មានពេលមួយឌ្រូ(Drew) ដែលជាយុវជន ដែលមានភាពក្លៀវក្លា បានដឹកនាំក្រុមចម្រៀង នៅលើឆាក ជាលើកដំបូង ក្នុងព្រះវិហារដ៏ធំមួយ។ ឡូអឺស(Lois) ជាអ្នកមកថ្វាយបង្គំនៅទីនោះតាំងពីយូរមកហើយ នាងចង់លើកទឹកចិត្តគាត់ តែនាងគិតថា នាងពិបាកចូលទៅជួបគាត់ នៅកៅអីជួរខាងមុខ មុនពេលគាត់ចាកចេញពីព្រះវិហារ។ នាងក៏បានដើរបញ្ជៀតហ្វូងមនុស្ស ទៅជួបគាត់។ ឡូអឺស ក៏បានប្រាប់ឌ្រូថា “ខ្ញុំសូមសរសើរភាពក្លៀវក្លាដែលអ្នកមាន ក្នុងការដឹកនាំការថ្វាយបង្គំព្រះ សូមបន្តធ្វើការបម្រើព្រះអង្គទៀត!”
ពេលឡូអឺសដើរចេញទៅ នាងក៏បានជួបសារ៉ុន ដែលនាងមិនបានឃើញមុខអស់ជាច្រើនខែហើយ។ បន្ទាប់ពីបានសន្ទនាគ្នាបានបន្តិច សារ៉ុនក៏បាននិយាយថា “ខ្ញុំសូមអរគុណឯង សម្រាប់ការដែលឯងបានធ្វើថ្វាយព្រះអម្ចាស់។ សូមបន្តធ្វើការបម្រើព្រះអង្គទៀត”។ មុននោះ ឡូអឺសបានព្យាយាមទៅលើកទឹកចិត្តគេ ហើយពេលនេះ នាងក៏បានទទួលការលើកទឹកចិត្ត ដែលមិននឹកស្នានដល់។
បន្ទាប់ពីនាងរស់ និងណាអូមី ដែលជាម្តាយក្មេករបស់នាង ចាកចេញពីស្រុកម៉ូអាប់ ត្រឡប់ទៅអ៊ីស្រាអែលវិញ ពួកគេក៏បានទទួលនូវព្រះពរ ដែលមិននឹកស្មានដល់។ ពួកគេសុទ្ធតែជាស្ត្រីមេម៉ាយដូចគ្នា គ្មាននរណារកស៊ីចិញ្ចឹមពួកគេឡើយ ដូចនេះ នាងរស់ក៏បានដើររើសគួរស្រូវ ក្នុងស្រែគេ(នាងរស់ ២:២-៣)។ វាលស្រែនោះ ជាកម្មសិទ្ធិរបស់បូអូស ដែលជាបងប្អូនសាច់ឆ្ងាយរបស់នាងណាអូមី។ គាត់បានចាប់អារម្មណ៍នឹងនាងរស់ ហើយក៏បានជួយផ្គត់ផ្គង់នាង។ ក្រោយមក អ្នកទាំងពីរក៏បានរៀបការជាប្តីប្រពន្ធ(២:២០ ៤:១៣)។ នាងរស់បានទទួលព្រះពរ ព្រោះនាងបានទៅដល់កន្លែងដែលនាងគួរទៅ ចំពេលដ៏ល្អ(២:១១-២៣)។
ជួនកាល ព្រះទ្រង់ឲ្យយើងជួបមនុស្ស ដែលយើងមិនបានរំពឹងថានឹងជួប ដើម្បីនាំមកនូវព្រះពរដែលនឹកមិនស្មានដល់។-Anne Cetas