ក្នុងដំណាក់កាលដំបូង នៃអាជីពរបស់ខ្ញុំ ខ្ញុំមានមិត្តរួមការងារម្នាក់ ដែលហាក់ដូចជាចូលចិត្តយកព្រះនាមព្រះ មកប្រមាថ។ គាត់ចូលចិត្តចម្អកឡកឡឺយ ដោយគ្មានមេត្តា មកលើគ្រីស្ទបរិស័ទដែលក្មេងវ័យខាងជំនឿ ឬមកលើអ្នកដែលព្យាយាមជជែកជាមួយគាត់ អំពីព្រះយេស៊ូវ។ ខ្ញុំនៅចាំថា នៅថ្ងៃដែលខ្ញុំ ឈប់ធ្វើការជាមួយគាត់ ដើម្បីទៅធ្វើការនៅក្នុងសហគមន៍ និងកន្លែងធ្វើការថ្មី ខ្ញុំបានគិតថា បុរសម្នាក់នេះនឹងមិនអាចក្លាយជាអ្នកដើរតាមព្រះយេស៊ូវឡើយ។
ពីរឆ្នាំក្រោយមក ខ្ញុំក៏បានទៅលេងកន្លែងធ្វើការចាស់។ គាត់នៅធ្វើការ ក្នុងកន្លែងនោះដដែល តែខ្ញុំមិនដែលបានឃើញនរណាម្នាក់មានការផ្លាស់ប្រែ ដូចគាត់ឡើយ។ បុរសម្នាក់នេះកាលពីមុនមានការទាស់ប្រឆាំងនឹងជំនឿគ្រីស្ទបរិស័ទជាខ្លាំង តែពេលនេះ គាត់បានក្លាយជាគំរូ ទាំងក្នុងការដើរហើរ និងនិយាយស្តី ដែលបង្ហាញថា គាត់ “បានកើតជាថ្មី” ក្នុងព្រះគ្រីស្ទហើយ(២កូរិនថូស ៥:១៧)។ ជាង៣០ឆ្នាំក្រោយមក សព្វថ្ងៃនេះ គាត់នៅតែបន្តប្រាប់អ្នកដទៃ អំពីរបៀបដែលគាត់ “បានស្គាល់ទ្រង់ នៅពេលដែលគាត់កំពុងជាប់ក្នុងអំពើបាប និងការអាក្រក់គ្រប់យ៉ាង”។
រឿងនេះ បានធ្វើខ្ញុំនឹកចាំថា គ្រីស្ទបរិស័ទសម័យដើម ប្រាកដជាបានឃើញសាវ័កប៉ុល មានការផ្លាស់ប្រែស្រដៀងនឹងបុរសម្នាក់នោះផងដែរ។ កាលពីដើម សាវ័កប៉ុលជាអ្នកធ្វើទុក្ខបៀតបៀនគ្រីស្ទបរិស័ទដោយគ្មានក្តីមេត្តា តែក្រោយមក គាត់ក៏បានក្លាយជាគំរូដែលគួរឲ្យកត់សំគាល់យ៉ាងខ្លាំង ដែលបង្ហាញអំពីអត្ថន័យដ៏ពិតនៃការកើតជាថ្មី (កិច្ចការ ៩:១-២២)។
គំរូនៃជីវិតរបស់អ្នកទាំងពីរ បានផ្តល់ឲ្យនូវក្តីសង្ឃឹម ដល់អ្នកដែលបានគិតថា ខ្លួនមានបាបខ្លាំងពេក មិនអាចទទួលការប្រោសលោះបាន! ព្រះយេស៊ូវបានតាមរកសាវ័កប៉ុល និងអតីតមិត្តរួមការងាររបស់ខ្ញុំ ព្រមទាំងខ្ញុំដែរ។ ហើយទ្រង់នៅតែបន្តស្វែងរក “មនុស្សដែលមិនទាន់ឮដំណឹងល្អ” និងបានធ្វើជាគំរូដ៏ល្អបំផុត សម្រាប់ឲ្យយើងអាចឈោងចាប់អ្នកដទៃផងដែរ។-Randy Kilgore