អ្នកស្រីម៉ាការេណា វលដេស(Macarena Valdes) មានជំនាញធ្វើផែនទីអណ្តូងរែក្រោមដី ដែលបានជួយដល់ការសង្រ្គោះកម្មករអណ្តូងរ៉ែ៣៣នាក់ ដែលបានជាប់នៅក្នុងអណ្តូងរ៉ែ បន្ទាប់ពីមានបន្ទុះនៅទីនោះ ក្នុងខែតុលា ឆ្នាំ២០១០។ គាត់មានប្រសាសន៍ថា “ការខួងដី ឲ្យចំទីតាំងរបស់កម្មករ ដែលជាប់ក្រោមដី គឺមិនខុសពីការព្យាយាមបាញ់សត្វរុយមួយក្បាល ដែលស្ថិតនៅចម្ងាយ៧០០ម៉ែត្រឡើយ”។ ដោយសារគាត់មានជំនាញផ្នែកអណ្តូងរ៉ែ នោះគាត់អាចបញ្ជាឧបករណ៍ស្ទង់ ឲ្យខួងដីទៅដល់រូងដែលពួកកម្មករកំពុងជាប់នៅក្នុង ហើយជីវិតពួកគេក៏ត្រូវបានជួយសង្រ្គោះ។
នៅក្នុងកិច្ចប្រឹងប្រែងនៅក្នុងការជួយសង្រ្គោះខាងវិញ្ញាណ គេងាយនឹងមានការបាក់ទឹកចិត្ត។ ទោះសាវ័កប៉ុលបានជួបឧបស័គ្គដែលធំជាងនេះក៏ដោយ ក៏គាត់នៅតែមានប្រសាសន៍ថា “ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្តីមេត្តាករុណា ដែលយើងខ្ញុំទទួលមក”(២កូរិនថូស ៤:១)។ ទោះបីជា “ព្រះនៃលោកិយនេះ” បាន “ធ្វើឲ្យគំនិតរបស់អ្នកមិនជឿខ្វាក់ មើលឃើញពន្លឺនៃដំណឹងល្អ”ក៏ដោយ ក៏គាត់នៅតែបន្តប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះ(ខ.៤-៥)។ សាវ័កប៉ុលបានទទួលការបណ្តាលចិត្តពីសេចក្តីស្រឡាញ់របស់ព្រះ ដែលមានបន្ទូលដោយក្តីស្រឡាញ់ និងបង្គាប់ពន្លឺឲ្យចែងចំាំងក្នុងភាពងងឹតរបស់គាត់(ខ.៦) បានជាគាត់ដឹងថា ការអ្វីដែលព្រះបានធ្វើសម្រាប់គាត់ នោះទ្រង់ក៏អាចធ្វើសម្រាប់អ្នកដទៃផងដែរ។
អ្នក និងខ្ញុំអាចមានរឿងដែលស្រដៀងនឹងពួកគេផងដែរ។ ពេលសេចក្តីស្រឡាញ់របស់ព្រះបណ្តាលចិត្តយើង នោះយើងក៏មានហេតុផល ដែលមិនត្រូវបាក់ទឹកចិត្តផងដែរ។ ដែលអ្នកស្រីម៉ាការេណា បានដឹកនាំការជួយសង្រ្គោះដល់កម្មករអណ្តូងរែ ដោយជោគជ័យជាយ៉ាងណា នោះព្រះវិញ្ញាណនៃព្រះអាចនាំពន្លឺនៃសេចក្តីស្រឡាញ់ និងពាក្យសម្តីរបស់យើង ចូលទៅក្នុងចិត្តអ្នកដែលត្រូវការព្រះសង្រ្គោះ ដែលពួកគេមិនទាន់យល់អំពីទ្រង់។-C.P.Hia