ក្នុងសៀវភៅដែលមានចំណងជើងថា ខួរក្បាលដ៏អាថ៌កំបាំង អ្នកនិពន្ធផ្នែកវិទ្យាសាស្រ្ត ឈ្មោះ សានខា វេដានថាម(Shankar Vedantam) បានធ្វើការពិពណ៌នា អំពីថ្ងៃដែលគាត់បានចេញទៅហែលទឹកកម្សាន្ត។ នៅថ្ងៃនោះ ទឹកមានសភាពស្ងប់ ហើយថ្លាល្អ បានជាគាត់មានអារម្មណ៍ថា ខ្លួនគាត់ជាមនុស្សខ្លាំង និងមានមោទនភាព ដែលបានហែលទឹកបានចម្ងាយឆ្ងាយ យ៉ាងងាយស្រួល។ គាត់ក៏បានសម្រេចចិត្តហែលទឹកចេញពីឆ្នេរ ទៅរកទឹកជ្រៅ។ ប៉ុន្តែ គាត់មិនអាចហែលត្រឡប់មកវិញបាន ទោះព្យាយាមយ៉ាងណាក៏ដោយ។ តាមពិត គាត់បានចាញ់បោកចរន្តទឹក។ គាត់មានភាពងាយស្រួលនៅក្នុងការហែល ទៅរកទឹកជ្រៅ មិនមែនដោយសារកម្លាំងរបស់គាត់ទេ តែគឺដោយសារគាត់បានហែលតាមបណ្តោយខ្សែទឹកហូរ ដោយមិនដឹងខ្លួន។
ក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះ ក៏អាចមានបញ្ហាកើតឡើងដូចនេះផងដែរ។ “ការចាក់បណ្តោយ” អាចនាំឲ្យយើងគិតថា ខ្លួនឯងខ្លាំងខុសពីការពិត។ ពេលជីវិតយើងមានភាពស្រួល យើងច្រើនតែគិតថា ភាពសុខស្រួលនោះ គឺបានមកពីកម្លាំង ឬសមត្ថភាពរបស់យើង។ យើងប្រែជាមានអំណួត និងទុកចិត្តខ្លួនឯង។ ប៉ុន្តែ ទាល់តែយើងមានបញ្ហា ទើបយើងដឹងថា ខ្លួនឯងមានកម្លាំង និងសង្ឃឹមតិចប៉ុណ្ណា។
បញ្ហានេះក៏បានកើតឡើងចំពោះពួកអ៊ីស្រាអែលផងដែរ។ ព្រះទ្រង់មានផែនការប្រទានពរពួកគេ ឲ្យមានជ័យជម្នះផ្នែកកងទ័ព សន្តិភាព និងភាពសម្បូរសប្បាយ។ ប៉ុន្តែ ពួកគេគិតថា ខ្លួនបានទទួលជ័យជម្នះនោះ ដោយសារកម្លាំងខ្លួនឯង បានជាពួកគេប្រែជាមានអំណួត និងការទុកចិត្តលើខ្លួនឯង(ចោទិយកថា ៨:១១-១២)។ ពួកគេក៏បានសន្និដ្ឋានថា ពួកគេមិនត្រូវការព្រះទៀតទេ បានជាពួកគេដើរតាមផ្លូវរបស់ខ្លួន ទាល់តែពួកសត្រូវលើកទ័ពមកវាយប្រហារ ទើបពួកគេដឹងថា ខ្លួនអន់ខ្សោយប៉ុណ្ណា ពេលដែលគ្មានជំនួយពីព្រះ។
ពេលជីវិតរបស់យើងមានភាពសុខស្រួល យើងក៏ចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន កុំឲ្យចាញ់បោកខ្លួនឯង។ សេចក្តីអំណួតនឹងនាំឲ្យយើងទទួលលទ្ធផល ដែលយើងមិនចង់បាន។ មានតែការបន្ទាបខ្លួនទេ ដែលនឹងនាំឲ្យយើងទទួលព្រះពរ ដោយការដឹងគុណចំពោះព្រះ ហើយពឹងផ្អែកលើកម្លាំងរបស់ទ្រង់។-Julie Ackerman Link