សុភាសិតរបស់ជនជាតិចិន ច្រើនតែមានភាពសាមញ្ញ ហើយភ្ជាប់ជាមួយនឹងរឿងណាមួយ។ ឧទាហរណ៍ មានសុភាសិតចិនមួយបានពោលថា “បើចង់ទទួលបានផលល្អ ចូរឲ្យដំណាំដុះតាមសម្រួល”។ សុភាសិតនេះនិយាយអំពីរឿងរបស់បុរសម្នាក់ ដែលខ្វះភាពអត់ធ្មត់ នៅក្នុងសម័យរាជវង្សសុង។ គាត់មានចិត្តអន្ទះសារចង់ឃើញដើមស្រូវរបស់គាត់ លូតលាស់លឿន។ ដូចនេះ គាត់ក៏បានគិតរកដំណោះស្រាយ។ គាត់បានទាញដើមស្រូវទាំងអស់ឡើងលើ ឲ្យខ្ពស់ជាងមុនប្រហែល៥សង់ទីម៉ែត្រ។ បន្ទាប់ពីគាត់បានធ្វើដូចនេះ យ៉ាងហត់នឿយ អស់ពេលមួយថ្ងៃ គាត់ក៏បានសង្កេតមើលវាលស្រែរបស់គាត់។ គាត់មានចិត្តសប្បាយ ពេលបានឃើញដើមស្រូវហាក់ដូចជាបាន “លូតលាស់” ខ្ពស់ជាងមុន។ ប៉ុន្តែ គាត់អរសប្បាយបានតែមួយភ្លែតប៉ុណ្ណោះ។ ថ្ងៃស្អែកឡើង ដើមស្រូវទាំងនោះ ក៏បានចាប់ផ្តើមស្រពោន ដោយសារឫសរបស់វារលើង មិនបានចាក់ចូលជ្រៅដូចមុនទៀត។
ក្នុងបទគម្ពីរ២ធីមូថេ ២:៦ សាវ័កប៉ុលបានប្រៀបធៀបការងាររបស់អ្នកផ្សាយដំណឹងល្អ ទៅនឹងការងាររបស់កសិករ។ គាត់បានសរសេរសំបុត្រនោះ ដើម្បីលើកទឹកចិត្តលោកធីម៉ូថេថា ការបង្កើតសិស្សជាកិច្ចការដែលត្រូវធ្វើ ដោយការនឿយហត់ មិនខុសពីការធ្វើស្រែឡើយ។ យើងត្រូវភ្ជួររាស់ដី ព្រោះគ្រាប់ពូជ យើងត្រូវរង់ចាំ ហើយត្រូវអធិស្ឋាន។ យើងចង់ឲ្យការងារយើងមានលទ្ធផលភ្លាមៗ តែការលូតលាស់ត្រូវការពេលវេលា។ ការបង្ខំឲ្យមានការលូតលាស់ខុសរបៀប មិនមានប្រយោជន៍ឡើយ។
ពេលលោកធីម៉ូថេខិតខំធ្វើការបម្រើព្រះអស់ពីចិត្ត ដើម្បីសម្រេចកិច្ចការខាងវិញ្ញាណ ដែលព្រះទ្រង់បានប្រទាន គាត់ក៏បានឃើញផលផ្លែខាងវិញ្ញាណកើតមាន ក្នុងជីវិតរបស់អ្នកដែលគាត់បណ្តុះបណ្តាល ដោយចិត្តអត់ធ្មត់ ដូចដែលមានចែងក្នុងបទគម្ពីរ កាឡាទី ៥:២២,២៣។
កាលណាយើងធ្វើការបម្រើព្រះ ដោយចិត្តស្មោះត្រង់ គឺមានន័យថា យើងរង់ចាំទ្រង់ ដោយចិត្តអត់ធ្មត់ ដោយទ្រង់ជាអ្នកដែលធ្វើឲ្យមានការលូតលាស់(១កូរិនថូស ៣:៧)។-Poh Fang Chia