ពេលខ្ញុំកំពុងសិក្សាកណ្ឌគម្ពីរដានីយ៉ែល ខ្ញុំក៏បានដឹងថា ដានីយ៉ែលអាចជៀសវាងទោសប្រហារជីវិតដែលត្រូវគេទម្លាក់ចូលក្នុងរូងសឹង។ ពួកមន្ត្រីរបស់ស្តេចមានការច្រណែនឈ្នានីស ចំពោះដានីយ៉ែល ហើយពេលពួកគេដឹងថា គាត់អធិស្ឋានទៅរកព្រះជាប្រចាំថ្ងៃ មិនដែលខាន ពួកគេក៏បានរកវិធីបង្កើតច្បាប់ដាក់ទោសអ្នកណាដែលអធិស្ឋានទៅព្រះ(ដានីយ៉ែល ៦:១-៩)។ ដានីយ៉ែលបានដឹងច្បាស់ថា គេមានគម្រោងធ្វើបាបគាត់ ហើយគាត់អាចសម្រេចចិត្តទៅអធិស្ឋាន នៅកន្លែងស្ងាត់កំបាំង ក្នុងរយៈពេលមួយខែ ទំរាំតែច្បាប់នោះលែងមានប្រសិទ្ធិភាព។ ប៉ុន្តែ គាត់មិនមែនជាមនុស្សប្រភេទនោះទេ។
កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហរ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន(ខ.១០)។ ដានីយ៉ែលមិនមានការតក់ស្លត់ ឬតថ្លៃជាមួយព្រះទេ។ ផ្ទុយទៅវិញ គាត់បានបន្តអធិស្ឋាន ដូចសព្វមួយដង(ខ.១០)។ គាត់មិនខ្លាចគេយកទៅប្រហារជីវិតឡើយ។
រឿងនេះបានបង្រៀនខ្ញុំ អំពីអំណាចនៃការប្តេជ្ញាចិត្ត ដែលដានីយ៉ែលមានចំពោះព្រះ។ កម្លាំងរបស់គាត់ គឺទទួលបានពីព្រះ ដែលគាត់តែងតែចង់បំពេញព្រះទ័យទ្រង់ជារៀងរាល់ថ្ងៃ។ ពេលគាត់ជួបវិបត្តិ គាត់មិនបានបញ្ឈប់ទម្លាប់អធិស្ឋានប្រចាំថ្ងៃ ដើម្បីឲ្យខ្លួនរួចពីទោសប្រហារជីវិតឡើយ។ ផ្ទុយទៅវិញ គាត់នៅតែបន្តប្តេជ្ញាចិត្ត ចំពោះព្រះរបស់គាត់។-David McCasland