មិត្តភក្តិរបស់ខ្ញុំនៅតាមបណ្តាញសង្គមហ្វេសប៊ុក ច្រើនតែបង្ហោះវីដេអូ ដែលនិយាយអំពីមិត្តភាពដែលខុសពីធម្មតា រវាងសត្វប្រភេទខុសគ្នា។ គឺដូចជានៅក្នុងវីដេអូដែលខ្ញុំបានមើលនៅពេលថ្មីៗនេះ ខ្ញុំបានឃើញទំនាក់ទំនងដែលមិនអាចបំបែកបាន រវាងកូនឆ្កែ និងសត្វជ្រូក និងរវាងសត្វក្តាន់ និងសត្វឆ្មា ហើយជាងនេះទៅទៀត ខ្ញុំបានឃើញសត្វស្វាអូរង់អ៊ូតង់ចិញ្ចឹមកូនខ្លាបីបួនក្បាលដូចកូនវាបង្កើត។
ពេលដែលខ្ញុំគិតអំពីមិត្តភាពដែលខុសពីធម្មតា ដែលធ្វើឲ្យយើងមានអារម្មណ៍រីករាយ ខ្ញុំក៏បាននឹកចាំ អំពីការពិពណ៌នា អំពីសួនច្បាអេដែន។ ក្នុងការពិពណ៌នានោះ អ័ដាំម និងនាងអេវ៉ា បានរស់នៅ ដោយភាពសុខដម ជាមួយព្រះ និងជាមួយគ្នា។ ហើយដោយសារព្រះទ្រង់ប្រទានរុក្ខជាតិ ជាអាហារដល់ពួកគេ ខ្ញុំក៏បានស្រមៃថា សូម្បីតែសត្វក៏បានរស់នៅដោយសុខសាន្តជាមួយគ្នាផងដែរ(លោកុប្បត្តិ ១:៣០)។ ប៉ុន្តែ ទិដ្ឋភាពដ៏ស្រស់ស្អាតនេះ ត្រូវបានបំផ្លាញ នៅពេលដែលអ័ដាំម និងនាងអេវ៉ាបានធ្វើអំពើបាប(៣:២១-២៣)។ សព្វថ្ងៃនេះ យើងមើលឃើញទុក្ខលំបាក និងការប៉ះទង្គិចគ្នាមិនចេះឈប់ នៅក្នុងទំនាក់ទំនងរបស់មនុស្ស និងស្នាព្រះហស្តដទៃទៀតរបស់ព្រះ។
ប៉ុន្តែ ហោរាអេសាយ បានធានាដល់យើងថា ថ្ងៃណាមួយ “ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោ និងសិង្ហស្ទាវ”(១១:៦)។ មនុស្សជាច្រើនបានកាត់ស្រាយបទគម្ពីរនេះថា ពេលអនាគតនោះ នឹងមកដល់ពេលដែលព្រះយេស៊ូវយាងមកវិញម្តងទៀត ដើម្បីគ្រងរាជ។ ពេលទ្រង់យាងមកវិញ ការបែកបាក់នឹងលែងមានទៀត ហើយ “គ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”(វិវរណៈ ២១:៤)។ នៅក្នុងផែនដីថ្មីនោះ ស្នាព្រះហស្តរបស់ព្រះ នឹងត្រូវបានស្អាងឡើង ឲ្យមានភាពសុខដុមដូចពីដើម ហើយមនុស្សមកពីគ្រប់ពូជអំបូរ ជាតិសាសន៍ និងភាសា នឹងរួមគ្នាថ្វាយបង្គំព្រះ(៧:៩-១០ ២២:១-៥)។
មុនពេលនោះមកដល់ ព្រះទ្រង់អាចជួយយើង ឲ្យស្អាងទំនាក់ទំនងបែកបាក់ឡើងវិញ ហើយបង្កើតមិត្តភាពថ្មីៗ និងខុសពីធម្មតា។-ALYSON KIEDA