លោកស៊ី អេស លូអ៊ីស(C.S.Lewis) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “បញ្ហានៃការឈឺចាប់” ដែលក្នុងនោះ គាត់បានកត់សំគាល់ឃើញថា “ព្រះទ្រង់មានបន្ទូលខ្សិបមកកាន់យើង ពេលយើងសប្បាយចិត្ត មានបន្ទូលមកកាន់យើង ក្នុងសម្បជញ្ញៈរបស់យើង តែទ្រង់មានបន្ទូលស្រែកមកកាន់យើង ពេលយើងមានការឈឺចាប់ គឺប្រៀបបាននឹងការស្រែកដាក់មេក្រូ ដល់លោកិយដែលមានត្រចៀកថ្លង់ ឲ្យភ្ញាក់ខ្លួនឡើង”។ សេចក្តីទុក្ខច្រើនតែនាំឲ្យយើងងាកមកផ្តោតអារម្មណ៍ ទៅលើព្រះឡើងវិញ។ សេចក្តីទុក្ខបង្វែរគំនិតយើង ឲ្យឈប់គិតអំពីស្ថានភាពដែលទើបតែកើតមាន ដើម្បីឲ្យយើងអាចស្តាប់ព្រះមានបន្ទូល អំពីការអ្វីដែលទ្រង់កំពុងធ្វើក្នុងជីវិតយើង។ ពេលនោះ ថ្នាក់រៀនខាងវិញ្ញាណបានចាប់ផ្តើមឡើង ក្នុងជីវិតដែលយើងធ្លាប់តែរស់នៅជាធម្មតា។
ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា អ្នកនិពន្ធទំនុកដំកើងនៅតែបើកចំហរចិត្តទទួលការបង្រៀនពីព្រះ សូម្បីតែក្នុងពេលដែលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏ឈឺចាប់ក៏ដោយ។ គាត់បានទទួលស្គាល់ថា ព្រះទ្រង់បានប្រើទុក្ខលំបាក ដើម្បីឲ្យគាត់ងាកមករកទ្រង់វិញ គឺដូចដែលគាត់បានអធិស្ឋានដោយការបន្ទាបខ្លួនថា “ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្តីស្មោះត្រង់របស់ទ្រង់ទេ”(ទំនុកដំកើង ១១៩:៧៥)។ ហោរាអេសាយយល់ថា ព្រះទ្រង់ប្រើទុក្ខលំបាក ដើម្បីបន្សុទ្ធយើង បានជាគាត់មានប្រសាសន៍ថា ព្រះទ្រង់បានសំរងគាត់ តែមិនមែនដូចជាសំរងប្រាក់ទេ គឺទ្រង់បានរើសគាត់នៅឡនៃសេចក្តីវេទនាវិញ(អេសាយ ៤៨:១០)។ ហើយចំណែកឯលោកយ៉ូបវិញ ពេលគាត់កំពុងមានទុក្ខវេទនា គាត់បានរៀនសូត្រអំពីអំណាចគ្រប់គ្រង និងភាពធំឧត្តម្ភរបស់ព្រះ តាមរយៈទុក្ខលំបាករបស់គាត់(យ៉ូប ៤០-៤២)។
ពេលយើងកំពុងជួបការឈឺចាប់ យើងមិននៅម្នាក់ឯងទេ។ ព្រះទ្រង់បានយកកំណើតជាមនុស្ស ហើយបានរងទុក្ខវេទនាក្រៃលែង គឺដូចមានសេចក្តីចែងថា “ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់”(១ពេត្រុស ២:២១)។ ព្រះដែលមានស្នាមដែកគោលនៅព្រះហស្ត ទ្រង់គង់នៅជិតយើងជានិច្ច។ ទ្រង់នឹងកម្សាន្តចិត្តយើង ហើយបង្រៀនយើង ពេលយើងមានទុក្ខវេទនា។-Dennis Fisher