ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ
នៅទីក្រុងរីអូ ដឺ ចេនេរ៉ូ(Rio de Janeiro) មានរូបចម្លាក់ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ ដ៏ធំសម្បើម ដែលខ្ពស់ត្រដែតនៅលើភ្នំ ទតមើលមកទីក្រុងនោះ នៅខាងក្រោម។ រូបចម្លាក់ដ៏ល្បីល្បាញមួយនេះ ជារូបចម្លាក់ព្រះយេស៊ូវលាតសន្ធឹងព្រះហស្តទាំងសងខាង ដែលយើងមើលទៅតួខ្លួននៃរូបចម្លាក់នោះទាំងមូល មានរាង្គជាឈើឆ្កាង។ លោកហេតទ័រ ដឺ ស៊ីលវ៉ា ខូស្តា(Heitor de Silva Costa) ដែលជាស្ថាបត្យករប្រេស៊ីល បានរចនារូបចម្លាក់មួយនេះ។ គាត់បានស្រមៃថា ពេលពលរដ្ឋនៅទីក្រុងនោះ ក្រោកពីព្រលឹម ពួកគេនឹងបានឃើញរូបចម្លាក់ព្រះយេស៊ូវ លេចឡើង ចេញពីភាពងងឹតមុនគេ នៅពេលពេលទៀបភ្លឺ។ គាត់ក៏សង្ឃឹមផងដែរថា ពេលថ្ងៃលិច អ្នកក្រុងរីអូ នឹងបានឃើញពន្លឺព្រះអាទិត្យលិច ពីក្រោយព្រះកេសរូបចម្លាក់ព្រះយេស៊ូវ។
ជាការពិតណាស់ យើងមិនថ្វាយបង្គំរូបចម្លាក់របស់ព្រះយេស៊ូវទេ តែរូបចម្លាក់របស់ទ្រង់ ដែលគេបានសាងសង់ នៅទីក្រុងរីអូ ប្រទេសប្រេស៊ីល បានធ្វើឲ្យខ្ញុំនឹកចាំថា ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមើលទៅព្រះសង្រ្គោះយើង ដែលជាព្រះដ៏ពិត ជារៀងរាល់ថ្ងៃ ក្នុងពេលដែលយើងមានសេចក្តីសុខ ក៏ដូចជានៅពេលយើងមានទុក្ខលំបាក។ ពេលលោកយ៉ូបកំពុងរងទុក្ខវេទនា គាត់មានប្រសាសន៍ថា “ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី”(យ៉ូប ១៩:២៥)។
ត្រង់ចំណុចនេះ ការស្រែកយំរបស់លោកយ៉ូប កំពុងនាំចិត្តយើង ឲ្យមើលទៅព្រះយេស៊ូវ…
ការជួយសង្រ្គោះអ្នកដែលស្ទាក់ស្ទើរ
ជាច្រើនឆ្នាំកន្លងទៅ ក្នុងអំឡុងពេលនៃការសិក្សា អំពីសុវត្ថិភាពនៅក្នុងទឹក ខ្ញុំបានទទួលការបណ្តុះបណ្តាលពីរបៀបជួយសង្រ្គោះមនុស្សលង់ទឹក ដែលរើបំរាស់ខ្លាំង ធ្វើឲ្យគេពិបាកជួយ។ គ្រូបង្វឹកបានប្រាប់យើងឲ្យហែល “ទៅជួយអ្នកនោះពីក្រោយខ្នងគាត់។ ដោយយកដៃមួយចំហៀងឱបពីលើទ្រូង និងពីលើដៃរបស់គាត់ដែលកំពុងប្រវេប្រវា រួចហែលនាំគាត់ទៅរកទីសុវត្ថិភាព។ បើយើងហែលទៅជួយគាត់ពីខាងមុខ នោះគាត់នឹងកញ្ឆក់ទាញយើង ឲ្យលង់ទឹកជាមួយគាត់មិនខាន”។ ត្រង់ចំណុចនេះ ភាពស្លន់ស្លោ និងការភ័យខ្លាចអាចធ្វើឲ្យមនុស្សបាត់បង់សមត្ថភាពគិត និងធ្វើសកម្មភាព ឲ្យបានត្រឹមត្រូវ។
ពេលព្រះទ្រង់ចាត់ទេវតាពីរអង្គ ឲ្យមកជួយសង្រ្គោះលោកឡុត និងក្រុមគ្រួសារគាត់ ឲ្យរួចពីសេចក្តីហិនវិនាស ដែលហៀបនឹងកើតឡើង នៅក្រុងសូដុំម និងកូម៉ូរ៉ា(លោកុប្បត្តិ ១៩:១២-១៣) ពួកគេបានជួបនឹងការប្រឆាំង។ កូនប្រសាររបស់លោកឡុតគិតថា ការដាស់តឿនរបស់ទេវតា ជាការនិយាយលេង(ខ.១៤)។ ពេលពួកទេវតាប្រាប់លោកឡុតឲ្យប្រញាប់ចាកចេញ គាត់មានការស្ទាក់ស្ទើរ(ខ.១៥)។ ពេលនោះ ទេវតាទាំងពីរអង្គក៏បាន “ចាប់ដៃគាត់ និងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២ នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់”(ខ.១៦)។
ពេលយើងគិតឡើងវិញ អំពីការធ្វើដំណើរ ក្នុងសេចក្តីជំនឿ ដែលយើងមានក្នុងព្រះគ្រីស្ទ យើងអាចនឹកចាំ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការជួយយើង ពេលដែលយើងមានការស្ទាក់ស្ទើរ និងប្រឆាំងនឹងទ្រង់។ ពេលយើងជួបមនុស្សដែលកំពុងលិចលង់ ក្នុងភាពអស់សង្ឃឹម និងការភ័យខ្លាចក្នុងវិញ្ញាណ យ៉ាងធ្ងន់ធ្ងរ នោះយើងអាចសូមប្រាជ្ញាពីព្រះដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះពួកគេ ក៏ដូចជាដល់អ្នកដែលមានការស្ទាក់ស្ទើរ នៅក្នុងការទទួលសេចក្តីសង្រ្គោះរបស់ទ្រង់។-David Mccasland
សម្លេងនៅពេលយប់
បទគម្ពីរទំនុកដំកើង ជំពូក ១៣៤ មានតែ៣ខទេ តែវាជាភស្តុតាងបញ្ជាក់ថា កិច្ចការដ៏តូចអាចមានន័យច្រើនសន្ធឹក។ ក្នុងជំពូកនេះ ពីរខដំបូងនិយាយអំពីការលើកទឹកចិត្តដល់ពួកសង្ឃដែលធ្វើការបម្រើ ក្នុងដំណាក់ព្រះ រៀងរាល់យប់។ អគារព្រះវិហារងងឹត ហើយហាក់ដូចនៅទទេ គ្មានអ្វីដែលគួរឲ្យកត់សំគាល់ទេ។ តែអ្នកបម្រើព្រះទាំងនេះបានទទួលការលើកទឹកចិត្តឲ្យ “ប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរ”(ខ.២)។ រីឯខ.៣វិញ គឺជាសម្លេងរបស់ពួកជំនុំ ដែលបន្លឺឡើង ក្នុងពេលយប់ងងឹត និងឯកកោនោះថា “សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង”។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកបម្រើព្រះអម្ចាស់ដទៃទៀត ក្នុងពេលសព្វថ្ងៃ ដែលមានដូចជាគ្រូគង្វាល និងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងបម្រើព្រះក្នុងព្រះវិហារតូចៗ នៅតំបន់ដាច់ស្រយ៉ាល។ ជាញឹកញាប់ ពួកគេច្រើនតែមានការបាក់ទឹកចិត្ត ត្រូវល្បួងឲ្យអស់សង្ឃឹម ខណៈពេលដែលពួកគេប្រឹងប្រែងអស់ពីចិត្ត ទំាងធ្វើការបម្រើដោយគ្មានគេចាប់អារម្មណ៍ និងឲ្យរង្វាន់។ ជួនកាល ពួកគេឆ្ងល់ថា តើមាននរណាខ្វល់អំពីការអ្វីដែលពួកគេកំពុងធ្វើទេ? តើមាននរណាគិតពីពួកគេ អធិស្ឋានឲ្យពួកគេ ឬចាត់ទុកពួកគេជាផ្នែកមួយនៃជីវិតខ្លួនដែរឬទេ?
សម្រាប់អ្នកដែលមានអារម្មណ៍ឯកកោ ឬគិតថាខ្លួនគ្មានសារៈសំខាន់ ខ្ញុំសូមលើកទឹកចិត្តថា ទោះបីជាកិច្ចការរបស់អ្នកមានទំហំតូចមែន តែខ្លួនអ្នកជាព្រះវិហារបរិសុទ្ធរបស់ព្រះ។ ព្រះអាទិករដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់កំពុងធ្វើការនៅក្នុង និងតាមរយៈអ្នក។ ចូរ “ប្រណម្យដៃឡើង” ហើយសរសើរដំកើងព្រះអង្គចុះ។-David Roper
ដំណឹងល្អទាំងមូល
កាលពីពេលថ្មីៗនេះ ដាឡាស់(Dallas) ចៅប្រុសរបស់ខ្ញុំ ដែលមានអាយុ៥ឆ្នាំ បានសួរខ្ញុំថា “ហេតុអ្វីបានជាព្រះយេស៊ូវសុគតនៅលើឈើឆ្កាង?” ពេលឮគាត់សួរដូចនោះ ខ្ញុំក៏បាននាំគាត់ជជែកគ្នាបន្តិចអំពីសំណួរនេះ។ ខ្ញុំក៏បានពន្យល់គាត់ពីអំពើបាប និងការដែលព្រះយេស៊ូវស្ម័គ្រព្រះទ័យលះបង់ព្រះជន្ម ដើម្បីលោះបាបយើង។ បន្ទាប់មក គាត់ក៏បានទៅរត់លេង ជាមួយបងប្អួនរបស់គាត់។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានឮគាត់និយាយគ្នាជាមួយខេធី(Katie) ដែលជាបងប្អូនជីដូនមួយរបស់គាត់ មានអាយុដំណាលគាត់ដែរ។ គាត់បានប្រាប់នាង អំពីមូលហេតុដែលព្រះយេស៊ូវបានសុគត។ ខេធីក៏បានតបទៅគាត់វិញថា “ព្រះយេស៊ូវមិនបានសុគតទេ”។ ដាឡាស់ក៏បានតបថា “បាទ ទ្រង់សុគតមែន លោកតាបានប្រាប់ខ្ញុំថា ទ្រង់បានសុគតលើឈើឆ្កាង”។
ពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំមិនបានប្រាប់គាត់ឲ្យអស់សេចក្តីទេ។ ដូចនេះ ខ្ញុំក៏បានជជែកជាមួយគាត់ម្តងទៀត ដោយពន្យល់ប្រាប់គាត់ឡើងវិញ អំពីការសុគតរបស់ព្រះយេស៊ូវ ហើយប្រាប់គាត់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីទ្រង់បានសុគតបីថ្ងៃ។ គាត់ក៏បានដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់នៅសព្វថ្ងៃ ទ្រង់មិនបានសុគតជារហូតទេ។
ការនេះបានរំឭកខ្ញុំថា ពេលយើងផ្សាយដំណឹងល្អ យើងត្រូវផ្សាយឲ្យចប់ចុងចប់ដើម។ ពេលដែលបុរសម្នាក់មកពីនគរអេធីយ៉ូពី សួរលោកភីលីព អំពីបទគម្ពីរមួយផ្នែក ដែលគាត់មើលមិនយល់ លោកភីលីពក៏បានបកស្រាយបទគម្ពីរនោះឲ្យគាត់ស្តាប់ ហើយក៏បានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ដល់គាត់”(កិច្ចការ ៨:៣៥)។
ពេលយើងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ យើងអាចប្រាប់គេថា យើងរាល់គ្នាជាមនុស្សមានបាប យើងត្រូវការសេចក្តីសង្រ្គោះ តែព្រះរាជបុត្រានៃព្រះដែលគ្មានបាបសោះ បានយាងមកសុគត ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប…
អាថ៌កំបាំងដែលមើលមិនឃើញ
មានបាតុភូតជាច្រើនដែលបានកើតឡើង ក្នុងចក្រវាលដែលធំឥតព្រំដែន តែភាគច្រើន យើងមិនដឹងថា មានអ្វីកើតឡើងខ្លះទេ។ មានរបស់ជាច្រើន ដែលមានរូបរាង្គតូចពេក ឬផ្លាស់ទីលឿនពេក ឬយឺតពេក ដែលធ្វើឲ្យយើងមិនអាចមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមានបច្ចេកវិទ្យាទំនើប នោះលោកលូអ៊ីស ស្វាតបឺក(Luis Schwartzberg) ដែលជាអ្នកបង្កើតខ្សែភាពយន្ត អាចបង្ហាញនូវវីដេអូស្តីអំពីរបស់ដែលតូចៗទាំងនោះ ដែលមានដូចជាមាត់របស់សត្វដង្កូវមេអំបៅ ភ្នែករបស់សត្វរុយ និងការលូតលាស់របស់ដើមផ្សិតជាដើម។
ដោយសារសមត្ថភាពយើងមានកំណត់ នោះយើងមិនអាចមើលភាពលម្អិតនៃវត្ថុទាំងឡាយ ក្នុងពិភពខាងសាច់ឈាមឲ្យបានគ្រប់ជ្រុងជ្រោយឡើយ តែការនេះបានរំឭកយើងផងដែរថា សមត្ថភាពខាងវិញ្ញាណរបស់យើងក៏មានដែនកំណត់ផងដែរ ពោលគឺយើងមិនអាចដឹងអំពីអ្វីៗទាំងអស់ ដែលកំពុងកើតឡើង ក្នុងពិភពខាងវិញ្ញាណបានឡើយ។ ព្រះទ្រង់កំពុងធ្វើកិច្ចការរបស់ទ្រង់នៅជុំវិញខ្លួនយើង តាមរបៀបដ៏អស្ចារ្យហួសពីការស្មាន។ ប៉ុន្តែ ភ្នែកខាងវិញ្ញាណរបស់យើង មានដែនកំណត់ បានជាយើងមិនអាចមើលឃើញការអ្វីដែលទ្រង់កំពុងធ្វើ។ ទោះជាយ៉ាងណាក៏ដោយ ហោរាអេលីសេ ពិតជាបានមើលឃើញនូវកិច្ចការដ៏អស្ចារ្យ ដែលព្រះទ្រង់កំពុងធ្វើ។ ព្រះទ្រង់ថែមទាំងបានបើកភ្នែកអ្នកបម្រើរបស់គាត់ ដែលមានពេញដោយការកោតខ្លាច ឲ្យបានមើលឃើញកងទ័ពនៃស្ថានសួគ៌ ដែលទ្រង់បានចាត់ឲ្យមកប្រយុទ្ធជួសពួកគេ(២ពង្សាវតាក្សត្រ ៦:១៧)។
ការភ័យខ្លាច ធ្វើឲ្យយើងមានអារម្មណ៍ទន់ខ្សោយ ហើយមិនអាចធ្វើអ្វីកើត ហើយធ្វើឲ្យយើងគិតថា យើងកំពុងតែនៅឯកកោក្នុងពិភពលោកនេះ។ ប៉ុន្តែ ព្រះទ្រង់បានធានាយើងថា ព្រះវិញ្ញាណនៃទ្រង់ ដែលគង់នៅក្នុងយើង ទ្រង់ធំជាងអំណាចទាំងអស់ នៅក្នុងលោកិយ(១យ៉ូហាន ៤:៤)។
ពេលដែលយើងមានការបាក់ទឹកចិត្ត ដោយសារការអាក្រក់ដែលយើងមើលមិនឃើញ យើងអាចគិតអំពីការល្អដែលទ្រង់កំពុងធ្វើ ដែលយើងមិនអាចមើលឃើញនោះ។-Julie Ackerman Link
កិច្ចការដ៏មានតម្លៃ
នៅចុងសតវត្សរ៍ទី៤ ចក្រភពរ៉ូមក៏បានឈប់ចាប់អ្នកដើរតាមព្រះគ្រីស្ទ យកទៅឲ្យសត្វតោស៊ី ឲ្យពលរដ្ឋរ៉ូម៉ាំងមើលកម្សាន្តទៀត។ ប៉ុន្តែ ល្បែងមរណៈនៅតែបន្តមាន ដោយគេនៅតែឲ្យអ្នកប្រយុទ្ធបន្តកាប់សម្លាប់គ្នា ឲ្យគេមើលកម្សាន្ត ក្នុងទីលានប្រកួតជាធម្មតា រហូតដល់ពេលមួយ មានមនុស្សម្នាក់បានលោតចេញពីកន្លែងទស្សនា ចូលទៅក្នុងទីលានប្រកួត ហើយក៏បានព្យាយាមឃាត់គូរប្រយុទ្ធទាំងពីរនាក់នោះ ឲ្យឈប់កាប់សម្លាប់គ្នាទៀត។ គាត់ឈ្មោះធេលេម៉ាកូស(Telemachus) ជាអ្នកបម្រើព្រះមកពីវាលរហោស្ថាន។ កាលនោះ គាត់មកលំហែកាយក្នុងទីក្រុងរ៉ូម តែគាត់មិនអាចអត់ទ្រាំនឹងការកាប់សម្លាប់គ្នា ដ៏ពេញនិយមនេះ។ តាមកំណត់ហេតុរបស់លោកធេអូដូរេត(Theodoret) ដែលជាអ្នកដឹកនាំពួកជំនុំ និងជាអ្នកប្រវត្តិសាស្ត្រ បានឲ្យដឹងថា លោកធេលេម៉ាកុសបានស្រែកអំពាវនាវ ឲ្យគេបញ្ឈប់អំពើហឹង្សានោះទៀត តែគាត់ត្រូវពួកបណ្តាជនសម្លាប់ដោយចោលនឹងថ្ម។ អធិរាជ ហូណូរាស(Honorius) ក៏បានដឹងអំពីសកម្មភាពដ៏ក្លាហានរបស់គាត់ ហើយក៏បានបញ្ជារឲ្យគេលុបបំបាត់ការប្រកួតនោះ។
អ្នកខ្លះប្រហែលជាចង់ចោទជាសំណួរថា “តើមានតែលោកធេលេម៉ាកុសទេឬ ដែលបានលះបង់ជីវិត ដើម្បីប្រឆាំងនឹងការអាក្រក់នោះ?” ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានចោទសួរខ្លួនឯងថា “ហេតុអ្វីបានជាយើងមានសេចក្តីអន្តរាយ រាល់ពេលវេលាដែរ?”(១កូរិនថូស ១៥:៣០)។ ក្នុងបទគម្ពីរ ២កូរិនថូស ១១:២២-៣៣ គាត់បានពិពណ៌នា អំពីទុក្ខលំបាកដែលគាត់មាន ដោយសារសេចក្តីស្រឡាញ់ ចំពោះព្រះគ្រីស្ទ ដែលក្នុងចំណោមនោះ មានទុក្ខលំបាកជាច្រើន ដែលអាចធ្វើឲ្យគាត់បាត់បង់ជីវិត។ តើអ្វីដែលគាត់ធ្វើនោះ មានតម្លៃឬទេ?
សាវ័កប៉ុលបានរងទុក្ខលំបាកគ្រប់យ៉ាង ក្នុងការងារបម្រើព្រះ ហើយគាត់បានក្លាយជាអ្នកបម្រើព្រះដ៏ជោគជ័យ។ ការលះបង់អ្វីដែលមិនស្ថិតស្ថេរ ដើម្បីទទួលបាននូវព្រះពរដ៏អស់កល្បជានិច្ច ជាការបណ្តាក់ទុនដ៏ល្អ។ ក្នុងគ្រារស់ឡើងវិញ…
ដើរនៅលើទឹក
ពេលខ្ញុំរៀនបើកទូកក្តោង គេបានតម្រូវឲ្យខ្ញុំដើរលើបន្ទះក្តារ ដែលអណ្តែតលើទឹកឃ្លីងឃ្លោង ហើយឈោងឡើងកូនទូកក្តោង។ ខ្ញុំមិនចូលចិត្តដើរលើបន្ទះក្តានោះទេ ព្រោះខ្ញុំមិនពូកែទប់ខ្លួនឲ្យនឹង ហើយមិនចង់ធ្លាក់ចូលក្នុងទឹក នៅចន្លោះបន្ទះក្តារ និងទូកនោះ ពេលខ្ញុំព្យាយាមឈោងឡើង។ ខ្ញុំស្ទើរតែចង់បោះបង់ការរៀនបើកទូកក្តោង។ គ្រូបង្វឹកក៏បានប្រាប់ខ្ញុំ ឲ្យមើលទៅគាត់ ព្រោះគាត់នៅឈរចាំលើទូកនោះ ហើយគាត់នឹងជួយទប់ខ្ញុំ បើសិនជាខ្ញុំរអិលជើង។ ខ្ញុំក៏បានធ្វើតាមអ្វីដែលគាត់ប្រាប់ ហើយពេលនេះ ខ្ញុំមានសញ្ញាប័ត្រជំនាញបើកបរទូកក្តោងមូលដ្ឋាន ប្រកបដោយមោទនភាព។
ជាទូទៅ មនុស្សយើងមិនចូលចិត្តប្រថុយនឹងគ្រោះថ្នាក់ទេ។ មនុស្សជាច្រើនមានការស្ទាក់ស្ទើរ មិនហ៊ានបោះជំហានចេញពីកន្លែងស្រណុកស្រួល ព្រោះមិនចង់បរាជ័យ ទទួលរងការឈឺចាប់ ឬខ្លាចខ្មាសគេ។ ប៉ុន្តែ បើសិនជាយើងបណ្តោយឲ្យការភ័យខ្លាចចងរឹតយើងជាប់ នោះយើងមិនអាចធ្វើអ្វីកើតទេ។
គ្រូអធិប្បាយព្រះបន្ទូលជាច្រើន ចូលចិត្តលើកយករឿងលោកពេត្រុសដើរលើទឹក មកអធិប្បាយ ព្រមទាំងរៀបរាប់អំពីការដែលគាត់បរាជ័យ ដោយសារគាត់បានលិចទៅក្នុងទឹក(ម៉ាថាយ ១៤:២២-៣៣)។ ប៉ុន្តែ ខ្ញុំមិនដែលបានឮគេអធិប្បាយ អំពីអាកប្បកិរិយារបស់ពួកសាវ័កដទៃទៀត ពេលពួកគេឃើញលោកពេត្រុសដើរលើទឹកទេ។ ខ្ញុំយល់ថា ក្នុងរឿងនេះ គាត់បានទទួលជ័យជម្នះ។ ព្រោះគាត់បានសម្រេចចិត្តដើរឆ្លងកាត់គ្រោះថ្នាក់ ទៅរកព្រះយេស៊ូវ ទោះជាគាត់មានការភ័យខ្លាចក៏ដោយ។ ប្រហែលជាមានតែអ្នកដែលមិនដែលហ៊ានធ្វើសោះទេ ដែលជាមនុស្សបរាជ័យនោះ។
ព្រះយេស៊ូវបានឆ្លងកាត់គ្រោះថ្នាក់គ្រប់យ៉ាង ដើម្បីយើងរាល់គ្នា។ តើយើងបានត្រៀមខ្លួនប្រថុយនឹងគ្រោះថ្នាក់ ដើម្បីធ្វើអ្វីខ្លះថ្វាយទ្រង់?-Marion Stroud
ភាពស្រស់ស្អាតនៅគ្រប់ទិសទី
កូនប្រុសរបស់ខ្ញុំ ចូលចិត្តបេះផ្កាស្រងែម្យ៉ាងដែលមានពណ៌លឿង ដូចផ្កាស្បៃរឿង ឲ្យម្តាយរបស់វា។ រហូតមកដល់ពេលនេះ ភរិយារបស់ខ្ញុំនៅតែចូលចិត្តទទួលផ្កានោះពីវា ដោយឥតធុញទ្រាន់។ ខ្ញុំបានគិតថាផ្កានោះគ្រាន់តែជាផ្កាស្មៅប៉ុណ្ណោះ តែកូនប្រុសដ៏តូចរបស់ខ្ញុំបានឲ្យតម្លៃផ្កានោះណាស់។ ថ្ងៃមួយ ខ្ញុំបាននាំក្មេងតូចដ៏គួរឲ្យស្រឡាញ់ម្នាក់នេះដើរផ្សាជាមួយខ្ញុំ។ ពេលយើងដើរកាត់កន្លែងលក់ផ្កា វាក៏បានចង្អុលទៅផ្កាស្រងែពណ៌លឿងនោះ ដោយចិត្តរំភើបរីករាយ ហើយក៏បានប្រាប់ខ្ញុំឲ្យទិញផ្កានោះ ឲ្យម្តាយរបស់វា។ ខ្ញុំក៏បានអស់សំណើច។
អ្នកខ្លះនឹកចាំ អំពីអំពើបាបរបស់អ័ដាំម ពេលពួកគេគិតអំពីស្រងែ។ ពេលអ័ដាម និងនាងអេវ៉ាបរិភោគផ្លែដឹងខុសត្រូវ ដែលព្រះបានហាម ពួកគេបាននាំបណ្តាសា ចូលទៅក្នុងលោកិយ ដែលនាំឲ្យមនុស្សត្រូវធ្វើការដោយពិបាក ដោយសារស្រងែ និងបន្លា ស្ត្រីឆ្លងទន្លេមានការឈឺចាប់ខ្លាំង ហើយត្រូវជួបសេចក្តីស្លាប់នៅចុងបញ្ចប់នៃជីវិត(លោកុប្បត្តិ ៣:១៦-១៩)។
ប៉ុន្តែ កែវភ្នែកដ៏ក្មេងខ្ចីរបស់កូនប្រុសខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងផ្សេង។ គឺនឹកចំាថា ដើមស្រងែក៏មានសម្រស់ផងដែរ។ ការឈឺចាប់ពេលឆ្លងទន្លេ មិនបានធ្វើឲ្យយើងអស់សង្ឃឹមឡើយ។ នៅទីបញ្ចប់ ព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ហើយ។ បទគម្ពីរលោកុប្បត្តិ ៣:១៥ បានចែងថា ពូជរបស់អ័ដាំម និងនាងអេវ៉ា នឹងធ្វើសង្រ្គាមឈ្នះពូជរបស់សត្វពស់។ ពូជនោះ ជាអង្គព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានរំដោះយើង ឲ្យរួចពីបណ្តាសានៃសេចក្តីស្លាប់(កាឡាទី ៣:១៦)។
លោកិយពោរពេញដោយការអាក្រក់ តែមានការអស្ចារ្យជាច្រើនកំពុងរង់ចាំយើង នៅគ្រប់ច្រក។ សូម្បីតែស្មៅ និងស្រងែក៏អាចរំឭកយើង អំពីព្រះបន្ទូលសន្យានៃការប្រោសលោះ និងព្រះអាទិករ…
ការពិបាកនៅក្នុងការផ្លាស់ប្តូរ
បន្ទាប់ពីលោកគ្រីស សេនឌ័រ(Chris Sanders) ដែលជាអតីតកីឡាករអត្តពលិកអាជីព មានរបួសធ្វើឲ្យអាជីពរបស់គាត់ត្រូវបញ្ចប់ គាត់ក៏បានប្រាប់អតីតយុទ្ធជនមួយក្រុមថា ទោះបីជាគាត់មិនដែលមានបទពិសោធន៍ នៅសមរភូមិក៏ដោយ ក៏គាត់នៅតែអាចយល់អំពីសម្ពាធនៃការផ្លាស់ប្តូរដ៏ពិបាក ពីមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ ទៅជាជនពិការ។
ការផ្លាស់ប្តូរធំៗសុទ្ធតែអាចនាំឲ្យមានការពិបាកខ្លាំង ទោះការផ្លាស់ប្តូរនោះ បណ្តាលមកពីការបាត់បង់ការងារ ការបាត់បង់ទំនាក់ទំនងប្តីប្រពន្ធ ឬជាការមានជម្ងឺធ្ងន់ ឬជាការខាតបង់ផ្នែកហរិញ្ញវត្ថុក៏ដោយ។ អតីតអត្តពលិករូបនោះបានប្រាប់អតីតយុទ្ធជនទាំងនោះថា ពេលពួកគេមានការផ្លាស់ប្តូរ ពីជីវិតជាទាហាន ទៅរស់នៅជាជនស៊ីវិល គន្លឹះដើម្បីឲ្យពួកគេមានជោគជ័យក្នុងជីវិត គឺត្រូវស្វែងរកជំនួយពីព្រះ។
សូមយើងអានបទគម្ពីរយ៉ូស្វេ ពេលណាយើងស្ថិតក្នុងដំណើរនៃការផ្លាស់ប្តូរដ៏ពិបាក។ បន្ទាប់ពីសាសន៍អ៊ីស្រាអែលបានវិលវល់នៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ ហើយឆ្លងកាត់ការពិបាកជាច្រើន ព្រះទ្រង់ក៏បានឲ្យពួកគេត្រៀមខ្លួន ចូលទឹកដីសន្យា។ បន្ទាប់ពីលោកម៉ូសេដែលជាអ្នកដឹកនាំដ៏ឆ្នើមរបស់ពួកគេបានស្លាប់ហើយ លោកយ៉ូស្វេដែលជាអ្នកជំនួយរបស់គាត់ ក៏បានមើលការខុសត្រូវបន្តពីគាត់។
ព្រះទ្រង់ក៏បានប្រាប់លោកយ៉ូស្វេ ឲ្យ“មានកំឡាំង និងចិត្តក្លាហានឡើង ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបម្រើទ្រង់ បានបង្គាប់មក ហើយកុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេង ប្រយោជន៍ឲ្យគាត់បានកើតការនៅកន្លែងណា ដែលគាត់ទៅ(យ៉ូស្វេ ១:៧)។ លោកយ៉ូស្វេត្រូវតែយកព្រះបន្ទូលរបស់ព្រះជាគោល នៅក្នុងការដឹកនំាប្រជាជនអ៊ីស្រាអែល ក្នុងគ្រប់ស្ថានភាពទាំងអស់។
ព្រះរាជបញ្ជា និងព្រះបន្ទូលសន្យា ដែលព្រះអម្ចាស់ប្រទានលោកយ៉ូស្វេ ក៏សម្រាប់ឲ្យយើងអនុវត្តតាមផងដែរ គឺយើងត្រូវ “មានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលយើងទៅ”(ខ.៩)។
ព្រះទ្រង់គង់នៅជាមួយយើង…
ឪពុកដែលមានក្តីស្រឡាញ់
មានពេលមួយខ្ញុំបានឃើញគ្រួសារមួយ ដែលឪពុកម្តាយកំពុងមានការនឿយហត់ នៅក្នុងការមើលកូនតូចៗដ៏រពិសទាំងពីរនាក់ ដែលជាសិស្សសាលាមត្តេយ្យ។ អ្នកទាំងពីរមានការពិបាក នៅក្នុងការអូសនាំពួកវា ចេញចូលអាកាសយាន្តដ្ឋាន និងចេញចូលយន្តហោះ ហើយពេលនោះ ជើងហោះហើរចុងក្រោយរបស់ពួកគេក៏ត្រូវបានពន្យាពេលទៀត។ ពេលខ្ញុំមើលក្មេងប្រុសទាំងពីរកំពុងរត់ចុះឡើង ក្នុងចំណោមហ្វូងមនុស្សដ៏អ៊ូអរ នៅកន្លែងច្រកទ្វារ ខ្ញុំក៏បានឆ្ងល់ថា ឪពុកម្តាយរបស់ពួកគេ នឹងធ្វើឲ្យពួកគេអង្គុយនៅស្ងៀម ក្នុងយន្តហោះ ឲ្យបានកន្លះម៉ោង ក្នុងដំណើរទៅទីក្រុងគ្រែន រេភីត ដោយរបៀបណា។ ពេលយើងបានចូលអង្គុយក្នុងយន្តហោះ ខ្ញុំក៏បានកត់សំគាល់ឃើញថា បុរសជាឪពុកកំពុងអង្គុយ នៅលើកៅអីខាងក្រោយខ្ញុំ ជាមួយកូនប្រុសរបស់គាត់ម្នាក់ ហើយម្នាក់ទៀតអង្គុយជាមួយម្តាយវា នៅជួរផ្សេង។ បន្ទាប់មក ខ្ញុំក៏បានឮឪពុកដ៏ហត់នឿយរូបនោះបបួលកូនប្រុសគាត់ ឲ្យស្តាប់គាត់អានសៀវភៅរឿង ឲ្យវាស្តាប់។ ក្នុងអំឡុងពេលនៃការហោះហើរកន្លះម៉ោង ឪពុកដែលមានក្តីស្រឡាញ់នោះ ក៏បានអានឲ្យកូនរបស់ខ្លួនស្តាប់ ដោយសម្លេងស្រទន់ និងការអត់ធ្មត់ ធ្វើឲ្យវានៅស្ងៀម ហើយស្តាប់គាត់អានរឿងយ៉ាងជក់ចិត្ត។
ក្នុងចំណោមបទគម្ពីរទំនុកដំកើង ដែលស្តេចដាវីឌបាននិពន្ធ មានទំនុកមួយបានប្រកាសថា “ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ”(ទំនុកដំកើង ១០៣:១៣)។ បទគម្ពីរនេះបានប្រាប់ឲ្យយើងដឹងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់បានស្រឡាញ់កូនទ្រង់ខ្លាំងប៉ុណ្ណា ហើយក៏បានរំឭកថា យើងមានពរណាស់ ដែលអាចមើលទៅទ្រង់ ហើយស្រែកឡើងថា “ឱអ័ប្បា ព្រះវរបិតា”(រ៉ូម ៨:១៥)។
ពេលអ្នកកំពុងតែនឿយហត់ ក្នុងដំណើរជីវិត ព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកស្តាប់រឿង…