កាលពីខែសីហា ឆ្នាំ២០១៣ មានមនុស្សមួយហ្វូងធំ បានប្រមូលផ្តុំគ្នា នៅមជ្ឈមណ្ឌលអភិរក្សភីព ក្នុងក្រុងភីតស្បឺក រដ្ឋភេស៊ីលវ៉ានា ដើម្បីទស្សនាផ្ការបស់តំបន់ត្រូពិកម្យ៉ាង ដែលកំពុងរីក។ គេបានហៅផ្កានោះថា ផ្កាសាកសព។ ដោយសារផ្កានោះដុះនៅប្រទេសឥណ្ឌូនេស៊ី ហើយអាចចេញផ្ការៀងរាល់បីបួនឆ្នាំម្តង នោះពេលផ្កាវារីកម្តងៗ គឺពិតជាធ្វើឲ្យគេចង់គយគន់ណាស់។ ពេលផ្កានោះបើកត្របកពណ៌ក្រហម ស្រួចៗធំៗ ដ៏ស្រស់ស្អាត ក្លិនដែលស្អុយដូចសត្វងាប់ ក៏បានភាយចេញពីផ្កានោះមក។ ដោយសារវាមានក្លិនស្អុយគគ្រក់ នោះវាបានទាក់ទាញសត្វរុយ និងសត្វល្អិតដទៃទៀត ដែលកំពុងស្វែងរកសាច់ដែលស្អុយរលួយ។ តែក្នុងផ្កានោះ មិនមានទឹកដមនៅខាងក្នុងទេ គឺមានតែសេចក្តីស្លាប់សម្រាប់សត្វល្អិតទាំងអស់នោះ។
យ៉ាងណាមិញ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា អំពើបាបតែងតែទាក់ទាញយើង ដោយការសន្យាផ្សេងៗ តែចុងបញ្ចប់ គឺគ្មានទទួលបានអ្វីទាំងអស់ ក្រៅពីទុក្ខទោស។ គឺដូចដែលអ័ដាំម និងនាងអេវ៉ាបានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់បំផុតនេះរួចហើយ។ សួនច្បារអេដែន មានភាពស្រស់ត្រកាល តែអ្នកទាំងពីរបានធ្វើឲ្យខូច ដោយធ្វើនូវទង្វើរមួយ ដែលព្រះទ្រង់បានហាមមិនឲ្យធ្វើ។ ពួកគេត្រូវអារក្សល្បួងឲ្យសង្ស័យអំពីសេចក្តីល្អរបស់ព្រះ ធ្វើឲ្យពួកគេមិនអើពើរចំពោះការព្រមានដោយសេចក្តីស្រឡាញ់របស់ព្រះ ហើយមិនយូរប៉ុន្មានពួកគេក៏បានបាត់បង់ភាពសុចរិត។ ភាពទាក់ទាញនៃដើមដឹងខុសត្រូវ បានល្បួងចិត្តពួកគេឲ្យធ្វើបាបខុសនឹងព្រះ គឺមិនខុសពីផ្កាសាកសពឡើយ។ ដោយសារការមិនស្តាប់បង្គាប់នោះ ពួកគេត្រូវបានកាត់ផ្តាច់ចេញពីព្រះ មានការឈឺចាប់ ភាពទទេរ ភាពនឿយហត់ និងសេចក្តីស្លាប់។
អំពើបាបមានលក្ខណៈទាក់ទាញជាច្រើន ហើយយើងប្រហែលជាគិតថា ខ្លួនមានអារម្មណ៍ល្អ នៅក្នុងការប្រព្រឹត្តវា តែវាមិនអាចប្រៀបផ្ទឹមនឹងភាពអស្ចារ្យ សម្រស់ និងក្លិនដ៏ក្រអូប នៃការទុកចិត្ត និងស្តាប់បង្គាប់ព្រះ ដែលបានបង្កើតយើងមក ឲ្យមានចំណែកនៅក្នុងរស់នៅជាមួយទ្រង់ ដោយអំណរ។-Marvin Williams