កាលខ្ញុំរៀននៅសាលាបឋម ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះឃែន(Kent) ច្រើនតែចំណាយពេលគយគន់ផ្កាយ នៅលើមេឃពេលយប់ ដោយប្រើកែវយឺត ផលិតនៅប្រទេសអាឡឺម៉ង់។ យើងមានចិត្តស្ញប់ស្ញែង ចំពោះផ្កាយទាំងឡាយ នៅលើមេឃ ព្រមទាំងភ្នំ នៅលើស្ថានព្រះច័ន្ទផង។ ពេលយប់នោះ យើងបានចែកគ្នាប្រើកែវយឺតនោះម្តងម្នាក់ ដោយនិយាយប្រាប់គ្នាថា “ហុចកែវយឺតឲ្យខ្ញុំ!”

កាលពីប៉ុន្មានសតវត្សរ៍មុន មានក្មេងគង្វាលចៀមសាសន៍យូដាម្នាក់ បានមើលទៅមេឃ ពេលយប់ ហើយក៏មានការស្ញប់ស្ញែងផងដែរ។ គាត់មិនមានកែវយឺត ឬកែវឆ្លុះមើលផ្កាយ ជាជំនួយទេ។ តែគាត់មានអ្វីដែលសំខាន់ជាងនោះ គឺទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយព្រះដ៏មានព្រះជន្មរស់។ គាត់មានឈ្មោះដាវីឌ។ កាលនោះ សត្វចៀមប្រហែលជាកំពុងស្រែកយ៉ាងស្ងាត់ស្ងៀម ខណៈពេលដែលដាវីឌកំពុងគយគន់មើលមេឃពេលរាត្រី។ ក្រោយមក គាត់ក៏បាននិពន្ធទំនុកបទ ដែលលើកទឹកចិត្តថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ”(ទំនុកដំកើង ១៩:១-២)។

ដោយសារយើងមានកាលវិភាគដ៏មមាញឹក នោះយើងងាយនឹងភ្លេចឈរស្ងើចសរសើរ សម្រស់ដ៏ស្រស់ត្រកាលនៃផ្ទៃមេឃ ដែលព្រះអាទិករនៃយើង បានរៀបចំមក សម្រាប់ឲ្យយើងបានអរសប្បាយ និងដើម្បីសិរីល្អរបស់ទ្រង់។ ពេលយើងចំណាយពេល ដើម្បីគយគន់ផ្ទៃមេឃពេលរាត្រី ហើយស្ញប់ស្ញែង ចំពោះរបស់អ្វីៗដែលព្រះទ្រង់បានដាក់ នៅលើមេឃ យើងអាចមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីព្រះ និងអំណាចចេស្តា និងសិរីល្អដ៏អស់កល្បរបស់ទ្រង់។-Dennis Fisher