នុស្សបានរៀនផ្សាំងសត្វព្រៃ ដើម្បីឲ្យអាចចិញ្ចឹមពួកវាក្នុងស្រុក ដោយរាប់ចាប់តាំងពីសត្វជ្រូកព្រៃ រហូតដល់សត្វកញ្រ្ជោង។ មនុស្សចូលចិត្តបង្រៀនសត្វស្វា ឲ្យចេះ“ធ្វើកាយវិការ” ក្នុងការថតផ្សាយពាណិជ្ជកម្ម ឬបង្រៀនសត្វក្តាន់ ឲ្យចេះស៊ីចំណីដែលគេដាក់នៅលើបាតដៃមនុស្ស។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ”(៣:៧)។    តែមានអ្វីម្យ៉ាង ដែលយើងមិនអាចផ្សាំងបាន។ អណ្តាតគឺជាសិរីរាង្គដ៏តូចមួយ ដែលយើងម្នាក់ៗសុទ្ធតែពិបាកគ្រប់គ្រងវា(ខ.៨)។

តើមកពីហេតុអ្វី? ព្រោះពាក្យសម្តីនៅលើចុងអណ្តាតរបស់យើង មានប្រភពចេញមកពីក្នុងជម្រៅចិត្តយើង។ គឺដូចដែលមានសេចក្តីចែងថា “មាត់តែងនិយាយ តាមសេចក្តីបរិបូរដែលនៅក្នុងចិត្ត”(ម៉ាថាយ ១២:៣៤)។ ហើយគេអាចប្រើអណ្តាត សម្រាប់ធ្វើការល្អក៏បាន ការអាក្រក់ក៏បាន(យ៉ាកុប ៣:៩)។ ម្យ៉ាងទៀត គេអាចប្រើអណ្តាតពោលសរសើរដំកើង និងបម្រើព្រះ ហើយគេក៏អាចប្រើអណ្តាតដើម្បីទាស់ប្រឆាំងនឹងទ្រង់ផងដែរ។

បើយើងមិនអាចផ្សាំងអណ្តាត ដែលគ្មានសណ្តាប់ធ្នាប់របស់យើងបានទេ តើយើងនឹងបណ្តោយឲ្យវាបង្ករបញ្ហាជារៀងរាល់ថ្ងៃ ដោយសារវាចេះតែចង់និយាយអ្វីដែលអាក្រក់ជានិច្ចឬ?(ខ.១០) តែដោយព្រះគុណព្រះ នោះយើងអាចគ្រប់គ្រងវាបាន។ ព្រះអម្ចាស់នឹង “ដាក់ការយាមនៅមាត់យើង ហើយថែរក្សាទ្វារបបូរមាត់របស់យើងផង”(ទំនុកដំកើង ១៤១:៣)។ ដូចនេះ ទ្រង់អាចផ្សាំងរបស់អ្វីដែលគេមិនអាចផ្សាំងបាន។-Dave Branon