ប្រហែលជាជាង៨០០ឆ្នាំមុន គេបានបន្ថែមប្រពៃណីថ្មីមួយ នៅក្នុងពិធីមង្គលការរបស់ជនជាតិយូដា។ ប្រពៃណីនោះ បានតម្រូវឲ្យកូនកំលោះជាន់បំបែកកែវស្រាទំពាំងបាយជូរ នៅចុងបញ្ចប់នៃពិធីមង្គលការ។ ត្រង់ចំណុចនេះ គេបានបកស្រាយថា ការបំបែកកែវស្រាដូចនេះ ជានិមិត្តរូប តំណាងឲ្យការបំផ្លាញព្រះវិហារក្រុងយេរូសាឡិម ដោយចក្រភពរ៉ូម៉ាំង ក្នុងឆ្នាំ៧០នៃគ្រីស្ទសករាជ។ ពេលដែលប្តីប្រពន្ធថ្មោងថ្មី ចាប់ផ្តើមកសាងគ្រួសារ ក្រោមដំបូលផ្ទះតែមួយ គេបានលើកទឹកចិត្តអ្នកទាំងពីរ ឲ្យនឹកចាំថា ដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិមត្រូវបានគេបំផ្លិចបំផ្លាញ កាលពីសម័យនោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនដែលគ្មានផ្ទះ សម្រាប់គង់នៅឡើយ។ ទ្រង់គ្រាន់តែបានជ្រើសរើសកន្លែងថ្មីមួយ សម្រាប់គង់នៅ គឺគង់នៅក្នុងចិត្តយើងម្នាក់ៗ ដែលជាអ្នកដើរតាមទ្រង់។ ព្រះគម្ពីរបានប្រៀបប្រដូចអ្នកជឿព្រះ ទៅនឹងកូនក្រមុំរបស់ព្រះគ្រីស្ទ និងព្រះវិហារដែលព្រះគង់នៅ។ ព្រះទ្រង់បានប្រមូលរាស្រ្តរបស់ទ្រង់ ឲ្យមូលមកតែមួយ ដើម្បីសង់ផ្ទះថ្មីមួយ ធ្វើជាដំណាក់របស់ទ្រង់ជារៀងរហូត។ ទន្ទឹមនឹងនោះ ក៏ទ្រង់កំពុងតែរៀបចំកូនក្រមុំរបស់ទ្រង់ ហើយរៀបផែនការសម្រាប់អាពាហ៍ពិពាហ៍មួយ ដែលនឹងរាប់បញ្ចូលសមាជិកនៃគ្រួសារព្រះទាំងអស់ ចាប់តាំងដើមកំណើតផែនដី។
យើងមានចំណែកដែលត្រូវបំពេញក្នុងនោះ ដែលកិច្ចការនោះមានភាពងាយស្រួលទេ ទោះបីជាជួនកាល មានការឈឺចាប់ក៏ដោយ។ យើងត្រូវសហការជាមួយព្រះ ខណៈពេលដែលទ្រង់កំពុងធ្វើការក្នុងជីវិតយើង ដើម្បីឲ្យយើងផ្លាស់ប្រែ កាន់តែដូចព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាទ្រង់។ បន្ទាប់មក នៅថ្ងៃមួយ ព្រះអម្ចាស់នៃយើង នឹងថ្វាយយើងដែលជាពួកជំនុំដល់ព្រះ ដោយគ្មានប្រឡាក់ ឥតជ្រួញ។ យើងបានបរិសុទ្ធ ឥតមានកន្លែងបន្ទោសបាន(អេភេសូរ ៥:២៧)។ មង្គលការនៃព្រះអម្ចាស់ នឹងនាំមកនូវការបញ្ចប់នៃទុក្ខព្រួយ និងទុក្ខវេទនាគ្រប់យ៉ាង។-Julie Ackerman Link