វេជ្ជបណ្ឌិតដែលខ្ញុំស្គាល់ សុទ្ធសឹងជាមនុស្សឆ្លាត ខិតខំធ្វើការ និងមានចិត្តអាណិត ចំពោះអ្នកដទៃ។ ពួកគេបានជួយសម្រាលទុក្ខរបស់ខ្ញុំ ជាច្រើនដងមកហើយ ហើយខ្ញុំមានការដឹងគុណចំពោះពួកគេ សម្រាប់ការដែលពួកគេពូកែពិនិត្យជម្ងឺ ចេញវេជ្ជបញ្ជា តឆ្អឹងដែលបាក់ និងដេរមុខរបួសឲ្យខ្ញុំជាដើម។ ប៉ុន្តែ ការនេះមិនមានន័យថា ខ្ញុំទុកចិត្តគ្រួពេទ្យ ជាងព្រះនោះឡើយ។
ដ្បិតខ្ញុំដឹងថា ព្រះទ្រង់បានជ្រើសតាំងមនុស្ស ឲ្យធ្វើការជាដៃគូជាមួយទ្រង់ នៅក្នុងការថែរក្សាស្នាព្រះហស្តរបស់ទ្រង់(លោកុប្បត្តិ ២:១៥) ហើយគ្រូពេទ្យបានសិក្សាវិទ្យាសាស្ត្រសុខាភិបាល ហើយបានរៀនសូត្រអំពីរបៀបដែលព្រះបានបង្កើតរូបកាយមនុស្ស។ ពួកគេបានប្រើចំណេះដឹងនេះ ដើម្បីជួយស្អាងយើង ឲ្យមានសុខភាពល្អឡើងវិញ។ ប៉ុន្តែ មូលហេតុដែលគ្រូពេទ្យអាចព្យាបាល គឺដោយសារព្រះទ្រង់បានបង្កើតរូបកាយយើងមក ឲ្យមានសមត្ថភាពព្យាបាលខ្លួនឯង។ គ្រូពេទ្យវះកាត់នឹងមិនអាចព្យាបាលអ្នកជម្ងឺបានឡើយ បើសិនជាមុខរបួសដែលគាត់បានដេរនោះ មិនព្រមជាដោយខ្លួនឯងទេនោះ។
អ្នកវិទ្យាសាស្រ្តអាចរៀនដឹង អំពីរបៀបដែលព្រះបានបង្កើតរូបកាយយើង ឲ្យមានមុខងារផ្សេងៗ ហើយពួកគេក៏បានបង្កើតថ្នាំ និងវិធីព្យាបាល ឲ្យយើងមានសុខភាពល្អឡើងវិញ ឬជាពីជម្ងឺ ប៉ុន្តែ ពួកគេមិនមែនជាអ្នកប្រោសឲ្យជាទេ គឺព្រះទេដែលបានប្រោសមនុស្សឲ្យជា(និក្ខមនំ ១៥:២៦)។ គ្រូពេទ្យគ្រាន់តែបានសហការជាមួយបំណងព្រះទ័យ និងការរចនាដែលទ្រង់មានសម្រាប់រូបកាយយើង។ និយាយរួម ព្រះទ្រង់បានប្រើមនុស្ស និងថ្នាំពេទ្យដើម្បីព្យាបាលជម្ងឺទាំងពួង។
ដូចនេះ ខ្ញុំមានការដឹងគុណចំពោះវិទ្យាសាស្រ្ត និងគ្រូពេទ្យ តែខ្ញុំសូមសរសើរ និងអរព្រះគុណព្រះជាពិសេស ដ្បិតទ្រង់បានរចនាចក្រវាលមក ឲ្យមានរបៀបរៀបរយ ហើយបានបង្កើតយើងមកឲ្យមានគំនិត ដែលអាចស្វែងយល់ ពីរបៀបដែលអ្វីៗទាំងអស់មានដំណើរការ។ សរុបមក ខ្ញុំជឿថា ការជាពីជម្ងឺទំាងអស់សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះ ដូចនេះ គ្មានការព្យាបាលឬប្រោសឲ្យជាណា ដែលកើតឡើងដោយគ្មានព្រះចូលរួមឡើយ។-Julie Ackerman Link