កាល​ពី​ខែ​សីហា ឆ្នាំ២០១៣ មាន​មនុស្ស​មួយ​ហ្វូង​ធំ បាន​​ប្រមូល​ផ្តុំ​​គ្នា នៅ​មជ្ឈ​មណ្ឌល​អភិរក្ស​ភីព ក្នុង​ក្រុង​ភីតស្បឺក រដ្ឋ​ភេស៊ីលវ៉ានា ដើម្បី​ទស្សនា​ផ្កា​របស់​តំបន់​ត្រូ​ពិកម្យ៉ាង ដែល​កំពុង​រីក។ គេ​បាន​ហៅ​ផ្កា​នោះ​ថា ផ្កា​សាក​សព។  ដោយ​សារ​ផ្កា​នោះ​ដុះ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ហើយ​អាច​ចេញ​ផ្កា​រៀង​រាល់​បីបួន​ឆ្នាំ​ម្តង នោះ​ពេល​ផ្កា​វា​រីក​ម្តង​ៗ គឺ​ពិត​ជា​ធ្វើ​ឲ្យ​គេ​ចង់​គយ​គន់​ណាស់​។ ពេល​ផ្កា​នោះ​បើក​ត្របក​ពណ៌​ក្រហម ស្រួច​ៗ​ធំ​ៗ ដ៏​ស្រស់​ស្អាត ក្លិន​ដែល​ស្អុយ​ដូច​សត្វ​ងាប់ ក៏​បាន​ភាយ​ចេញ​ពី​ផ្កា​នោះ​មក។ ដោយ​សារ​វា​មាន​ក្លិន​ស្អុយ​គគ្រក់ នោះ​វា​បាន​ទាក់​ទាញ​សត្វ​រុយ និង​សត្វ​ល្អិត​ដទៃ​ទៀត ដែល​កំពុង​ស្វែង​រក​សាច់​ដែល​ស្អុយ​រលួយ​។  តែ​ក្នុង​ផ្កា​នោះ  មិន​មាន​ទឹក​ដម​នៅ​ខាង​ក្នុង​ទេ គឺ​មាន​តែ​សេចក្តី​ស្លាប់​សម្រាប់​សត្វ​ល្អិត​ទាំង​អស់​នោះ។

យ៉ាង​ណា​មិញ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា អំពើ​បាប​តែង​តែ​ទាក់​ទាញ​យើង ដោយ​ការ​សន្យា​ផ្សេង​ៗ តែ​ចុង​បញ្ចប់ គឺ​គ្មាន​ទទួល​បាន​អ្វី​ទាំង​អស់ ក្រៅ​ពី​ទុក្ខ​ទោស។ គឺ​ដូច​ដែល​អ័ដាំម និង​នាង​អេវ៉ា​បាន​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​បំផុត​នេះ​រួច​ហើយ។ សួន​ច្បារ​អេដែន មាន​ភាព​ស្រស់​ត្រកាល តែ​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ខូច ដោយ​ធ្វើ​នូវ​ទង្វើរ​មួយ ដែល​ព្រះ​ទ្រង់​បាន​ហាម​មិន​ឲ្យ​ធ្វើ។ ពួក​គេ​ត្រូវ​អារក្ស​ល្បួង​ឲ្យ​សង្ស័យ​អំពី​សេចក្តី​ល្អ​របស់​ព្រះ ធ្វើ​ឲ្យ​ពួក​គេ​មិន​អើពើរ​ចំពោះ​ការ​ព្រមាន​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​មិន​យូរ​ប៉ុន្មាន​ពួក​គេ​ក៏​បាន​បាត់​បង់​ភាព​សុច​រិត។ ភាព​ទាក់​ទាញ​នៃ​ដើម​ដឹង​ខុស​ត្រូវ បាន​ល្បួង​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​បាប​ខុស​នឹង​ព្រះ គឺ​មិន​ខុស​ពី​ផ្កា​សាក​សព​ឡើយ។ ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​នោះ ពួក​គេ​ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ពី​ព្រះ ​មាន​ការ​ឈឺ​ចាប់ ភាព​ទទេរ​ ភាព​នឿយ​ហត់ និង​សេចក្តី​ស្លាប់។

អំពើ​បាប​មាន​លក្ខណៈ​ទាក់​ទាញ​ជា​ច្រើន ហើយ​យើង​ប្រហែល​ជា​គិត​ថា ខ្លួន​មាន​អារម្មណ៍​ល្អ នៅ​ក្នុង​ការ​ប្រព្រឹត្ត​វា តែ​វា​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ភាព​អស្ចារ្យ សម្រស់ និង​ក្លិន​ដ៏​ក្រអូប នៃ​ការ​ទុក​ចិត្ត និង​ស្តាប់​បង្គាប់​ព្រះ ដែល​បាន​បង្កើត​យើង​មក ឲ្យ​មាន​ចំណែក​នៅ​ក្នុង​រស់​នៅ​ជា​មួយ​ទ្រង់ ​ដោយ​អំណរ។-Marvin Williams