ទដែរ។ ប៉ុន្តែ គាត់បានជាប់គុក ដោយសារគេចោទបង្ខូចថា គាត់បានរំលោភប្រពន្ធរបស់ចៅហ្វាយគាត់។ ទោះជាយ៉ាងណាក៏ដោយ យើងឃើញថា “ព្រះអម្ចាស់គង់នៅជាមួយគាត់” ជានិច្ច(ខ.២១)។  នៅទីនោះ មេគុកបានទុកចិត្តគាត់(ខ.២២) ហើយព្រះអម្ចាស់ ប្រទានការអ្វីដែលគាត់ធ្វើ ឲ្យចម្រើនឡើងគ្រប់ជំពូក(ខ.២៣)។ ការធ្លាក់ខ្លួនជាប់គុក ក៏បានប្រែក្លាយជាការចាប់ផ្តើម នៃការឡើងធ្វើជាអ្នកដឹកនាំកំពូលនៃនគរអេស៊ីព្ទ។ មិនមានមនុស្សច្រើនទេ ដែលចង់ជ្រើសរើសយកការឡើងធ្វើធំ ដូចលោកយ៉ូសែប។ ប៉ុន្តែ លោកយ៉ូសែបបានទទួលព្រះពរពីព្រះ ទោះគាត់ស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ដោយ។

ព្រះទ្រង់បានរៀបចំឲ្យលោកយ៉ូសែបទៅនៅនគរអេស៊ីព្ទ ដោយមានគោលបំណងច្បាស់លាស់ ហើយទ្រង់ក៏បានដាក់យើង នៅកន្លែងណាមួយ ដោយមានគោលបំណងច្បាស់លាស់ផងដែរ។ យើងចង់ឲ្យអ្វីៗគ្រប់យ៉ាង បានសម្រេចដូចបំណងចិត្តយើង ប៉ុន្តែ សូមយើងអធិស្ឋានដូចព្រះសង្រ្គោះយើងវិញ ដ្បិតមុនពេលទ្រង់យាងទៅឈើឆ្កាង ទ្រង់បានអធិស្ឋានថា “កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(ម៉ាថាយ ២៦:៣៩)។-C.P.HIA