លោកមៃឃល សែនដេល(Michael Sandel) ដែលជាអ្នកនិពន្ធសៀវភៅ មានចំណងជើងថា របស់ដែលលុយមិនអាចទិញបាន បានមានប្រសាសន៍ថា “មានរបស់ខ្លះលុយមិនអាចទិញបានទេ តែសព្វថ្ងៃនេះ មានរបស់តិចណាស់ ដែលលុយមិនអាចទិញបាន”។ នៅអាមេរិក អ្នកទោសអាចបង់លុយ ៩០ដុល្លា ក្នុងមួយយប់ ដើម្បីឲ្យបានដេកក្នុងបន្ទប់ឃុំឃាំងដែលទំនើបជាងមុន។   នៅអាហ្វ្រិកពួកមនុស្សខិលខូចអាចបង់លុយ២៥ម៉ឺនដុល្លា  ដើម្បីទិញសិទ្ធិប្រម៉ាញ់សត្វរមាសដែលជិតផុតពូជ ហើយគេអាចទិញលេខទូរស័ព្ទពិសេសសម្រាប់វេជ្ជបណ្ឌិត ក្នុងតម្លៃ១៥០០ដុល្លា។ ដូចនេះ គេហាក់ដូចជាស្ទើរតែអាចទិញអ្វីៗគ្រប់យ៉ាង។

ប៉ុន្តែ មានរបស់មួយដែលលុយមិនអាចទិញបាន គឺការប្រោសលោះ  ឲ្យរួចពីចំណងនៃអំពើបាប។ ពេលដែលសាវ័កប៉ុលចាប់ផ្តើមតែងបទគម្ពីរ អំពីលក្ខណៈនៃព្រះគុណដ៏ធ្ងន់របស់ព្រះ ដែលទ្រង់ប្រទានក្នុងផែនការសង្រ្គោះ តាមរយៈព្រះយេស៊ូវ គាត់បានសរសើរដំកើងទ្រង់ថា “យើងបានសេចក្តីប្រោសលោះ នៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧-៨)។

ការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង គឺជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីរំដោះយើងឲ្យរួចពីអំពើបាប។ ហើយមានតែទ្រង់ទេ ដែលអាចបង់ថ្លៃលោះយើង ព្រោះទ្រង់ជាព្រះរាជបុត្រានៃព្រះ ដែលល្អឥតខ្ចោះ។ យើងអាចឆ្លើយតប ចំពោះព្រះគុណដ៏ថ្លៃឧត្តម្ភ ដែលយើងទទួលដោយឥតគិតថ្លៃនោះ ដោយសរសើរដំកើងអស់ពីចិត្ត ហើយប្តេជ្ញាចិត្តចំពោះព្រះ ដែលបានប្រោសលោះយើងឲ្យរួចពីបាប តាមរយៈព្រះយេស៊ូវ(១:១៣-១៤)។

សូមសរសើរព្រះដ៏មានព្រះជន្មរស់នៃយើង ដ្បិតទ្រង់បានយាងមកលោះយើងឲ្យរួចពីបាប!-Marvin Williams