ម៉ារី(Mary) មានអំណរ នៅក្នុងការប្រជុំក្រុម ក្នុងព្រះវិហាររបស់នាង នៅពាក់កណ្តាលសប្តាហ៍ ជាមួយមិត្តភក្តិមួយចំនួន ដើម្បីអធិស្ឋាន ថ្វាយបង្គំ និងពិភាក្សាអំពីសំណួរ ដែលមានក្នុងការអធិប្បាយព្រះបន្ទូល កាលពីសប្តាហ៍មុន។ សប្តាហ៍នេះ ពួកគេនឹងចែកចាយ អំពីភាពខុសគ្នា រវាង “ការទៅ” ព្រះវិហារ និង “ការធ្វើជា” ពួកជំនុំ ក្នុងលោកិយដែលធ្វើទុក្ខបៀតបៀន។ នាងទន្ទឹងរង់ចាំជួបមិត្តភក្តិរបស់នាង ហើយធ្វើការពិភាក្សាគ្នាយ៉ាងរស់រវើក។
ខណៈពេលដែលនាងកំពុងរើសសោរឡាន រៀបចេញទៅក្រៅ សម្លេងកន្តឹងទ្វារផ្ទះក៏បានរោទ៍ឡើង។ អ្នកស្រីស៊ូ(Sue) ដែលជាអ្នកជិតខាងរបស់នាង បានមកសួរនាងថា “សូមទោស ដែលខ្ញុំមករំខានអ្នក។ តើព្រឹកនេះ អ្នកមានពេលទំនេរទេ?” ពេលដែលម៉ារីហៀបនឹងប្រាប់គាត់ថា នាងត្រូវចេញទៅក្រៅ អ្នកស្រីស៊ូក៏បានបន្តទៀតថា “ខ្ញុំបានយកឡានទៅឲ្យគេជួសជុល។ តាមធម្មតា ខ្ញុំអាចដើរ ឬជិះកង់ទៅផ្ទះក៏បាន ប៉ុន្តែ ឥឡូវ ខ្ញុំឈឺចង្កេះ មិនអាចដើរ ឬជិះកង់បានទៀតទេ”។ ម៉ារីមានការស្ទាក់ស្ទើរបន្តិច នាងក៏ឆ្លើយទាំងញញឹមថា “ចាស មិនអីទេ ខ្ញុំនឹងជួនអ្នកស្រីទៅផ្ទះ”។
ម៉ារីគ្រាន់តែឃើញអ្នកជិតខាងម្នាក់នេះ គឺមិនដែលបាននិយាយគ្នាពីមុនមកទេ។ ប៉ុន្តែ ពេលនាងបើកឡានជូនគាត់ទៅផ្ទះ នាងក៏បានដឹងថា ស្វាមីរបស់គាត់មានជម្ងឺវង្វេងវង្វាន់ ហើយគាត់មានការហត់នឿយយ៉ាងខ្លាំង នៅក្នុងការមើលថែរគាត់។ នាងក៏បានស្តាប់គាត់និយាយ ដោយការអាណិត ហើយក៏បានសន្យាថានឹងអធិស្ឋានឲ្យគាត់ផងដែរ។
នៅពេលព្រឹកនោះ ម៉ារីបានព្យាយាមជួយគាត់ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ នាងក៏ខកខាន មិនបានទៅចែកចាយ អំពីការផ្សាយដំណឹងល្អ នៅព្រះវិហារ នៅពេលព្រឹកថ្ងៃនោះ។ ផ្ទុយទៅវិញ នាងចែកសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដល់អ្នកជិតខាងនាង ដែលកំពុងស្ថិតក្នុងស្ថានភាពដែលពិបាកខុសពីនាង។-Marion Stroud