មានក្មេងស្រីតូចម្នាក់បានធ្វើកាយវិការ ដោយអំណរ តាមរបៀបដែលគួរឲ្យចាប់អារម្មណ៍ តាមតន្រ្តីសរសើរដំកើងព្រះ។ ពេលនោះ មានតែនាងម្នាក់គត់ ដែលកំពុងដើរនៅក្នុងផ្លូវ នៅចន្លោះកន្លែងអង្គុយ ក្នុងព្រះវិហារ ប៉ុន្តែ នាងមិនព្រមឈប់បង្វិលខ្លួន និងគ្រវីដៃ ហើយលើកជើងតាមចង្វាក់ភ្លេង។ ម្តាយរបស់នាងក៏បានញញឹម ដោយមិនបានឃាត់នាងឡើយ។
ខ្ញុំមានចិត្តរីករាយ ពេលបានឃើញក្មេងស្រីដ៏គួរឲ្យស្រឡាញ់នេះ ហើយក៏ចង់ចូលរួមជាមួយនាងផងដែរ ប៉ុន្តែ មិនអាចធ្វើទៅរួច។ អស់កាលជាយូរមកហើយ ដែលខ្ញុំបានឈប់បង្ហាញចេញ នូវក្តីអំណរ និងការចង់ដឹងចង់យល់ ដោយមិនមានការខ្មាស់អៀន ក្នុងវ័យកុមារ។ ថ្វីដ្បិតតែយើងត្រូវតែលូតលាស់ ហើយមានភាពពេញវ័យ ហើយលះចោលអាកប្បកិរិយាបែបកូនក្មេងក្តី ប៉ុន្តែ វាមិនមានន័យថា យើងត្រូវបាត់បង់ក្តីអំណរ ការចង់ដឹងចង់យល់ឡើយ ជាពិសេស នៅក្នុងទំនាក់ទំនងជាមួយព្រះ។
កាលព្រះយេស៊ូវកំពុងបំពេញបេសកកម្មរបស់ទ្រង់ នៅលើផែនដីនេះ ទ្រង់បានស្វាគមន៍ក្មេងតូចៗ ឲ្យចូលមករកទ្រង់ ហើយច្រើនតែមានបន្ទូលជាញឹកញាប់ អំពីក្មេងៗ នៅក្នុងការបង្រៀនរបស់ទ្រង់(ម៉ាថាយ ១១:២៥ ១៨:៣ ២១:១៦)។ មានពេលមួយនោះ ទ្រង់បានស្តីបន្ទោសពួកសិស្សរបស់ទ្រង់ ពេលដែលពួកគេព្យាយាមរារាំងឪពុកម្តាយទាំងឡាយ មិនឲ្យនាំក្មេងៗចូលមករកទ្រង់ ដើម្បីទទួលព្រះពរ។ គឺដូចដែលទ្រង់មានបន្ទូលថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ”(ម៉ាកុស ១០:១៤)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងមានបន្ទូល សំដៅទៅលើការមានចរិយាសម្បត្តិដូចក្មេងៗ ដែលងាយនឹងទទួលព្រះគ្រីស្ទ ដោយអំណរ និងការចង់ដឹងចង់ស្គាល់ ប៉ុន្តែ ក៏មានភាពសាមញ្ញ ការពឹងផ្អែក និងការទុកចិត្តលើទ្រង់ ព្រមទាំងការបន្ទាបខ្លួនផងដែរ។
ការមានចិត្តចង់ដឹងចង់ស្គាល់ និងមានអំណរដូចកូនក្មេង(និងច្រើនជាងនេះ) ធ្វើឲ្យយើងបើកចំហរចិត្ត ឲ្យកាន់តែងាយទទួលទ្រង់។ ទ្រង់កំពុងរង់ចាំយើងរត់ចូល មកក្នុងរង្វង់ព្រះហស្តទ្រង់។—ALYSON KIEDA