ខ្ញុំនិងកូនស្រីពៅរបស់ខ្ញុំ មានល្បែងកម្សាន្តមួយ ដែលយើងហៅថា “ល្បែងតាមក្តិច”។ ពេលនាងឡើងជណ្តើរផ្ទះ ខ្ញុំនឹងដេញនាងពីក្រោយ ហើយព្យាយាមក្តិចនាងតិចៗ។ ក្បួននៃការលេង គឺខ្ញុំអាចក្តិចនាងតិចៗ តែនៅពេលដែលនាងនៅលើជណ្តើរប៉ុណ្ណោះ។ ពេលនាងបានឡើងដល់លើហើយ គឺនាងបានរួចខ្លួនហើយ។ ជួនកាល នាងមិនមានអារម្មណ៍ចង់លេងទេ។ ហើយបើខ្ញុំដេញនាងឡើងជណ្តើរ នាងនឹងនិយាយថា “អត់ឲ្យក្តិចទេ!” ខ្ញុំក៏ឆ្លើយតបថា “អត់ក្តិចទេ ម៉ាក់សន្យា”។
សព្វថ្ងៃនេះ ការសន្យានេះអាចជារឿងតូចតាចទេ។ ប៉ុន្តែ ពេលដែលខ្ញុំធ្វើ នូវអ្វីដែលខ្ញុំបានសន្យា កូនស្រីរបស់ខ្ញុំ ក៏បានចាប់ផ្តើមយល់អំពីចរិយ៉ាសម្បត្តិរបស់ខ្ញុំ។ ពេលនាងបានឃើញខ្ញុំធ្វើ តាមអ្វីដែលខ្ញុំបាននិយាយ នាងដឹងថា ពាក្យសម្តីរបស់ខ្ញុំល្អទេ ហើយនាងអាចទុកចិត្តខ្ញុំ។ ការកាន់តាមពាក្យសន្យាដ៏តូចនេះ ជារឿងតូចតាចទេ។ ប៉ុន្តែ ការសន្យា និងការកាន់តាមពាក្យសន្យា ជាជ័រកាវដែលជួយទំនាក់ទំនងឲ្យកាន់តែរឹងមាំ ហើយក៏បានសង់គ្រឹះនៃសេចក្តីស្រឡាញ់ និងការទុកចិត្ត។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កពេត្រុស ពេលដែលគាត់សរសេរក្នុងសំបុត្ររបស់គាត់ថា ព្រះបន្ទូលសន្យារបស់ព្រះ ជួយឲ្យយើងអាច “មានចំណែកនៅក្នុងនិស្ស័យរបស់ព្រះ”(២ពេត្រុស ១:៤)។ ពេលយើងជឿព្រះ ដោយផ្អែកលើព្រះបន្ទូលទ្រង់ ពោលគឺជឿអ្វីដែលទ្រង់មានបន្ទូលអំពីព្រះអង្គទ្រង់ និងអំពីយើង នោះមានន័យថា យើងកំពុងបើកចិត្តចំហរ សម្រាប់ឲ្យទ្រង់បង្ហាញបំណងព្រះទ័យចំពោះយើង។ ការនេះក៏បានផ្តល់ឱកាស ឲ្យទ្រង់បង្ហាញភាពស្មោះត្រង់ ពេលដែលយើងទុកចិត្តដោយគ្មានសង្ស័យ ចំពោះព្រះបន្ទូលទ្រង់។ ខ្ញុំសូមអរព្រះគុណព្រះអម្ចាស់ ដែលបានប្រទានព្រះបន្ទូលសន្យាជាច្រើន ក្នុងព្រះគម្ពីរ ដែលបានជួយឲ្យយើងនឹកចាំជានិច្ចថា “សេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ គឺតែងតែថ្មីឡើងរាល់តែពេលព្រឹកជានិច្ច”(បរិទេវ ៣:២២-២៣)។-ADAM HOLZ