បាត់បង់ តែបានរកឃើញ
ពេលដែលខ្ញុំ និងភរិយាខ្ញុំដឹងថា ម្តាយក្មេកខ្ញុំ បានបាត់ខ្លួន ពេលដែលគាត់កំពុងដើរផ្សារជាមួយសាច់ញាតិម្នាក់ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ម្តាយក្មេកខ្ញុំមានជម្ងឺបាត់បង់ការចងចាំ និងវង្វេងវង្វាន់ ហើយគាត់អាចធ្វើអ្វីមួយ ដោយគ្មានការពិចារណា។ តើគាត់កំពុងតែដើរវិលវល់នៅកន្លែងនោះ ឬបានឡើងជិះឡានក្រុង ដោយគិតថា គេកំពុងនាំគាត់ទៅផ្ទះ? យើងក៏បានគិតដល់ការអាក្រក់បំផុត ដែលអាចកើតឡើងចំពោះគាត់ ខណៈពេលដែលយើងកំពុងស្វែងរកគាត់ ដោយស្រែករកព្រះ សូមឲ្យទ្រង់ជួយស្វែងរកគាត់។
ប៉ុន្មានម៉ោងក្រោយមក គេក៏បានឃើញម្តាយក្មេកខ្ញុំ កំពុងដើរតាមផ្លូវមួយ នៅចម្ងាយប៉ុន្មានគីឡ៉ូម៉ែត្រពីយើង។ ព្រះទ្រង់បានប្រទានពរ ឲ្យយើងអាចរកគាត់ឃើញ។ ជាច្រើនខែក្រោយមក ទ្រង់ក៏បានប្រទានពរដល់គាត់ នៅអាយុ៨០ឆ្នាំ ដោយគាត់បានងាកបែរមករកព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ។
ព្រះយេស៊ូវបានប្រៀបប្រដូចមនុស្ស ទៅនឹងសត្វចៀមដែលវង្វេង។ គឺដូចដែលទ្រង់បានពិពណ៌នាថា “ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី។ កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ។ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ”(លូកា ១៥:៤-៦)។
អ្នកគង្វាលបានរាប់ចៀមរបស់គាត់ ដើម្បីឲ្យដឹងប្រាកដថា ចៀមនីមួយៗ សុខសប្បាយជាទេ។ យ៉ាងណាមិញ ព្រះយេស៊ូវ ទ្រង់បានប្រដូចអង្គទ្រង់ ទៅនឹងអ្នកគង្វាល បានជាទ្រង់ឲ្យតម្លៃយើងម្នាក់ៗ ទាំងក្មេងចាស់។…
ការបំបាត់ការភ័យខ្លាច
រូបកាយរបស់យើងមានប្រតិកម្ម តាមអារម្មណ៍ភ័យខ្លាចរបស់យើង។ ការបុកពោះ ទន្ទឹមនឹងបេះដូងដែលលោតញាប់ ខណៈពេលដែលយើងដកដង្ហើមដង្ហក់ សុទ្ធតែជាសញ្ញាបង្ហាញថា យើងកំពុងមានការភ័យខ្លាច ឬថប់បារម្មណ៍ហើយ។ លក្ខណៈនៃរូបកាយរបស់យើង បានរារាំងមិនឲ្យយើងព្រងើយកន្តើយ ចំពោះអារម្មណ៍ដ៏ពិបាកនេះ។
ពួកសាវ័កបានជួបការភ័យខ្លាច នៅពេលយប់មួយ បន្ទាប់ពីព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រទានអាហារដល់មនុស្ស៥ពាន់នាក់ កាលពីពេលថ្ងៃ។ ព្រះអម្ចាស់ទ្រង់បានចាត់ពួកគេ ឲ្យទៅក្រុងបេតសៃដា ដើម្បីឲ្យទ្រង់មានពេលអធិស្ឋានម្នាក់ឯង។ ក្នុងអំឡុងពេលយប់នោះ ពួកគេបានអុំទូកបញ្ច្រាស់ខ្យល់ ហើយភ្លាមនោះ ពួកគេក៏បានឃើញទ្រង់ដើរនៅលើទឹក។ ពួកគេស្មានថា ខ្មោចលង បានជាពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង(ម៉ាកុស ៦:៤៩-៥០)។
ប៉ុន្តែ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលធានាដល់ពួកគេ ដោយប្រាប់ពួកគេកុំឲ្យមានការភ័យខ្លាច ហើយឲ្យមានចិត្តក្លាហានឡើង។ ខណៈពេលដែលទ្រង់យាងចូលក្នុងទូក ខ្យល់ក៏បានស្ងប់ ហើយពួកគេក៏បានធ្វើដំណើរទៅដល់ច្រាំង។ ខ្ញុំយល់ថា ពេលនោះ ពួកគេក៏លែងមានអារម្មណ៍ភ័យខ្លាចទៀត ខណៈពេលដែលពួកគេបានឱបក្រសោបយកសន្តិភាព ដែលទ្រង់ប្រទាន។
ពេលដែលយើងមានអារម្មណ៍ថា យើងមានដង្ហើមដង្ហក់ ដោយសារការថប់បារម្មណ៍ ឬការភ័យខ្លាច យើងអាចសម្រាក ដោយទុកចិត្តព្រះចេស្តារបស់ព្រះយេស៊ូវ។ ទ្រង់អាចធ្វើឲ្យរលកនៃការភ័យខ្លាចរបស់យើងស្ងប់ ឬចម្រើនកម្លាំងយើង ឲ្យអាចប្រឈមមុខនឹងការភ័យខ្លាច ហើយជាងនេះទៅទៀត ទ្រង់នឹងប្រទានដល់យើង នូវអំណោយនៃសេចក្តីសុខសាន្ត ឬសន្តិភាពរបស់ទ្រង់ “ដែលហួសលើសពីអស់ទាំងគំនិត”(ភីលីព ៤:៧)។ ហើយពេលដែលទ្រង់រំដោះយើង ឲ្យរួចពីការភ័យខ្លាចរបស់យើង វិញ្ញាណ និងរូបកាយរបស់យើងអាចវិលត្រឡប់ទៅរកការសម្រាកវិញ។—AMY BOUCHER PYE
ការថ្វាយ ដោយគ្មានការភ័យខ្លាច
ពេលដែលហ្សាវៀរ(Xavier) កូនប្រុសរបស់ខ្ញុំ មានអាយុ៦ឆ្នាំ មិត្តភក្តិរបស់ខ្ញុំម្នាក់ បាននាំកូនតូចរបស់នាង ដែលនៅដើរតេសតាស់ មកលេងផ្ទះខ្ញុំ ហើយហ្សាវៀរចង់ឲ្យរបស់លេងខ្លះ ដល់កូនតូចនោះ។ ពេលនោះ ខ្ញុំមានការសប្បាយចិត្ត ពេលឃើញកូនរបស់ខ្ញុំមានចិត្តសប្បុរស ប៉ុន្តែ ខ្ញុំមានការទើសទាល់បន្តិច ពេលដែលវាឲ្យតុក្កតាសត្វដ៏កម្រ ដែលគេញាត់គរ ដែលស្វាមីខ្ញុំបានស្វែងរក នៅតាមហាងទំនិញជាច្រើន តាមទីក្រុងមួយចំនួន។ ពេលដែលមិត្តភក្តិខ្ញុំដឹងថា វាជាតុក្កតា ដែលពិបាករកទិញ គាត់ក៏បានបដិសេធមិនព្រមទទួលយក ដោយសុភាព។ ប៉ុន្តែ ហ្សាវៀរនៅតែដាក់អំណោយមួយនោះ នៅក្នុងដៃរបស់កូនប្រុសគាត់ ហើយនិយាយថា “ប៉ារបស់ខ្ញុំ បានឲ្យខ្ញុំមានតុក្កតាជាច្រើន សម្រាប់ចែករំលែកដល់អ្នកដទៃ”។
ខ្ញុំយល់ថា ហ្សាវៀរបានរៀនចែករំលែកតាមខ្ញុំ ប៉ុន្តែ ជាញឹកញាប់ ខ្ញុំបានខកខានមិនបានចែករំលែកធនធានខ្ញុំ ថ្វាយដល់ព្រះ និងអ្នកដទៃ។ ប៉ុន្តែ ខ្ញុំមានភាពងាយស្រួលជាង នៅក្នុងការចែករំលែក ពេលដែលខ្ញុំនឹកចាំថា អ្វីៗទាំងអស់ ដែលខ្ញុំមាន និងត្រូវការ គឺជាការប្រទានរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។
នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានបង្គាប់ពួកអ៊ីស្រាអែល ឲ្យទុកចិត្តទ្រង់ ដោយថ្វាយទ្រព្យសម្បត្តិមួយផ្នែក ពីចំណោមធនធានទាំងអស់ដែលព្រះទ្រង់ប្រទាន គឺចែករំលែកដល់ពួកលេវី ដែលជាសង្ឃរបស់ព្រះ ធ្វើឲ្យពួកគេមានលទ្ធភាពជួយអ្នកដែលមានការខ្វះខាតផងដែរ។ ពេលពួកបណ្តាជនបដិសេធមិនព្រមអនុវត្តតាម ហោរាម៉ាឡាគីក៏បានមានប្រសាសន៍ថា ពួកគេកំពុងតែកោងយករបស់ព្រះអម្ចាស់(ម៉ាឡាគី ៣:៨-៩)។ ប៉ុន្តែ…
គ្រឹះដ៏រឹងមាំរបស់យើង
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រជាជននៅក្នុងទីក្រុងរបស់ខ្ញុំ បានសាងសង់ផ្ទះ នៅក្នុងតំបន់ ដែលងាយនឹងមានគ្រោះថ្នាក់បាក់ដី។ អ្នកខ្លះបានដឹងអំពីគ្រោះថ្នាក់ ដែលអាចកើតឡើង ពីដីដែលមិនរឹងមាំ ខណៈពេលដែលអ្នកដទៃទៀត មិនបានដឹងអំពីរឿងនេះ។ “អ្នកសិក្សាអំពីសណ្ឋានដីបានធ្វើការដាត់តឿនប្រជាជនអស់រយៈពេល៤០ឆ្នាំមកហើយ ហើយបទបញ្ជារបស់សាលាក្រុងក៏ត្រូវបានគេបង្កើតឡើង ដើម្បីធានាការសាងសង់ឲ្យមានសុវត្ថិភាព” ប៉ុន្តែ គេមិនបានពន្យល់ប្រជាជនអំពីរឿងនេះ ហើយក៏មានអ្នកដែលមិនអើពើរនឹងរឿងនេះតែម្តង(ដកស្រង់ពីកាសែត The Gazette, Colorado Springs, ចេញថ្ងៃទី២៧ មេសា ឆ្នាំ ២០១៦)។ ដោយសារគេសង់ផ្ទះទាំងនោះ នៅលើភ្នំ នោះគេអាចទស្សនាទេសភាពដ៏ស្រស់ស្អាត ពីផ្ទះទាំងនោះ ប៉ុន្តែ ដីដែលពួកគេបានសង់ផ្ទះពីលើនោះ អាចបាក់ស្រុតនៅពេលណាមួយ ដោយមិនឲ្យដំណឹងជាមុន។
មានមនុស្សជាច្រើន នៅនគរអ៊ីស្រាអែល សម័យបុរាណបានព្រងើយកន្តើយ ចំពោះការដាស់តឿនរបស់ព្រះអម្ចាស់ ឲ្យងាកចេញពីការថ្វាយបង្គំរូបព្រះ ហើយឲ្យស្វែងរកទ្រង់ ដែលជាព្រះដ៏ពិត និងដ៏រស់។ ព្រះគម្ពីរសញ្ញាចាស់បានកត់ត្រាអំពីសោកនាដកម្ម ដែលជាលទ្ធផលនៃការមិនស្តាប់បង្គាប់នោះ។ ប៉ុន្តែ ទោះជាលោកិយកំពុងរង្គោះរង្គើរនៅជុំវិញពួកគេក៏ដោយ ក៏ព្រះអម្ចាស់ នៅតែបន្តឈោងទៅរករាស្រ្តទ្រង់ ដោយព្រះបន្ទូល អំពីការអត់ទោសបាប និងក្តីសង្ឃឹម បើសិនជាពួកគេងាកបែរមករកទ្រង់ ហើយដើរតាមផ្លូវទ្រង់។
ហោរាអេសាយបានថ្លែងថា “នឹងមានសេចក្តីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្តីសង្គ្រោះប្រាជ្ញា និងដំរិះជាបរិបូរដែរ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង”(អេសាយ ៣៣:៦)។
សព្វថ្ងៃនេះ មិនខុសពីគ្រាសញ្ញាចាស់ឡើយ…
ដុះត្រូវកន្លែង
មានពេលមួយ ឪពុករបស់ខ្ញុំបានហុចចបកាប់មួយឲ្យខ្ញុំ ហើយប្រាប់ខ្ញុំថា “ដើមឥតប្រយោជន៍ ជារុក្ខជាតិដែលដុះ នៅកន្លែងដែលកូនមិនចង់ឲ្យវាដុះ”។ ខ្ញុំចង់ឲ្យដើមពោតបន្តលូតលាស់ នៅកន្លែង ដែលវាបាន “ស្ម័គ្រចិត្ត” ដុះ ក្នុងចំណោមដើមសណ្តែក។ ប៉ុន្តែ ឪពុកខ្ញុំបានចម្រើនវ័យធំឡើយ ក្នុងកសិដ្ឋានមួយ បានជាគាត់មានចំណេះដឹងផ្នែកដាំដុះច្រើន។ គាត់បានប្រាប់ខ្ញុំឲ្យដកដើមពោតនោះចោល។ ពោតមួយដើមនោះ គ្មានប្រយោជន៍អ្វី ក្រៅពីដណ្តើមជីវជាតិ ពីដើមសណ្តែកនោះឡើយ។
មនុស្សមិនមែនជារុក្ខជាតិទេ ហើយមានគំនិតផ្ទាល់ខ្លួន ហើយមានសេរីភាពនៅក្នុងការជ្រើសរើស ដែលព្រះបានប្រទាន។ ប៉ុន្តែ ជួនកាល យើងព្យាយាមរីកដូចផ្កា នៅកន្លែងដែលព្រះមិនបានសព្វព្រះទ័យឲ្យយើងរីក។
ព្រះអង្គម្ចាស់យ៉ូណាថាន ជាបុត្រារបស់ស្តេច និងជាអ្នកប្រយុទ្ធដ៏អង់អាច។ ទ្រង់ក៏អាចព្យាយាមរីកដូចផ្កា នៅកន្លែងដែលព្រះមិនសព្វព្រះទ័យ។ ទ្រង់មានហេតុផលគ្រប់គ្រាន់ ដើម្បីរំពឹងថា ខ្លួននឹងបានក្លាយជាស្តេច។ ប៉ុន្តែ ទ្រង់បានឃើញព្រះអម្ចាស់ ប្រទានពរដល់ដាវីឌ ហើយក៏បានដឹងអំពីការច្រណែន និងក្តីអំណួតរបស់បីតាទ្រង់(១សាំយ៉ូអែល ១៨:១២-១៥)។ ដូចនេះ យ៉ូណាថានមិនបានព្យាយាមដណ្តើមរាជបល្ល័ង្ក ដែលមិនអាចក្លាយជារបស់ទ្រង់នោះឡើយ ផ្ទុយទៅវិញ ទ្រង់បានក្លាយជាមិត្តជិតស្និទ្ធបំផុតរបស់ដាវីឌ ហើយថែមទាំងបានសង្រ្គោះជីវិតគាត់ទៀត(១៩:១-៦ ២០:១-៤)។
អ្នកខ្លះអាចគិតថា យ៉ូណាថានបានលះបង់ច្រើនពេកហើយ។ ប៉ុន្តែ បើសិនយើងជាទ្រង់វិញ តើយើងចង់ឲ្យគេនឹកចាំដូចម្តេចខ្លះ អំពីយើង? តើយើងចង់ឲ្យគេនឹកចាំ ដូចស្តេចសូល ដែលព្យាយាមការពារអំណាចរបស់ខ្លួន ហើយក៏បានបាត់បង់រាជបល្ល័ង្កនោះឬ?…
សេចក្តីមេត្តា នៅក្នុងការកាត់ទោស
ពេលកូនៗរបស់ខ្ញុំឈ្លោះប្រកែកគ្នា ហើយមករកខ្ញុំ ដោយការចោទប្រកាន់គ្នាទៅវិញទៅមក ខ្ញុំក៏បាននាំពួកគេម្នាក់ៗ ដាច់ដោយឡែកពីគ្នា ដើម្បីស្តាប់ពួកគេនិយាយអំពីបញ្ហារបស់ពួកគេ។ ដោយសារទាំងពីរអ្នកខុសដូចគ្នា ពេលយើងជជែកគ្នាចប់ ខ្ញុំក៏បានសួរពួកគេម្នាក់ៗថា តើពួកគេចង់ឲ្យខ្ញុំធ្វើដូចម្តេច ឲ្យសមនឹងទង្វើរបស់បងប្អូនរបស់ពួកគេ? អ្នកទាំងពីរសុទ្ធតែសុំឲ្យខ្ញុំដាក់ទោសបងប្អូនខ្លួន ឲ្យបានឆាប់។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលខ្ញុំឲ្យពួកគេម្នាក់ៗ ទទួលទោស ដែលពួកគេចង់ឲ្យបងប្អូនខ្លួនទទួល។ ភ្លាមៗនោះ ក្មេងទាំងពីរក៏បានរអ៊ូថា “វាមិនយុត្តធម៌ទេ” ដែលឲ្យពួកគេទទួលទោស ដែលពួកគេគិតថា បងប្អូនសមនឹងទទួលនោះ។
ក្មេងទាំងពីរបានបង្ហាញ អំពីប្រភេទ នៃ“ការកាត់ទោស ដោយគ្មានក្តីមេត្តា” ដែលព្រះទ្រង់បានដាស់តឿន មិនឲ្យប្រព្រឹត្ត(យ៉ាកុប ២:១៣)។ សាវ័កយ៉ាកុបបានរំឭកយើងថា យើងមិនត្រូវមានការលំអៀងទៅរកអ្នកមាន ឬទៅរកខ្លួនឯងឡើយ ព្រោះព្រះសព្វព្រះទ័យ ឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ឲ្យដូចស្រឡាញ់ខ្លួនឯង(ខ.៨)។ យើងមិនត្រូវប្រើអ្នកដទៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើព្រងើយ ចំពោះអ្នកដែលមិនមានប្រយោជន៍ចំពោះយើងនោះឡើយ ផ្ទុយទៅវិញ សាវ័កយ៉ាកុបបានបង្រៀនយើង ឲ្យប្រព្រឹត្ត ឲ្យសមជាមនុស្សដែលបានទទួលសេចក្តីមេត្តា និងការអត់ទោសពីព្រះ ហើយចែករំលែកសេចក្តីមេត្តានោះ ដល់អ្នកដទៃ។
ព្រះទ្រង់បានប្រទានសេចក្តីមេត្តារបស់ទ្រង់ ដោយព្រះទ័យសប្បុរស។ ពេលយើងដោះស្រាយបញ្ហា ដែលយើងមានជាមួយអ្នកដទៃ ចូរយើងនឹកចាំ អំពីសេចក្តីមេត្តា ដែលទ្រង់បានបង្ហាញដល់យើង ហើយចែករំលែកសេចក្តីមេត្តានោះដល់អ្នកដទៃផង។—KIRSTEN HOLMBERG
សូមដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព!
“អ្នកបើកបរយន្តហោះ ក៏បានបើកភ្លើងសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបង្ហាញឲ្យយើងដឹងថា យើងកំពុងតែចូលក្នុងកន្លែងរលាក់ហើយ។ សូមវិលត្រឡប់ ទៅកាន់កន្លែងអង្គុយរបស់អ្នកជាបន្ទាន់ ហើយដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នក ឲ្យជាប់”។ អ្នកបម្រើយន្តហោះបានផ្តល់ឲ្យ នូវការដាស់តឿនដូចនេះ នៅពេលដែលចាំបាច់ ព្រោះពេលយន្តហោះបើកចូលដល់កន្លែងមានខ្យល់រលាក់ អ្នកដំណើរដែលមិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព អាចមានគ្រោះថ្នាក់។ ពេលដែលពួកគេនៅអង្គុយនៅកៅអីរបស់ខ្លួន ដោយដាក់ខ្សែក្រវ៉ាត់ជាប់ ពួកគេអាចធ្វើដំណើរចេញពីកន្លែងរលាក់ ដោយសុវត្ថិភាព។
នៅក្នុងការរស់នៅ យើងមិនតែងតែទទួលបាននូវការដាស់តឿន អំពីរឿងមិនល្អ ដែលកំពុងមករកយើងឡើយ។ ប៉ុន្តែ ព្រះវរបិតានៃយើង ដែលមានក្តីស្រឡាញ់ ទ្រង់ជ្រាប ហើយក៏យកព្រះទ័យទុកដាក់ ចំពោះទុក្ខលំបាករបស់យើង ហើយទ្រង់ក៏បានអញ្ជើញយើង ឲ្យថ្វាយការខ្វល់ខ្វាយ ការឈឺចាប់ និងការភ័យខ្លាចដល់ទ្រង់។ ព្រះគម្ពីរបានប្រាប់យើងថា “ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើរ ៤:១៥-១៦)។
នៅក្នុងពេលដែលមានភាពរំជើបរំជួល ការទៅរកព្រះវរបិតា ដោយការអធិស្ឋាន ជាការប្រសើរបំផុត ដែលយើងអាចធ្វើ។ ឃ្លាដែលថា “ព្រះគុណសម្រាប់នឹងជួយ” គឺមានន័យថា ក្នុងព្រះវត្តមានទ្រង់ យើងអាចអង្គុយ ដោយសុវត្ថិភាព និងស្ងប់ចិត្ត ក្នុងពេលដែលមានការគំរាមកំហែង ព្រោះយើងថ្វាយការខ្វល់ខ្វាយរបស់យើង…
ការខ្លាចសត្វពីងពាង
បើនិយាយពីសត្វពីងពាង ខ្ញុំមិនដឹងថា មានក្មេងណា ដែលចូលចិត្តពួកវាឡើយ។ យ៉ាងហោចណាស់ ពួកគេមិនចង់ឲ្យបន្ទប់ ឬការចូលដំណេករបស់ពួកគេ មានសត្វពីងពាងនោះទេ។ ប៉ុន្តែ ពេលដែលកូនស្រីខ្ញុំកំពុងត្រៀមខ្លួនចូលគេង នាងក៏បានឃើញសត្វពីងពាងមួយក្បាល នៅជិតគ្រែគេងរបស់នាងពេក។ នាងក៏ស្រែកឡើងថា “ប៉ា!!! ពីងពាង!!!”។ ទោះខ្ញុំព្យាយាមរកមើលសត្វពីងពាងនោះ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចរកឃើញសត្វជើង៨នោះ។ ខ្ញុំក៏បាននិយាយធានាថា “វានឹងមិនធ្វើអីកូនទេ”។ នាងមិនជឿខ្ញុំឡើយ។ គឺទាល់តែខ្ញុំប្រាប់នាងថា ខ្ញុំនឹងនៅក្បាលដំណេករបស់នាង ហើយការពារនាង ទើបនាងព្រមចូលគេង។
ពេលកូនស្រីខ្ញុំចូលគេង ខ្ញុំក៏បានកាន់ដៃនាង។ ខ្ញុំប្រាប់នាងថា “ប៉ាស្រឡាញ់កូនណាស់។ ប៉ានៅក្បែរកូនទេ។ តែកូនដឹងទេថា ព្រះស្រឡាញ់កូន ខ្លាំងជាងប៉ា និងម៉ាក់ស្រឡាញ់កូនទៅទៀត។ ហើយព្រះអង្គគង់នៅក្បែរកូនជានិច្ច។ កូនអាចអធិស្ឋានទៅកាន់ទ្រង់ ពេលណាកូនមានការភ័យខ្លាច”។ ការនេះហាក់ដូចជាកម្សាន្តចិត្តនាង ហើយនាងក៏ឆាប់គេងលក់។
ព្រះគម្ពីរបានធ្វើការធានាម្តងហើយម្តងទៀតថា ព្រះទ្រង់តែងតែគង់នៅក្បែរយើងជានិច្ច(ទំនុកដំកើង ១៤៥:១៨ រ៉ូម ៨:៣៨-៣៩ យ៉ាកុប ៤:៧-៨) ប៉ុន្តែ ជួនកាល យើងពិបាកនឹងជឿថា ទ្រង់គង់នៅក្បែរយើង។ ប្រហែលមកពីហេតុនេះហើយ បានជាសាវ័កប៉ុលបានអធិស្ឋានឲ្យគ្រីស្ទបរិស័ទ នៅក្រុងអេភេសូរ ឲ្យមានកម្លាំង និងព្រះចេស្តា ដើម្បីឲ្យអាចយល់សេចក្តីពិត(អេភេសូរ ៣:១៦)។ គាត់ដឹងថា ពេលយើងមានការភ័យខ្លាច យើងអាចភ្លេចថា…
គ្រូពេទ្យដ៏អស្ចារ្យ
ពេលលោកវេជ្ជបណ្ឌិត រីស៊ី មែនឆានដា(Rishi Manchanda) សួរអ្នកជម្ងឺរបស់គាត់ថា “តើអ្នកមានទីលំនៅ នៅកន្លែងណា?” គឺគាត់មិនគ្រាន់តែចង់ដឹង អំពីអាស័យដ្ឋានរបស់ពួកគេប៉ុណ្ណោះទេ។ គាត់បានសង្កេតឃើញថា អ្នកដែលមកឲ្យគាត់ជួយ ច្រើនតែរស់នៅ ក្នុងស្ថានភាពដែលមានបរិយ៉ាកាសមិនល្អ។ ពួកគេកំពុងរស់នៅ ក្នុងកន្លែង ដែលមានរបស់ដែលដុះផ្សិត សត្វល្អិតចង្រៃ និងជាតិពល់កំពុងធ្វើឲ្យពួកគេឈឺ។ ដូចនេះ វេជ្ជបណ្ឌិត មែនឆានដាក៏បានក្លាយជាអ្នកបង្កើតសមាគមន៍គ្រូពេទ្យបញ្ច្រាសខ្សែទឹក ដែលមានការចូលរួម ពីគ្រូពេទ្យ ដែលផ្តល់ឲ្យនូវការព្យាបាលសុខភាពបន្ទាន់ ហើយទន្ទឹមនឹងនោះ ពួកគេកំពុងធ្វើការជាមួយអ្នកជម្ងឺ និងសហគមន៍ ដើម្បីនាំទៅរកប្រភពនៃសុខភាពល្អ។
ពេលដែលព្រះយេស៊ូវប្រោសជម្ងឺ ដល់អ្នកដែលមករកទ្រង់(ម៉ាថាយ ៤:២៣-២៤) ទ្រង់បានបើកភ្នែកពួកគេ ឲ្យមើលឃើញ លើសពីការព្យាបាលផ្នែករូបកាយ និងតម្រូវការផ្នែកសម្ភារៈ។ នៅក្នុងការអធិប្បាយព្រះបន្ទូលនៅលើភ្នំ ទ្រង់ មិនគ្រាន់តែប្រទាននូវការអស្ចារ្យ នៃការប្រោសជម្ងឺប៉ុណ្ណោះឡើយ(៥:១-១២)។ ព្រះយេស៊ូវបានធ្វើការពិពណ៌នា៧ដង អំពីសណ្ឋាននៃចិត្ត និងគំនិត ដែលឆ្លុះបញ្ចាំងអំពីសុខមាលភាព ដែលនឹងនាំឲ្យទទួលនូវលទ្ធផល ដែលទ្រង់សន្យា(ខ.៣-៩)។ មានពេលលើសពី២ដង ដែលទ្រង់បានមានបន្ទូលថា មានពរហើយ អ្នកដែលគេបៀតបៀន ហើយពួកគេអាចរកឃើញក្តីសង្ឃឹម និងការសម្រាកក្នុងទ្រង់(ខ.១០-១២)។
ព្រះបន្ទូលព្រះយេស៊ូវត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំឆ្ងល់។ តើខ្ញុំកំពុងមានសណ្ឋាននៃចិត្តបែបណា? តើខ្ញុំដឹងទេថា សុខុមាលភាពខាងវិញ្ញាណរបស់ខ្ញុំ សំខាន់ជាងតម្រូវការខាងសាច់ឈាម និងសម្ភារៈ ដែលមានភាពបន្ទាន់? ពេលខ្ញុំស្រេកឃ្លានចង់បានការអស្ចារ្យ…
មិនគ្រប់គ្រាន់ទេឬ?
ពេលក្រុមគ្រួសារខ្ញុំ កំពុងធ្វើដំណើរតាមផ្លូវ ត្រឡប់ពីព្រះវិហារ មកផ្ទះវិញ កូនស្រីរបស់ខ្ញុំ បានអង្គុយនៅលើកៅអីខាងក្រោយ ញាំនំស្រួយរូបត្រីមាស យ៉ាងសប្បាយរីករាយ ខណៈពេលដែលបងប្អូនរបស់នាងសុំឲ្យនាងចែករំលែកនំនោះខ្លះ។ ខ្ញុំក៏បានព្យាយាមនិយាយបង្វៀងការសន្ទនារបស់ពួកគេ ដោយសួរនាងថា “នៅថ្ងៃនេះ តើកូនរៀនបានអ្វីខ្លះ នៅក្នុងសាលារៀនថ្ងៃអាទិត្យ?” នាងក៏បាននិយាយថា ព្រះយេស៊ូវបានធ្វើឲ្យមាននំប៉័ង និងត្រីមួយកន្ត្រក ព្រោះមានក្មេងម្នាក់បានថ្វាយនំប៉័ង៥ដុំ និងត្រីពីកន្ទុយ ដល់ព្រះយេស៊ូវ ហើយទ្រង់ក៏បានប្រើនំប៉័ង និងត្រីនោះ ជាអាហារសម្រាប់ចម្អែតមនុស្សជាង៥ពាន់នាក់(យ៉ូហាន ៦:១-១៣)។
ខ្ញុំក៏បានប្រាប់នាងថា “ក្មេងតូចនោះពិតជាចិត្តល្អមែន។ តើកូនគិតថា ព្រះប្រហែលជាកំពុងតែប្រាប់កូនឲ្យចែករំលែកនំត្រីរបស់កូនដែរទេ?” នាងក៏បានឆ្លើយតបថា “អត់ទេ ម៉ាក់”។
ខ្ញុំបានព្យាយាមលើកទឹកចិត្តនាង កុំឲ្យញាំនំស្រួយនោះ តែម្នាក់ឯងឡើយ។ តែនាងនៅតែមិនព្រម។ នាងថា “នាងមិនមាននំគ្រប់គ្រាន់ សម្រាប់យើងទាំងអស់គ្នាញាំទេ”។
ការចែករំលែកអាចមានការពិបាក។ ការរក្សាទុករបស់អ្វី ដែលនៅពីមុខយើង មានភាពងាយស្រួលជាង។ យើងប្រហែលជាធ្វើការគន់គូរ ហើយលើកហេតុផលថា យើងមិនមានគ្រប់គ្រាន់ សម្រាប់គេគ្រប់គ្នាឡើយ។ ហើយយើងក៏បានសន្និដ្ឋានថា បើខ្ញុំចែកឲ្យគេ នោះខ្ញុំនឹងមានការខ្វះខាតមិនខាន។
យ៉ាងណាមិញ សាវ័កប៉ុល បានរំឭកយើងថា អ្វីៗទាំងអស់ ដែលយើងមាន គឺបានមកពីព្រះ ដែលសព្វព្រះទ័យនឹងប្រទានពរឲ្យយើងចម្រើនឡើង “គ្រប់ជំពូក ដើម្បីឲ្យយើងមានចិត្តសប្បុរស”(២កូរិនថូស ៩:១០-១១)។ ការគិតលេខរបស់នគរស្ថានសួគ៌…