ពេលវេលា ព្រឹត្តិការណ៍ និងមនុស្សមានទំនាក់ទំនងគ្នា ដូចអំបោះរាប់ពាន់សសៃ ដែលត្បាញចូលគ្នា ដូចក្រណាត់ បង្កើតជាទីកន្លែង។ ផ្ទះជាទីកន្លែងដ៏ល្អ នៅពេលដែលយើងប្រឹងប្រែងអស់ពីសមត្ថភាព ដោយក្តីស្រឡាញ់ឥតលក្ខខ័ណ្ឌ ដើម្បីធ្វើឲ្យវាក្លាយជាកន្លែងដ៏មានន័យ មានភាពកក់ក្តៅ និងមានសុវត្ថិភាព។ ទីកន្លែងនាំមកនូវអនុស្សាវរីយ កប់ជ្រៅក្នុងវិញ្ញាណរបស់យើង។ ទោះទីកន្លែងរបស់យើងមិនល្អឥតខ្ចោះក៏ដោយ ក៏វាបានចងភ្ជាប់ចិត្តយើង ដោយមនោសញ្ចេតនា ហើយទាក់ទាញចិត្តយើង ដូចដែកឆក់។
ជាញឹកញាប់ ព្រះគម្ពីរបានចែងអំពីទីកន្លែងសំខាន់ៗ។ ឧទាហរណ៍ ព្រះគម្ពីរបាននិយាយ អំពីការដែលលោកនេហេមា ចង់កសាងទីក្រុងយេរូសាឡិមឡើងវិញ(នេហេមា ១:៣-៤ ២:២)។ ម្យ៉ាងទៀត ព្រះយេស៊ូវក៏បានលើកទឹកចិត្តយើង ដោយមានបន្ទូល អំពីទីកន្លែងដ៏សំខាន់បំផុត។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:១-២)។
សម្រាប់អ្នកដែលមានអនុស្សាវរីយ៍ល្អជាច្រើន នៅលើផែនដីនេះ ពួកគេងាយយល់អំពីទីកន្លែងដែលព្រះយេស៊ូវបានមានបន្ទូលសន្យានោះ ហើយក៏រំពឹងថា ខ្លួននឹងបានទៅទីនោះផង។ ហើយសម្រាប់អ្នកដែលស្វែងរកកន្លែង ដែលមានការកម្សាន្តចិត្ត និងសុវត្ថិភាព ព្រះយេស៊ូវបានសន្យាថា ថ្ងៃណាមួយ ពួកគេនឹងឮចម្រៀងដ៏ពិរោះ ដែលគេច្រៀង ក្នុងនគរស្ថានសួគ៌ ដ្បិតពួកគេនឹងបានទៅរស់នៅទីនោះ ជាមួយទ្រង់ ដោយសារពួកគេបានទទួលសេចក្តីសង្រ្គោះហើយ។
ទោះដំណើរនៃសេចក្តីជំនឿរបស់អ្នក មានការពិបាក មានភាពរលាក់យ៉ាងណាក៏ដោយ សូមចាំថា មានកន្លែងមួយនៅនគរស្ថានសួគ៌ ដែលកំពុងរង់ចាំអ្នក ជាកន្លែងដ៏សមរម្យសម្រាប់អ្នក។ បើនោះមិនមែនជាការពិតទេ នោះព្រះយេស៊ូវទ្រង់ក៏មិនបានមានបន្ទូលសន្យានឹងយើងដែរ។-Randy Kilgore