កាលពីឆ្នាំ២០០៨ តម្លៃផ្ទះមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែ បន្ទាប់ពីខ្ញុំ និងស្វាមីខ្ញុំបានដាក់លក់ផ្ទះ ដែលយើងបានរស់នៅអស់រយៈពេលជាង៤០ឆ្នាំ មានអ្នកទិញម្នាក់បានផ្តល់ឲ្យនូវតម្លៃដ៏ល្អ ហើយយើងក៏ព្រមលក់ឲ្យគេ។ មិនយូរប៉ុន្មាន យើងក៏បានឲ្យពួកជាងចាប់ផ្តើមជួសជុលផ្ទះមួយទៀត ជាមរតកដែលខ្ញុំបានទទួលពីឪពុកម្តាយខ្ញុំ ព្រោះផ្ទះនោះនឹងក្លាយជាទីលំនៅថ្មីរបស់យើង។ នៅសល់ពេលតែពីរបីថ្ងៃទៀតប៉ុណ្ណោះ យើងនឹងឈានដល់ការព្រមព្រៀងចុងក្រោយ ជាមួយអ្នកទិញហើយ តែគាត់បានសម្រេចចិត្តថាមិនទិញវិញ។ យើងមានការពិបាកចិត្តយ៉ាងខ្លាំង។ ពេលនោះ យើងមានបន្ទុកធ្ងន់ ដោយសារផ្ទះទាំងពីរខ្នងនោះ ដែលផ្ទះមួយកំពុងមានតម្លៃធ្លាក់ចុះយ៉ាងលឿន ខណៈពេលដែលផ្ទះមួយទៀត ជាសំណង់បាក់បែក ដែលយើងមិនអាចលក់ ហើយក៏មិនអាចចូលទៅនៅ។ បើយើងគ្មានគេទិញផ្ទះនោះទេ យើងក៏គ្មានលុយសម្រាប់បង់ប្រាក់ឲ្យជាង ដែលកំពុងជួសជុលផ្ទះមួយទៀតដែរ។ ដូចនេះ យើងស្ថិតក្នុងស្ថានភាពដ៏ពិបាករកដំណោះស្រាយមិនឃើញ។
ពេលដែលលោកយ៉ូស្វេប្រឈមមុខដាក់ក្រុងយេរីខូ ដែលមានកំផែងការពារយ៉ាងរឹងមាំ គាត់ប្រហែលជាមានអារម្មណ៍ថា គាត់កំពុងប្រឈមមុខនឹងស្ថានភាពដែលរកដំណោះស្រាយមិនឃើញ(យ៉ូស្វេ ៥:១៣-៦:២៧)។ ប៉ុន្តែ គាប់ជួនជាគាត់ងើបភ្នែកឡើង ឃើញមនុស្សម្នាក់កំពុងតែឈរនៅមុខ មានទាំងកាន់ដាវហូតជាស្រេច យ៉ូស្វេក៏ចូលទៅសួរគាត់ ដើម្បីឲ្យដឹងថា គាត់កាន់ខាងពួកអ៊ីស្រាអែល ឬនៅខាងសត្រូវ។ អ្នកនោះឆ្លើយតបថា គាត់បានមកធ្វើជាកំពូល លើពួកពលផងព្រះយេហូវ៉ាវិញ(៥:១៤)។ នោះយ៉ូស្វេក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដី ថ្វាយបង្គំ មុននឹងគាត់បោះជំហានទៅមុខទៀត។ ពេលនោះ គាត់មិនដឹងថា ត្រូវវាយយកទីក្រុងយេរីខូដោយរបៀបណាទេ តែគាត់បានស្តាប់ព្រះមានបន្ទូល ហើយថ្វាយបង្គំទ្រង់។ បន្ទាប់មក គាត់ក៏បានស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះ ហើយគាត់ក៏បានដឹកនាំពួកអ៊ីស្រាអែល ដណ្តើមយកទីក្រុងយេរីខូ ដែលគេមិនអាចវាយយកបាននោះ។-Marion Stroud